ថៃ៖ ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ចុះផ្សាយថ្ងៃសុក្រ ទី១០ មីនា ឆ្នាំ២០១៧ថា ស្រ្តីដ៏កំសត់ជនជាតិថៃម្នាក់ ត្រូវបានប្តីចិត្តទុរយសបោះបង់ចោល ក្រោយពីដឹងថានាងមានជំងឺមហារីក ក្នុងដំណាក់កាលចុងក្រោយ។

នាង Wiramon Inthaneth អាយុ៣៦ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យ ដោយរកឃើញថា កើតជំងឺមហារីកសុដន់អស់រយៈពេល ៦ខែកន្លងមកហើយ។ ប៉ុន្តែជាអកុសល ជំងឺមួយនេះកាន់តែធ្វើឲ្យរូបនាង ស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ដោយមិនអាចធ្វើការងារអ្វីបាន។ ជាពិសេសថែមទាំង គ្មានអ្នកយកចិត្តទុកដាក់មើលថែទាំ ពីសំណាក់ក្រុមគ្រួសារ ហើយត្រូវស្វាមីរត់ចោលថែមទៀតផង។

ប្រភពបានឲ្យដឹងថា ដោយសារតែ មិនបានយកចិត្តក្នុងការព្យាបាល បានធ្វើឲ្យលក្ខខណ្ឌនៃជំងឺមហារីកមួយនេះ កាន់តែវិវឌ្ឍន៍រីកដុះដាល លេចចេញនូវដុំសាច់ពណ៌ក្រហម និងពណ៌ស្វាយយ៉ាងធំ នៅលើសុដន់ទាំងសងខាងរបស់នាង បណ្តាលឲ្យខូចទ្រង់ទ្រាយយ៉ាងខ្លាំង។

ក្រោយមក ដោយសារតែស្ថានភាពជំងឺ កាន់តែយ៉ាប់យឺន ម្យ៉ាងប្តីបោះបង់ចោលទៀត នាង Inthaneth ក៏ត្រូវបានបង្ខំចិត្ត ត្រលប់ទៅរស់នៅ ជាមួយនឹងឪពុករបស់នាងវិញ ដែលជាអ្នកបើកតាក់ស៊ីម្នាក់ ដោយតម្រូវឲ្យគាត់ខិតខំ ធ្វើការងារយ៉ាងសស្រាក់សស្រាំ ដើម្បីយកប្រាក់មកជួយព្យាបាលជំងឺកូនស្រី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លុយដែលគាត់រកបានមកនោះ ស្ថិតនៅកម្រិតទាបនៅឡើយ។ ពោល វានៅតែមិនទាន់គ្រប់គ្រាន់ សម្រាប់ការចំណាយទៅលើថ្លៃវិក័យប័ត្រពេទ្យទេ។

ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្នស្រ្តីដ៏គួរឲ្យកំសត់រូបនេះ បានទទួលការឧបត្ថម្ភ និងជួយជ្រោមជ្រែងពីសំណាក់ ព្រះតេជគុណ Bhin និងថែមទាំងបានបង្កើតជាមូលនិធិបន្ថែមមួយ ដើម្បីរៃអង្គាសប្រាក់ ជួយដល់នាងនិងគ្រួសារផងដែរ។

ព្រះតេជគុណ Bhin មានពុទ្ធដីកាថា «នៅថ្ងៃដែលខ្ញុំ បានចុះទៅជួបសួរសុខទុក្ខនាង នាងបានយំយ៉ាងខ្លាំង ដោយសារតែនាង ស្ថិតក្នុងស្ថានភាពដ៏លំបាក ត្រូវមើលថែទាំកូនស្រីផង ម្យ៉ាងវិញចំណូលដែលរកបាន ត្រូវពឹងពាក់លើឪពុករបស់នាងទាំងស្រុង ។ សព្វថ្ងៃនាងអាចបន្តរស់បាន ដោយសារតែទទួលបាន កម្លាំងចិត្តពីក្រុមគ្រួសាររបស់នាងតែប៉ុណ្ណោះ។ នាងគឺពិតជាត្រូវការលុយ សម្រាប់កូនស្រី និងទិញថ្នាំដើម្បីព្យាបាលជំងឺ ប៉ុន្តែនាងមិនដឹងថា ខ្លួនឯងអាចរស់នៅបានដល់ពេលណាទៀតនោះឡើយ» ៕ 

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ខ្លាំងដៃមែន! ប្រពន្ធទ្រាំលែងបានកាត់ប្រដាប់ភេទរបស់ប្តី ដោយសារខឹងមិនព្រម រួមភេទជាមួយនាងអស់ជាង ១០ឆ្នាំ

ឥណ្ឌា៖ ស្ត្រីជាប្រពន្ធជនជាតិឥណ្ឌាម្នាក់ បានសម្រេចចិត្តកាត់លិង្គប្តីរបស់ខ្លួន ស្ទើរតែដាច់ជាពីរ ក្រោយពីខឹងនឹងស្វាមី បដិសេធមិនព្រមរួមភេទជាមួយនាង អស់រយៈជាងមួយទសវត្សរ៍ (១០ឆ្នាំ)។ នេះបើយោងតាម ប្រភពដកស្រង់ពី ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

នាង Rita Yadav អាយុ២៨ឆ្នាំ បានវាយប្រហារទៅលើប្តីរបស់នាង លោក Ved Prakash អាយុ៣១ឆ្នាំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ មីនា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ នៅឯផ្ទះរបស់ពួកគេ ស្ថិតក្នុងភូមិ Khora ទីក្រុង Ghaziabad រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។

ស្រ្តីជាប្រពន្ធ នាង Rita បានអះអាងប្រាប់ថា មូលហេតុដែលនាងដាច់ចិត្ត កាត់លិង្គប្តីរបស់នាងបែបនេះ ក៏ដោយតែខឹងអន់ចិត្ត ខណៈឆាកជីវិតរស់នៅក្នុងគ្រួសារ រស់នៅជាមួយគ្នា អស់ជាង១១ឆ្នាំមកនេះ ប្តីរបស់នាងមិនដែលបានផ្តល់សេចក្តីឲ្យនាងឡើយ។ ពោល បុរសជាប្តីតែងតែបដិសេធមិនព្រម រួមភេទជាមួយនឹងនាងម្តងណាសោះ។ ហើយនាងជឿជាក់ថា ប្តីរបស់នាងអាចនឹងកំពុងតែមាន សាហាយស្មន់ជាមួយនឹងស្រីផ្សេងទៀតផងដែរ។

រូបភាព៖ នាង Rita Yadav (ជាប្រពន្ធ)

«គាត់តែងតែនិយាយថា ស្អប់ខ្ញុំណាស់! ហើយពួកយើងក៏ឧស្សាហ៍ឈ្លោះប្រកែកគ្នា សឹងតែរាល់ថ្ងៃទៀតផង។ គាត់និយាយថា គាត់ខ្ពើមមិនចង់ឃើញមុខខ្ញុំឡើយ។ គាត់តែងតែសម្លុតគំរាមខ្ញុំថា គាត់នឹងមានស្រីថ្មី។ ខ្ញុំពិតជាអស់សង្ឃឹម រឿងចង់បានកូនណាស់! ខ្ញុំធ្លាប់អង្វរសុំគាត់ (រួមភេទ) ប៉ុន្តែគាត់បែរនិយាយថា គាត់មានគូស្នេហ៍ផ្សេងប្រចាំចិត្តគាត់ទៅវិញ» ។

