ភ្នំពេញ៖ តារា​សម្តែង​ស្រី និង​ពិធីការិនី​ទូរទស្សន៍ PNN ស្រស់​សោភា​មាន​រាង​ស្តើង​តូច​ច្រឡឹង កញ្ញា ព្រះកាយ​ច័ន្ទ ​សន្សំចិត្ត​បង្កើត​ក្រុម​ចម្រៀង​ផ្ទាល់ខ្លួន​ឈ្មោះ Pravo Girls រួចរាល់ និង​បាន​ត្រៀម​អាល់ប៊ុម ​បទ​អូរីជីណល់​ចំនួន ៤ បទ​ដើម្បី​បំពេរ​អារម្មណ៍​អ្នកស្តាប់​នៅ មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ ទោះជាដឹងថាលទ្ធផលមិនល្អក្តី ។

ពិធីការិនីរូបស្រស់ កញ្ញា ព្រះកាយ​ច័ន្ទ ឲ្យដឹងថា ពួកយើងនឹក​គ្រោង​បង្កើត​ក្រុម Pravo Girls នេះ​យូរហើយ តែសមាជិក​ពួកយើង​សុទ្ធតែជា​អ្នកសិល្បៈ​ដោយមាន​ជាតារា​បង្ហាញ​ម៉ូដ ជាតារា​ចម្រៀង និងតារា​សម្តែង មមាញឹក​ជាប់​ការងារ​រវល់រៀងៗ​ខ្លួន​នោះ ទើប​បន្លាយ​ពេល​នៃការ​បង្កើត​ក្រុម និង​ប្រកាស​ក្រុម​យើង​រហូតដល់​ខែមីនាទៅ យើងបាន​ត្រៀម​ចេញ​បួនបទ ខណៈ​មាន​ញាក់ ៣ បទ និង ១ ជាបទ​មនោសញ្ចេតនា។ យើង​ច្រៀង​ជាក្រុម​នៅឡើយ​ សម្រាប់​អាល់ប៊ុម​បទដំបូង​ពួកយើង ដោយមាន​រូបនាង​ខ្ញុំផ្ទាល់​ជាប្រធាន​ក្រុម ហើយ​ក៏មាន​កញ្ញា ពៅ ដាណេ ជា​តារា​ចម្រៀង កញ្ញា ទេពី និងកញ្ញា នី យ៉ានុត ជាតារា​សម្តែង និង​បង្ហាញ​ម៉ូដផង ។

តារា​សម្តែងស្រីចង់ក្លាយជាអ្នកចម្រៀង បាន​បន្តថា ពួកយើង បាន​ជួបជុំគ្នា​ហាត់​សម្តែង​រាំ និង​ច្រៀង​ច្រើនតែ​នៅពេល​ចុង​សប្តាហ៍​ព្រោះថា នាងខ្ញុំ​ទំនេរ​ក្នុងពេល​នោះ ហើយ​ថ្ងៃចន្ទ​ដល់​សុក្រ ខ្ញុំ​ជាប់រវល់​ថតកុន​ដែល​មិនទាន់ ​ចប់​គឺរឿង​ច័ន្ទ​វង្វេង​មេឃ​នោះឯង។​ ខុសប្លែក​ពីពិភព​តន្ត្រី K-Pop កូរ៉េ​ខាងត្បូង​ដែល​​ សម្បូរ​ក្រុម​ចម្រៀង​គរ​ជើង​គ្នា ការច្រៀង​លក្ខណៈ​ជាក្រុម​ក្នុង ​ពិភព​សិល្បៈ​ខ្មែរ​កន្លងមក​ ហាក់​មិនសូវ​ស្ទួយ​ប្រជាប្រិយភាព​ឡើយ ដោយ​ក្រុម​ចម្រៀង​ជាច្រើន​ ត្រូវ​រំលាយ​ដោយ​ឯកឯង។ 

ប្រធាន​ក្រុម​ចម្រៀង​ស្រី Pravo Girls កញ្ញា ព្រះកាយ​ច័ន្ទ បញ្ជាក់​ថា ទោះការ​ច្រៀង​ជាក្រុម​មិនសូវមាន ​ឥទ្ធិពល​អាច​ទាញយក ​ប្រជាប្រិយភាព​ពី​មហាជន​ក្តី តែយើង​នៅតែ​បន្តការ​ខំប្រឹង និង​ជម្នះ​ធ្វើឲ្យ​បាន។ យើងមាន​សង្ឃឹម​ខ្លះថា អាច​ទទួលបាន​ការគាំទ្រ​ពី បងប្អូន​ទស្សនិកជន​ដោយ​ សំអាង​លើ​ការចេញ Trailer MV របស់​យើងតាម​បណ្តាញ​សង្គម​ភ្លាម ក៏មាន​អ្នកចូល Likes និង comments ល្អៗ​ច្រើន​ផងដែរ​ពីក្រុម​យើង ។

សូមជម្រាបថា ​តារា​សម្តែង​ស្រី និង​ពិធីការិនី​ទូរទស្សន៍ កំពុងតែ​ក្តាប់បាន​ឱកាស​​ សម្តែង​ជាតួ​នាង​ផ្កាយព្រឹក​ក្នុងរឿង «ច័ន្ទ​វង្វេង​មេឃ» របស់​ទូរទស្សន៍​ប៉ុស្តិ៍លេខ ៥ ថត​មិនទាន់​ចប់នៅ​ឡើយ​ផង​នោះ ក៏​ឆ្លៀត​បង្កើត​ក្រុម​ចម្រៀង​ មាន​សមាជិក​ស្រី​បួនរូប ដើម្បី​សាង​ប្រជាប្រិយភាព ​លើវិថី​សិល្បៈ​មួយកម្រិត​ទៀត ដោយ​មិន​រារែក​ចំពោះ​ឧបសគ្គ និងខ្លាច​ពាក្យ​រិះគន់​ពេបជ្រាយ​ របស់​មហាជន​ឡើយ៕

ប្រភព៖ LookingToday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រះកាយច័ន្ទ