(ភ្នំពេញ)៖ បន្ទាប់ពីជួបរឿងស៊យគ្នា ផ្ទួនៗមក តារាចម្រៀងបែបស្រគត់ស្រគំ កញ្ញា សុន ស្រីពេជ្រ ហាក់មានយីអ៊ុនស្រឺតៗឡើងវិញ ខណៈដែលដំណឹងចេញទៅកើបប្រាប់ដុល្លារ នៅក្រៅប្រទេស បានធ្វើឲ្យនាងមានទឹកមាត់លេបជាបណ្ដើរៗហើយ ពោលគឺជាការងារចេញទៅច្រៀង នៅក្រៅប្រទេស ដែលជាឱកាសមាសឱកាសប្រាក់មួយ សម្រាប់តារាចម្រៀងទូទៅ ដែលតែងតែប្រាថ្នាចង់បាន ពេលវេលាមួយនេះ។

ជាការកត់សម្គាល់ តារាចម្រៀងស្រី សំឡេងស្រទន់ ដែលបានចាកចេញពី ហង្សមាសចុងក្រោយគេ គឺកញ្ញា សុន ស្រីពេជ្រ ហើយហាក់តែលតោលបំផុត ក្រោយពីបានចាកចេញពីទ្រនំ ដែលផ្ដល់ភាពល្បីល្បាញឲ្យនាង តាំងពីបានចូលសិល្បៈដំបូងៗ ប៉ុន្តែផលិតកម្ម ហង្សមាស ប្រៀបដូចម្ដាយ ដែលបង្កើតកូនចោល ព្រោះក្រោយពីជប់នាងឲ្យល្បី ក្នុងសិល្បៈចម្រៀងបានតែប៉ុន្មានបទ ក៏បណ្ដែតនាងចោល ទុកឲ្យនាងរកការងារធ្វើដោយខ្លួនឯង និងច្រៀងតាមរោងការកាត់សក់គេជាដើម។ ចំណែកឯកាប្រគំតន្ត្រីធំៗ របស់ក្រុមហ៊ុនផ្សេងៗ គឺគ្មានទេ។

សុន ស្រីពេជ្រ ជាតារាចម្រៀងស្រីម្នាក់ ដែលមានសមត្ថភាព ក្នុងការបកស្រាយបទចម្រៀងបានច្រើនទំរង់ លើកលែងតែបទបរទេស ពោលគឺនាងច្រៀងបានទាំងអស់ សូម្បីតែបទចម្រៀងយុវវ័យ ក៏នាងច្រៀងបានពីរោះដែរ មិនចាញ់តារាចម្រៀងផ្សេងៗឡើយ ប៉ុន្តែផលិតកម្មហាក់មើលរំលង មិនឲ្យតំលៃលើសមត្ថភាពនាងសោះ រហូត ស្រីពេជ្រ ទ្រាំលែងបានក៏ដើរចេញតែម្ដង។

ឆាកជីវិតរបស់តារាចម្រៀង សុន ស្រីពេជ្រ ហាក់កំព្រាតែលតោល ព្រោះអតីតគូដណ្ដឹង ក៏បោះបង់ចោល ផលិតកម្មក៏មិនយកចិត្តទុកដាក់ ហើយមនុស្សដែលនាងស្រឡាញ់បំផុត មិនអាចនិយាយពាក្យក្នុងចិត្តប្រាប់នាងបាន ពោលគឺឪពុករបស់នាងតែម្ដង ដែលមិនអាចធ្វើអ្វីបាន ក្រៅពីមើលមកកូនស្រី ក្នុងអត្តន័យឈឺចាប់បំផុត នោះទេ។

ប៉ុន្តែជឿទេថា ជីវិតមនុស្សយើង មិនមែនស៊យរហូតនោះទេ ថ្វីត្បិតតែពេលនេះ ជីវិតតារាចម្រៀងស្រីម្នាក់នេះ កំពុងងងឹតអួរអាប់ ស្ទើរគ្មានរស្មី ប៉ុន្តែសំណាងល្អ ក៏មកទន្ទឹមគ្នាផងដែរ។ ប្រភពដ៏ជិតដិតនឹង កញ្ញា សុន ស្រីពេជ្រ បាននិយាយថា ស្រី ពេជ្រ នឹងចាកចេញពីប្រទេសកម្ពុជា ទៅសម្ដែងនៅប្រទេសបារាំងឆាប់ៗនេះ រយៈពេល២ខែ។ ក្រោយពីត្រឡប់ពីបារាំងវិញ នាងត្រៀមទៅកាណាដា៣ខែបន្តទៀត ហើយពេលត្រឡប់មកពីកាណាដាវិញ ស្រីពេជ្រ ក៏បន្តដើរទៅសម្ដែង លើទឹកដីអាមេរិកបន្ថែមទៀត ពិតជាពិសេសមែន។

