ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងស្រី អ៊ីវ៉ា ហាក់ដូចជាស្ងាត់សូន្យ គ្មានចេញបទចម្រៀងថ្មីៗ ដូចតារាចម្រៀងផ្សេងៗ នៅក្នុងផលិតកម្មសាន់ដេ ទាល់តែសោះ។ ក្នុងនោះ ក៏មានមនុស្សមួយចំនួន បានគិតថា មូលហេតុដែលខាងផលិតកម្ម មិនចេញចម្រៀង ឬលើកនាងឲ្យល្បី ក៏ព្រោះតែនាង ជិតអស់កុងត្រា ទើបផលិតកម្ម ចេះតែបណ្តោយៗតែម្តងទៅ។

ប៉ុន្តែមិនថាយ៉ាងណា តារាស្រីរូបនេះ ក៏បានចេញមុខបកស្រាយឲ្យច្បាស់ ពីរឿងនេះផងដែរ ដែលនាងបានសរសេរសារ យ៉ាងវែងអន្លាយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា «សុំបកស្រាយការពិត នាងខ្ញុំនៅជាប់កុងត្រាជិត១ឆ្នាំទៀត មិនមែនចប់ខែមេសាទេ ហើយរឿងក្រុមហ៊ុនលើកមិនលើកជារឿងរបស់ក្រុមហ៊ុនទេខ្ញុំមិនសូវដឹងទេ ទុកឲ្យបងប្អូននិងបណ្ដាអ្នកគាំទ្រខ្ញុំយល់ឃើញចុះ ចំពោះរឿងសារព័ត៌មានដែលចុះផ្សាយថា ខ្ញុំត្រៀមចាកចេញទៅផលិតកម្មផ្សេងក៏មិនមែនជាការពិតដែរ សម្រាប់ខ្ញុំក៏មិនទាន់ប្រាកដចិត្តដែរ ថាខ្ញុំត្រូវបន្តរឺត្រូវចាកចេញ ជាក់ស្ដែងនៅសល់រយៈពេលជិត១ឆ្នាំ និងបើក្រុមហ៊ុនមិនមើលឃើញពីសមត្ថភាពខ្ញុំដូចពេលនេះ ខ្ញុំអាចនឹងចាកចេញមែន តែបើក្រុមហ៊ុនមើលឃើញពីសមត្ថភាពខ្ញុំ មិនទុកខ្ញុំចោល ខ្ញុំមិនចាកចេញទេ គ្មានអ្នកណាម្នាក់ចង់ផ្លាស់ប្ដូរ កន្លែងធ្លាប់ធ្វើការរាប់ឆ្នាំមកហើយទេ ទាល់តែមានបញ្ហាអ្វីមួយដែលមិនអាចឲ្យបន្តបាន ព្រោះយើងមិនអាច បិទច្រកសេដ្ឋកិច្ចយើងបានទេ ហើយទោះបីខ្ញុំទៅដល់កន្លែងណា ក៏ខ្ញុំមិនបំភ្លេចគុណដល់ក្រុមហ៊ុនសាន់ដេដែរ ព្រោះកន្លែងហ្នឹងហើយជាម្លប់ដ៏ត្រជាក់ជិត៧ឆ្នាំមកសម្រាប់ខ្ញុំ ឆ្នាំមុនខុសពី២ឆ្នាំនេះ គ្រប់យ៉ាងមិនដូចពីមុន អ្វីៗផ្លាស់ប្ដូរ ដូចនេះខ្ញុំក៏អាចនឹង ធ្វើការពិចារណាឲ្យច្បាស់សិន ថាត្រូវនៅរឺក៏ទៅ ជាចុងក្រោយនាងខ្ញុំអ៊ីវ៉ាសូមអរគុណពុកម៉ែបងប្អូន និងបណ្ដាអ្នកគាំទ្រដល់រូបនាងខ្ញុំរហូតមក ឲ្យជួបតែក្ដីសុខ និងសំណាងល្អ អរគុណចំពោះការរាប់អាន ដោយក្ដីគោរពពីនាងខ្ញុំអ៊ីវ៉ា»

ជាមួយគ្នានោះដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានយល់ស្របតាម កញ្ញា អ៊ីវ៉ា ផងដែរ ក៏ព្រោះតែពួកគេ យល់ឃើញថា នាងជាតារាចម្រៀងម្នាក់ ដែលមានសមត្ថភាពខ្ពស់ក្នុងការច្រៀង ហើយប្រសិនបើ ខាងផលិតកម្ម នៅតែមើលមិនឃើញ ពីទេពកោសល្យរបស់នាងតទៅទៀត គឺប្រហែលជានាង ត្រូវចាកចេញ ទៅរកទ្រនំផ្សេងហើយ៕

តារាចម្រៀងស្រី អ៊ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា