អាមេរិក៖ ជំនួបដ៏ធំក្នុងការប្រកួតរវាងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និង Amir Khan ដើម្បីដណ្តើមខ្សែក្រវ៉ាត់ WBO World Welterweight Champion នៅអារ៉ាប់រួម នាថ្ងៃទី២៣ ខែមេសាខាងមុខ ពេលនេះត្រូវបានប្រកាសលុបចោលវិញ។ នេះបើយោងតាមសម្តីរបស់អ្នករៀបចំការប្រកួតជនជាតិហ្វីលីពីនលោក Bob Arum ។

លោក Bob Arum បានបញ្ជាក់ពីមូលហេតុប្រាប់សារព័ត៌មាន ESPN ថា «ដោយសារតែបញ្ហាកិច្ចសន្យាសង្វៀននៅទីនោះ ទើបធ្វើឲ្យការប្រកួតត្រូវលុបចោល»

Bob បានបន្ថែមទៀតថា «ខ្ញុំនឹងរៀបចំការប្រកួតមួយផ្សេងទៀតឡើងវិញ ប៉ុន្តែដៃគូរបស់ Pacqiuao នោះមិនមែន Amir Khan ទៀតទេ»

គួររំលឹកផងដែរថា ការប្រកួតនៅក្នុងខែមេសាដែលត្រូវបានលុបចោលថ្មីៗនេះ ត្រូវបានរៀបចំឡើងជាផ្លូវការម្តងហើយ កាលពីប៉ុន្មានសប្តាហ៍មុន មិនតែប៉ុណ្ណោះភាគីទាំងសងខាង ពោលគឺអ្នកប្រដាល់មកពីហ្វីលីពីន Manny Pacquiao និងកីឡាករ Amir Khan ក៏បានព្រមព្រៀងគ្នារួចរាល់ហើយដែរ ប៉ុន្តែចុងក្រោយបែរជាត្រូវលុបចោលវិញ។

បើទោះបីជាយ៉ាងណាក៏ដោយ លោក Bob Arum ក៏បានឲ្យដឹងទៀតដែរថា ការប្រកួតរបស់ Pacquiao អាចនឹងលើកទៅប្រកួតក្នុងខែកក្កដា ឆ្នាំនេះវិញ តែចំពោះគូប្រកួតវិញមិនទាន់រកបាននៅឡើយទេ៕

ចំពោះប្រិយមិត្តវិញ ចង់ឃើញ Pacquiao ប្រកួតជាមួយជើងខ្លាំងរូបណាដែរ? 

ប្រភព៖ BBC

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ Messi រំជួលចិត្ត ពេលបានជួបនិមិត្តរូបរបស់ខ្លួន

អេស្ប៉ាញ៖ នៅក្នុងឃ្លីបវីដេអូប្រមាណជាង១នាទី បានបង្ហាញឲ្យឃើញថា កីឡាករកំពូលលំដាប់ពិភពលោក Lionel Messi បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល ក្តុកក្តួលក្នុងចិត្ត នៅពេលដែលបានជួបនិមិត្តរូបរបស់ខ្លួន ដែលជាម្ចាស់មេដាយមាសអូឡាំពិក ផ្នែកកីឡាជិះទូកក្តោង សញ្ជាតិអាហ្សង់ទីន កីឡាករ Santiago Lange ។

ជំនួបរវាងអ្នកទាំងពីរ បានកើតឡើងនៅមុនពេលដែល Barcelona ធ្វើការប្រកួតជាមួយ Celta Vigo ខណៈកីឡាករ Santiago Lange វ័យ៥៥ឆ្នាំ ដែលទើបនឹងរួចផុតពីជំងឺមហារីក បានមកទស្សនាការប្រកួតដោយផ្ទាល់នៅកីឡដ្ឋាន Camp Nou។

យោងទៅតាមវីដេអូ Messi ហាក់បីដូចជាមានក្តីរំភើបយ៉ាងខ្លាំង និងទំនងជាទប់ទឹកភ្នែកសឹងពុំបាន នៅពេលបានជួបអត្តពលិកផ្នែកទូកក្តោង ដែលជានិមិត្តរូបរបស់ខ្លួន ។

ដោយឡែកចំពោះ អត្តពលិកកីឡាជិះទូក្តោង និងជាម្ចាស់មេដាយមាសអូឡាំពិកវិញ បាននិយាយថា «ពិតជារីករាយខ្លាំងណាស់! ពួកយើងមកទីនេះ ដើម្បីជួប Messi និងកីឡាករ Mascherano។ ខ្ញុំពិតជាចូលចិត្តភាពសាមញ្ញរបស់ពួកគាត់ណាស់» ។

Santiago Lange កីឡាករជិះទូកក្តោងរូបនេះបានបន្ថែមទៀតថា «ខ្ញុំធ្លាប់រស់នៅក្នុងទីក្រុង Barcelona នៅពេលដែលខ្ញុំនៅរៀនមហាវិទ្យាល័យ ហើយតាំងពីពេលនោះមកខ្ញុំក៏ចាប់ផ្តើមចូលចិត្តក្លិបបាល់ទាត់ Barcelona ជំនាន់កីឡាករជើងចាស់ Johan Cruyff» ។

គួរបញ្ជាក់ផងដែរ អំឡុងពេលជំនួបនេះដែរ ទាំង Messi និង Lange ក៏បានផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយបានផ្លាស់ប្តូរហត្ថលេខា និងថតរូបជាមួយគ្នាផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]