ភ្នំពេញ៖​ កីឡាករ ច្រឹង ពលរដ្ឋ ខ្សែ​បម្រើ​កណ្ដាល​ឆ្នើម​របស់​ក្លឹប​ ក្រសួង​ការពារ​ជាតិ ទើប​ទទួល​បាន​ការងារ​ថ្មី​បន្ថែម​មួយ​ទៀត កាល​ពី​ព្រឹក​ថ្ងៃទី ០៨ មីនា ជា​ទូត​សុឆន្ទៈឲ្យ​ម៉ាក​នាឡិកា​ដៃ Ice Watch ខាង​ផ្នែក​កីឡា រយៈ​ពេល ១ ឆ្នាំ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ពី​តម្លៃ​នៃ​កិច្ច​ព្រមព្រៀង។

ការ​ងារ​ថ្មី​ជា​ទូត​សុឆន្ទៈ​ប្រចាំ​ម៉ាក​នាឡិកា​ដៃ​ ពេញ​និយម​សម្រាប់​យុវវ័យ​នេះ ច្រឹង ពលរដ្ឋ នឹង​ត្រូវ​ចូល​រួម​ផ្សព្វផ្សាយ​ផលិត​ផល​ថ្មី​ម៉ាក​នាឡិកា​ដៃ Ice Watch, សកម្មភាព​កីឡា​ផ្សេងៗ​សហការ​រៀប​ចំ​ដោយ Ice Watch និង​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ​ទៀត​របស់ Ice Watch។

ទាក់​ទិន​នឹង​កិច្ច​ព្រមព្រៀង​ថ្មី​បន្ថែម​អាជីព​ជា​កីឡាករ ខ្សែ​បម្រើ​ជម្រើស​ជាតិ​រូប​នេះ បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា លោក​មាន​មោទនភាព​ដែល Ice Watch ជ្រើស​លោក​ជា​តំណាង​ម៉ាក​នាឡិកា​ដៃ ហើយ​លោក​នឹង​ចូលរួម​ចំណែក​លើក​ កម្ពស់​វិស័យ​កីឡា​តាម​រយៈ​សកម្មភាព​ផ្សេងៗ​របស់ Ice Watch។

ខ្សែ​បម្រើ​ដែល​រក​បាន ៣ គ្រាប់​ក្នុង ៣ ប្រកួត​ក្នុង​រដូវកាល​ថ្មី​នេះ និង​ល្បី​ខ្លាំង​ក្រោយ​ស៊ុត​មួយ​គ្រាប់​ជាប់​ជា​គ្រាប់​បាល់​ល្អ​ជាង​គេ​បំផុត​ប្រចាំ​កម្មវិធី AFF Suzuki Cup 2016 បាន​បន្ថែម​ថា៖ "ខ្ញុំ​មាន​គម្រោង...បើ​បាន​ថវិកា​ហ្នឹង ខ្ញុំ​យក​ឲ្យ​ម៉ាក់​តិចតួច និង​ទុក​ខ្លួន​ឯង​សម្រាប់​ឆ្នាំ​ក្រោយ​ហ្នឹង មាន​ពិធី​ការ"។

ទោះ​បី​មាន​ការងារ​ថ្មី​នេះ​ក៏​ដោយ ក៏​ខ្សែ​បម្រើ​ជំនាញ​ជើង​ស្ដាំ​រូប​នេះ នៅ​តែ​ផ្ដល់​អាទិភាព​លើ​អាជីព​ជា​កីឡាករ​ដដែល។

លោក មុត បញ្ញា ប្រធាន​ផ្នែក​ទីផ្សារ Ice Watch ប្រចាំ​កម្ពុជា ថ្លែង​ថា៖ "នៅ​ខ្មែរ យើង​បាន​ធ្វើ Event ច្រើន​ខ្នាត​តូច​ធំ​ក៏​ដោយ និង​ចូលរួម​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន។ ឥឡូវ យើង​បោះ​ជំហាន​មួយ​ទៀត​ក្នុង​វិស័យ​កីឡា ដោយ​ជ្រើស​កីឡាករ ច្រឹង ពលរដ្ឋ ជា​ទូតសុឆន្ទៈ គឺ​ដើម្បី​គាំទ្រ​វិស័យ​កីឡា​ឲ្យ​មាន​ការ​គាំទ្រ​ទៅ​ថ្ងៃ​មុខ​បន្ថែម...សង្ឃឹម​ថា​ក្រុមហ៊ុន​ដទៃ​ទៀត សម្លឹង​ឃើញ​កីឡាករ​ដទៃ​ទៀត ដើម្បី​ជា​ការ​លើក​កម្ពស់ និង​ឲ្យ​តម្លៃ​ពួកគាត់ [កីឡាករ] ម្នាក់ៗ"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]