បើតាមប្រភព បានឲ្យដឹងថា រឿងហេតុនេះកើតឡើង បន្ទាប់ពីបុរសជាប្តីលោក Ved មុខរបរជាអ្នករត់តាក់ស៊ី បានត្រឡប់ចូលផ្ទះវិញយឺត រហូតដល់មេឃជិតភ្លឺ រួចក្រោយមកគាត់ក៏បានដើរចូលទៅងូតទឹក។ ឆ្លៀតក្នុងឱកាសនោះ ប្រពន្ធរបស់គាត់ ក៏បានដើរតាំងៗពីក្រោយ យកដុំថ្មសំលៀងកាំបិត វាយចំកណ្តាលក្បាលប្តីរបស់ខ្លួន រហូតទាល់តែសន្លប់បាត់បង់ស្មារតីតែម្តង។

បន្ទាប់មក នាងក៏បានយកកាំបិតដ៏មុតស្រួចមួយពីផ្ទះបាយ ហើយក៏ធ្វើសកម្មភាពកាត់លិង្គប្តីរបស់នាងតែម្តង។ ក្រោយមកទៀត នាង Rita Yadav ក៏បានចាក់សោរទុកប្តីរបស់នាងឲ្យនៅជាប់ខាងក្នុងបន្ទប់ទឹក ហើយនាងក៏បានធ្វើដំណើរ ទៅកាន់ស្ថានីយ៍ប៉ុស្តិ៍ប៉ូលិស (Khora Police Station) ដោយបាននិយាយរៀបរាប់ប្រាប់ នូវរឿងរ៉ាវដែលនាងបានធ្វើទៅលើប្តីរបស់នាង ដោយខ្លួនឯងថែមទៀតផង។

រយៈពេលប្រហែលកន្លះម៉ោងក្រោយមក ប្តីរបស់នាងបានដឹងខ្លួនឡើងវិញ ជាមួយនឹងសភាពឈឺចាប់យ៉ាងខ្លាំង ហើយគាត់ក៏បានស្រែកហៅ មិត្តភក្តិភូមិផងរបងជាមួយឲ្យមកជួយ រួចដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Jaypee Hospital ក្នុងទីក្រុង ទាំងប្រញាប់ប្រញាល់។

ដោយឡែក នៅចំពោះមុខសមត្ថកិច្ច ស្រ្តីជាប្រពន្ធបានសារភាពថា នាងនិងស្វាមីតែងតែវាយតប់គ្នាជាប្រចាំ ហើយនាងក៏បានចោទប្រកាន់ប្តីនាងថា លួចលាក់មានសាហាយស្មន់ ក្បត់ចិត្នាងផងដែរ។ Rita បានសារភាពទៀតថា ការដែលនាងធ្វើដាក់ស្វាមីបែបនេះ ក៏ដោយសារតែចិត្តខឹងខ្លាំងពេក។

លោកវេជ្ជបណ្ឌិត Saurabh Gupta នៅមន្ទីរពេទ្យ Jaypee Hospital បានមានប្រសាសន៍ឲ្យដឹងថា លិង្គរបស់បុរសរងគ្រោះ ស្ទើរតែដាច់ចេញពីគ្នា ជម្រៅ៤អ៊ីញ (ប្រហែល១០សង់ទីម៉ែត្រ) ដោយមានហូរឈាមយ៉ាងច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមវេជ្ជបណ្ឌិតបានចំណាយពេល អស់៥ម៉ោងផងដែរ ក្នុងប្រតិបត្តិការវះកាត់ ជួយសង្គ្រោះជីវិតលោក Ved ខណៈពេលនេះគាត់បានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែត្រូវសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ដើម្បីឲ្យអាការៈធូរស្បើយសិនផងដែរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននាង Raita ត្រូវបានចាប់ខ្លួន និងកំពុងតែរង់ចាំការកាត់ទោស ដោយចោទប្រកាន់នៅមាត្រា៣២៦ ពីបទបង្ករបួសស្នាមដោយប្រើប្រាស់អាវុធដោយចេតនា នៃច្បាប់ក្រមព្រហ្មទណ្ឌ របស់ឥណ្ឌាផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]