ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ប្រាកដជាស្គាល់ហើយ អតីតបេក្ខនារីក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ រ៉េត ស៊ូហ្សាណា ដែលនាងមិនត្រឹមតែមានសម្រស់ស្អាតវ័យក្មេង មានចំណេះដឹងនោះទេ ប៉ុន្តែនាងថែមទាំងបកស្រាយចម្រៀងជាបរទេស បានយ៉ាងល្អថែមទៀតផង។

គួររំលឹកថា នៅថ្ងៃទី១៣ ខែមីនា កាលពីឆ្នាំមុន ជាថ្ងៃដែល តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស រ៉េត ស៊ូហ្សាណា បានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ជាលើកដំបូង នៅក្នុងកម្មវិធីប្រលងចម្រៀងមួយនេះ ដោយកាលនោះនាង បានបកស្រាយនៅបទចម្រៀងបរទេសចំណងជើងថា «Power Of Love»។

ដោយសម្រែករបស់នាងបានឆក់យកបេះដូង ទស្សនិកជនរាប់មឺុននាក់ទូទាំងប្រទេស ចាប់ពីពេលនោះមក នាងក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បី និងលេចធ្លោជាងគេ ក្នុងចំណោមបេក្ខជនដែលប្រលងទាំងអស់។ លើសពីនេះ ត្រឹមតែរយៈពេលមួយយប់តែប៉ុណ្ណោះ ហ្វេសប៊ុករបស់នាង មានមហាជនចុច Like រហូតដល់រាប់មឺុននាក់ឯណោះ។

ប៉ុន្តែគួរឲ្យសោកស្តាយ គឺនាងមិនអាចឈរដល់វគ្គផ្តាច់ព្រ័ត្រនោះទេ ដោយនាងត្រូវបានចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ប៉ុន្តែទោះជាយ៉ាងណា ក្តីស្រមៃនៅមិនទាន់បញ្ចប់នៅឡើយនោះទេ រ៉េត ស៊ូហ្សាណា បានចុះកិច្ចកុងត្រាជាមួយនឹង ផលិតកម្ម រស្មីហង្សមាស ដោយសារតែ ប្រជាប្រិយភាពនៃគាំទ្រខ្លាំង តារាចម្រៀងស្រីរូបនេះ ត្រូវបានខាងផលិតកម្ម ចេញបទចម្រៀងឲ្យជាបន្តបន្ទាប់ ដោយបទចម្រៀងដំបូងរបស់នាង មានចំណងជើងថា«ឈប់» ដែលរួមសម្តែងជាមួយនឹងលោក STEP បទចម្រៀងបន្ទាប់មានដូចជាបទ«Baby I Promise You»និង «Christmas Is Back» ជាដើម។

លើសពីនេះ នាងតែងតែឡើងConcert ជាញឹកញាប់ ដោយពេលខ្លះនាងក៏បានចាប់ដៃគូឡើងច្រៀងជាមួយនឹង កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង លោក STEP ក៏ដូចជាតារារៀមច្បងជាច្រើនផងដែរ។ ក្រៅពីនេះ រ៉េត ស៊ូហ្សាណាក៏បានថតស្ពតពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុនធំជាច្រើនថែមទៀតផង។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ រ៉េត ស៊ូហ្សាណា បានក្លាយទៅជាបេក្ខនារីកម្ពុជាដំបូងគេបង្អស់ ដែលបានជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងវគ្គ «Blind Auditions» របស់កម្មវិធី The Voice ពិភពលោក ប្រចាំឆ្នាំ២០១៦ថែមទៀតផង។

បើយោងតាមដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្មីៗនេះ គឺស៊ូហ្សាណា នឹងចាប់គូជាមួយនឹង អតីតគ្រូបង្វឹកសំណព្វចិត្ត នោះគឺកញ្ញា ឱក សុគន្ធកញ្ញា ដើម្បីត្រៀមចេញបទថ្មីសម្រាប់ចូលឆ្នាំនៅពេលខាងមុខនេះ ដោយអ្នកទាំង២បានដើរតួជាម្តាយ កូនគ្នាថែមទៀតផង។ ដូចនេះចង់ដឹងថាបទថ្មីរបស់អ្នកទាំង២ មានភាពទាក់ទាញនិងប្លែកភ្នែកយ៉ាងណានោះ រង់ចាំទស្សនាទាំងអស់គ្នា ដែលនឹងចេញឆាប់ខាងមុខនេះហើយ។

យ៉ាងណាមិញ ការរៀបរាប់នេះ គឺជាកិច្ចការងារសិល្បៈត្រួសៗរយៈពេល១ឆ្នាំ របស់តារាចម្រៀងវ័យក្មេង មានទេពកោសល្យរូបនេះ៕

ចំណែកឯពេលអនាគតទៅជាយ៉ាងណានោះ យើងមានតែរង់ចាំមើលទាំងអស់គ្នា ថាតើ ស៊ូហ្សាណា នឹងមានអ្វីដែលថ្មីប្លែក និងជាពិសេស ចែកជូនដល់ប្រិយមិត្តរបស់នាងដែរ ឬយ៉ាងណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា