អេស្ប៉ាញ៖ លទ្ធផលស្ទើរមិនគួរឲ្យជឿបានកើតឡើង នៅក្នុងទឹកដី Camp Nou កាលពីយប់មិញ ដោយ ក្លិប Barcelona បានសាងប្រវត្តិសាស្ត្រថ្មី ជាក្រុមដំបូងដែលអាចវាយបកគូប្រកួត ពីលទ្ធផល ៤-០ រហូតទទួលបានជ័យជំនះក្នុងព្រឹត្តការណ៍ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ 

Barcelona បានយកឈ្នះក្រុមមកពីប្រទេសបារាំង PSG ក្នុងលទ្ធផល ៦-១ ដោយសរុបការប្រកួតទាំងពីរជើង (៦-៥) ក្រោមក្រសែភ្នែកអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន Camp Nou ជិត១០មឺុននាក់។

ចូលមកដើមតង់ទីមួយ Barcelona បាននាំមុខមុនដោយខ្សែប្រយុទ្ធ Luis Suarez នៅនាទី៣ រហូតដល់នាទី៤០ Barcelona បានថែមមួយគ្រាប់ទៀត ដោយសារការស៊ុតបញ្ចូលទីខ្លួនឯងពីកីឡាករ Kurzawa ។

នៅក្នុងតង់ទី២ Barcelona កាន់តែធ្វើការវាយសម្រុកដើម្បីបន្ថែមចំនួនគ្រាប់បាល់ រហូតនៅនាទី៥០ Messi បានស៊ុតបាល់ពិន័យប៉េណាល់ទី ជួយឲ្យក្រុមនាំមុខបណ្តោះអាសន្ន ៣-០ ។ 

ប៉ុន្តែចូលដល់នាទី៦២ Barcelona បានភ្នាត់ស្នៀតឲ្យ PSG ស៊ុតបានមួយគ្រាប់វិញដោយខ្សែប្រយុទ្ធឆ្នើម Edinson Cavani ។ បើទោះជាយ៉ាងណាក៏ដោយ ក្លិប Barcelona មិនបានបោះបង់ក្តីសង្ឃឹម ក៏បន្ថែមការសម្រុករហូតទាល់តែ វាយបកបាន៣គ្រាប់ពីលើថែមទៀតនៅចុងម៉ោង ដោយ Neymar ២គ្រាប់ និង Sergio Roberto ១គ្រាប់ ធ្វើឲ្យពួកគេបង្កើតប្រវត្តិសាស្ត្រនៅ Champions League ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយជោគជ័យ៕

ទស្សនាវីដេអូ Highlight៖

ដោយឡែករំលឹកព័ត៌មានកីឡាមួយផ្សេងទៀត៖ Real ឡើងវគ្គ៨ក្រុមចុងក្រោយ ខណៈ Arsenal ចាញ់ Bayern ទាំងពីរជើង ១០-២ ធ្លាក់ចេញពីពាន Champions League 

អឺរ៉ុប៖ ជើងទី២ នៃព្រឹត្តការណ៍បាល់ទាត់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ បានចាប់ផ្តើមការប្រកួត ដោយ Arsenal ចាញ់ស្ពឹកមុខក្នុងកីឡដ្ឋានរបស់ខ្លួន ក្រោមថ្វីជើងក្រុម Bayern Munich ក្នុងលទ្ធផល ៥-១ សរុបលទ្ធផលទាំង២ជើង Bayern ឈ្នះ ១០-២ ខណៈជើងខ្លាំងមកពីអេស្ប៉ាញ Real Madrid វិញ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីលុត Napoli ក្នុងលទ្ធផល ៣-១ ទាំងក្នុងដី និងក្រៅដី។

Arsenal បានចាប់ផ្តើមការប្រកួតជើងទី២នៃពានរង្វាន់ Champions League បានយ៉ាងល្អនៅក្នុងតង់ទី១ ដោយមានឱកាសនាំមុខ ១-០មុន ដោយកីឡាករ Theo Walcott ប៉ុន្តែចូលដល់តង់ទី២ ខ្សែការពារ Arsenal កីឡាករ Koscielny ទទួលបានកាតក្រហម ធ្វើឲ្យ Bayern មានឱកាសសម្រុករកគ្រាប់បាល់វិញ បានរហូតទៅដល់៥គ្រាប់ តាមពីក្រោយ។

៥គ្រាប់របស់ Bayern Munich ធ្វើឡើងដោយកីឡាករ Lewandowski , Robben, Costa និង Vidal ២គ្រាប់ម្នាក់ឯងនៅចុងម៉ោង ដែលលទ្ធផលនេះហើយ បានធ្វើឲ្យ Bayern ឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយងាយស្រួល។

គួររំលឹកផងដែរថា លទ្ធផលចាញ់ ៥-១ របស់ក្លិបកាំភ្លើងធំ Arsenal នេះ ក៏ដូចកាលពីជើងទីមួយផងដែរ នៅក្នុងទឹកដីរបស់ Bayern Munich ដោយសរុបលទ្ធផលទាំងពីរជើង Bayern Munich ១០ Arsenal ២ ។

ក្រឡេកមកមើលមួយគូទៀត ក៏មិនខុសគ្នាពីគូខាងលើដែរ ដោយលទ្ធផលទាំងពីរជើងបញ្ចប់ទៅក្នុងលទ្ធផល ៣-១ ដូចគ្នា ដោយក្លិប Real Madrid ជាអ្នកយកឈ្នះលើក្រុម Napoli ។

ជើងទីមួយនៅកីឡដ្ឋាន Santiago Beunabue ក្នុងប្រទេសអេស្ប៉ាញ ក្លិប Napoli បានចាញ់ Real មួយលើកហើយក្នុងលទ្ធផល ៣-១។ ដោយឡែកចូលមកដល់ការប្រកួតជើងទី២វិញ ក្រុមម្ចាស់ផ្ទះ Napoli ក៏បានបន្តចាញ់ក្នុងលទ្ធផល ៣-១ នេះដដែល ធ្វើឲ្យលទ្ធផលសរុបទាំងពីរជើង Real Madrid ៦ Napoli ២ ។

គួរឲ្យដឹងថា ៣គ្រាប់របស់ Real Madrid  ធ្វើឡើងដោយកីឡាករ Sergio Ramos ២គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតដោយកីឡាករ Morata ខណៈ ១គ្រាប់ របស់ Napoli ស៊ុតដោយកីឡាករ Mertens។

ដូច្នេះ វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តការណ៍បាល់ទាត់កំពូលប្រចាំតំបន់អឺរ៉ុបបានស្វែងរក២ក្រុមដំបូងឡើងទៅហើយ គឺ Bayern Munich និង Real Madrid៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]