គម្រោងចេញទៅប្រមូលប្រាក់ តាមរយៈការសម្ដែង និងច្រៀង ទាំង៣ប្រទេសនេះ មើលទៅដូចជាដំណើរផ្សងព្រេង ដ៏វែងឆ្ងាយមួយ ព្រោះនាងជាមនុស្សស្រីម្នាក់ឯង តែគំរោងហាក់ធំដុំណាស់ ខណៈនាងហាក់មិនចង់ធ្វើការក្នុងស្រុក ប៉ុន្មាននោះទេ ព្រោះរងវិបត្តិផ្លូវចិត្តច្រើន ទើបនាងសម្រុកចេញក្រៅ ដើម្បីកើបប្រាក់ ។ បើតាមសមត្ថភាពរបស់ ស្រីពេជ្រ នាងអាចរកលុយក្នុងស្រុកបានច្រើនជាង ក្រៅស្រុក តែប្រហែលជានាងចង់លំហែរអារម្មណ៍ច្រើនជាងនេះ ព្រោះទៅក្រៅប្រទេសមានមនុស្សថ្មីៗច្រើន ដែលអាចឲ្យនាងបានល្ហែល្ហើយ ពីវិបត្តដ៏រុំារ៉ៃមួយនេះបានមួយចំនួនធំ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ខាត់ សុឃីម ប្រមូល​សមាជិក គ្រួសារ​ប្រមាណ៤០​នាក់ ដើម្បី​​​ផលិត​បទចម្រៀង សម្រាប់​ចូល​ឆ្នាំ​ប្រពៃណី ជាតិខាងមុខនេះ

ភ្នំពេញ៖ តារាចម្រៀង និងជាពិធីការិនីអ្នកនាង ខាត់ សុឃីម បានប្រមូល ក្រុមគ្រួសាររបស់ខ្លួន ទាំងអស់ដែលមាន សមជិកប្រមាណ ៤០នាក់ដើម្បីផលិត ចម្រៀងសម្រាប់ចូលឆ្នាំ ប្រពៃណីជាតិផ្ទាល់ខ្លួន នាសប្ដាហ៍ក្រោយ។ សម្រាប់ការផលិតចម្រៀងលើកដំបូង ដែលចូលរួមដោយសមាជិក គ្រួសារត្រកូលខាត់ទាំងអស់ ដោយអ្នកនាងបង្ហាញពីការរំពឹងតែ១ភាគរយប៉ុណ្ណោះ ទោះជោគជ័យ ឬមិនជោគជ័យក៏ដោយ ។

ពិធីការិនីសម្លេងបាន អ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា ការប្រកាសដូច្នេះបន្ទាប់ពី មើលឃើញថារយៈពេល ២ឆ្នាំចុងក្រោយយុវជនចូលចិត្តតែចង្វាក់ញាក់ កន្ត្រាក់អារម្មណ៍សម្រាប់ពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ដោយភ្លេចចង្វាក់ប្រពៃណី។ ធាតុពិតគឺខ្ញុំមើល ឃើញចឹងមែន បុណ្យចូលឆ្នាំប្រពៃណីជាតិមួយរយៈចុង ក្រោយទៅដល់ណា ក៏ឃើញតែគេរាំបទញាក់ ដោយមិនសូវឃើញគេរាំ ចង្វាក់ប្រពៃណីទាល់តែសោះ។ អីចឹងខ្ញុំក៏គិតប្រមូលគ្រួសាររបស់ខ្ញុំ ទាំងអស់ផលិតចម្រៀង ប្រពៃណីតែម្ដង ទោះជោគជ័យ ឬមិនជោគជ័យក៏ដោយ ។

តារាចម្រៀងស្រីរូបនេះបន្តថា បទចម្រៀងចូលឆ្នាំប្រពៃណី ជាតិដែលក្រុមគ្រួសាររបស់ខ្លួន ផលិតលើកដំបូងមានចំនួន ១០បទ និងមានគ្រប់ចង្វាក់ទាំងអស់។

ក្នុងនោះមានការចូលរួមនិពន្ធពីលោក ដួង សុខគា ពិធីករ និងជាអ្នកចម្រៀងអាយ៉ៃល្បីឈ្មោះ។ នាងខ្ញុំមិនទាន់បង្ហាញក្ដីរំពឹងពីជោគជ័យខ្ពស់នៅឡើយទេ សម្រាប់ការផលិតចម្រៀង លើកដំបូងដែលចូលរួមដោយសមាជិកគ្រួសារត្រកូលខាត់ទាំងអស់ ដោយអ្នកនាងបង្ហាញការរំពឹង តែ១ភាគរយប៉ុណ្ណោះ ។

សូមជម្រាបថា ទោះយ៉ាងណាក៏ដោយ តារាចម្រៀងរូបនេះសំណូមពរ ឱ្យទស្សនិកជនជួយ លើកទឹកចិត្ត មច្រៀងចូលឆ្នាំប្រពៃណីជាតិឱ្យបានច្រើន អភិរក្ស និងលើកកម្ពស់ចង្វាក់ប្រពៃណីជាតិខ្មែរ ឱ្យនៅគង់វង្សតទៅទៀត។ អ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារ ត្រកូល ខាត់ នឹងចាប់ផ្ដើមថតចម្រៀងចូលឆ្នាំប្រពៃណីជាតិនៅថ្ងៃទី ១៩ ២០ និង២១ ខែមីនា ខាងមុខ ហើយត្រៀមនឹងចេញលក់លើទីផ្សារ ក្នុងពេលដ៏ខ្លីខាងមុខ ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