យោងតាមទំព័រផ្លូវការរបស់ Rain បានបង្ហោះសារគួរឲ្យភ្ញាក់ផ្អើលមួយនៅរសៀលនេះថា៖

«សួស្តី កម្ពុជា ខ្ញុំនឹងទៅជួបអ្នកម្តងទៀត​» ឬ (Hi, Cambodia, I'm coming to see you again)

រង់ចាំតាមដានទាំងអស់គ្នា! ព័ត៌មានលម្អិតខ្មែរឡូតនឹងផ្សាយជូនប្រិយមិត្តនៅពេលបន្ទាប់...

រំឮកព័ត៌មានលើកមុនផងដែរថា៖

Kim Tae Hee ទម្លាយពីជីវិតក្រោយពេលរៀបការជាមួយ Rain !

កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកនាង Kim Tae Hee បានផ្តល់កិច្ចសម្ភាសន៍មួយ ជាមួយនឹងភ្នាក់ងារសារព័ត៌មានរបស់កូរ៉េដែលមានឈ្មោះថា Sport Seoul ដោយក្នុងនោះផងដែរ អ្នកនាងបាននិយាយរៀបរាប់ពីស្ថានភាពជីវិត ក្រោយពីរៀបអាពាហ៍ពិពាហ៍ និងបាននិយាយទម្លាយពីមូលហេតុពីក្រោយ ការរៀបចំពិធីមង្គលការរបស់នាង ថាហេតុអ្វីបានជានាងសម្រេចចិត្តធ្វើវាឡើង ជាលក្ខណៈបែបសាមញ្ញៗ មិនធ្វើបែបធំដុំ? ព្រមទាំងនិយាយអំពី គ្រាដែលស្វាមីជាទីស្រលាញ់លោក Rain សុំនាងរៀបការផងដែរ។

គួររំលឹកដែរថា អ្នកនាង Kim Tae Hee និងលោក Rain បានសម្រេចចិត្តដឹកដៃគ្នាចូលព្រះវិហារ ស្បថសច្ចា ធ្វើជាគូជីវិតនឹងគ្នា កាលពីថ្ងៃទី១៩ ខែមករាកន្លងទៅនេះ ដោយពិធីមង្គលការរបស់ពួកគេបានរៀបចំជាលក្ខណៈផ្ទាល់ខ្លួន និងចំណាយថវិកាសម្រាប់ពិធីទាំងមូលអស់តិចបំផុត គឺត្រឹមតែ១.៣ លានវ៉ុន គិតជាដុល្លារ គឺ ១១១៦ ដុល្លារអាមេរិកតែប៉ុណ្ណោះ ហើយថ្មីៗនេះផងដែរ អ្នកទាំងពីរ ក៏ទើបតែនឹងត្រលប់មកពីក្រេបទឹកឃ្មុំដ៏សែនរ៉ូមែនទិកនៅឯកោះប៉ាលី ផងដែរ។

ទាក់ទងនឹងចំណាយអស់តិចនៅក្នុងពិធីមង្គលការនេះផងដែរ អ្នកនាង Kim Tae Hee បានលើកឡើងថា៖

«ពួកយើងបានពិភាក្សាកាលពីឆ្នាំមុនមកម៉្លេះ ថាតើពិធីមង្គលការរបស់ពួកយើងគួរតែប្រកាសចេញដោយវិធីណា និងត្រូវរៀបចំពិធីយ៉ាងដូចម្តេច ហើយចុងក្រោយក៏យើង រកបានគំនិតពីរ។

ទី១ គឺពួកយើង គួរតែប្រកាសអញ្ជើញភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងអ្នកគ្រប់គ្នាដែលយើងស្គាល់ ឲ្យចូលរួមក្នុងពិធីមង្គលដ៏ធំបំផុតរបស់យើង។ ឬក៏ពួកយើង គួរតែរក្សារឿងរៀបការរបស់យើងជាការសម្ងាត់បំផុត បន្ទាប់មកចាំបង្ហោះរូបនៃពិធីរៀបការ តាមក្រោយ។ បន្ទាប់ពីគិតមក និងពឹងផ្អែកទៅលើសេដ្ឋកិច្ចបច្ចុប្បន្នផង ពួកយើងក៏សម្រេចមិនធ្វើជាពិធីមង្គលការធំដុំ ទំនើប ស៊ីវីល័យ អ្វីទេ ពួកយើងជ្រើសរើសជាលក្ខណៈបែបសាមញ្ញវិញ។»

យ៉ាងណាមិញ ក្រឡេកមកឈុត អាពាហ៍ពិពាហ៍ របស់នាងKim Tae Hee វិញម្តង គឺនាងបានជ្រើសរើសយក រ៉ូបរៀបការតូចមួយប៉ុន្តែមានពន្លឺភ្លឺចែងចាំងបើទោះបីជាមិនមាន ដាំគ្រាប់ពេជ្រតូចៗនៅលើរ៉ូបនោះក៏ដោយ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺជារ៉ូបដែលនាងច្នៃម៉ូតឡើងដោយខ្លួនឯងទៀតផង។ រីឯការតុបតែងមុខវិញ គឺបានរៀបចំតុបតែងដោយ អ្នកជំនាញផ្នែក Make-Up កញ្ញា Jeong Saem Mul។

ដោយឡែក នៅពេលដែលដល់សំណួរសួរថា តើលោក Rain សុំនាងរៀបការដំបូងដោយវិធីណាដែរ? ឭបែបនេះ អ្នកនាងក៏បានផ្ទុះសំណើចជាខ្លាំង ហើយក៏បានឆ្លើយថា៖

«ខ្ញុំទទួលបានការសុំរៀបការ គឺនៅថ្ងៃដែលខ្ញុំរៀបការនេះឯង។ គឺនៅពេលដែលRain គាត់ដើរមកហើយច្រៀងបទ “The Best Present” មកកាន់ខ្ញុំ នេះហើយគឺការសុំរៀបការរបស់គាត់»។

ក្រឡេកមកជីវិតអាពាហ៍ពិពាហ៍ក្រោយរៀបការវិញម្តង អ្នកនាង Kim Tae Hee បានរស់នៅក្រោមដំបូងតែមួយជាមួយនឹងក្រុមគ្រួសាររបស់Rain រហូតដល់នាង និងRain រកផ្ទះថ្មី សម្រាប់រស់តែ២នាក់បាន ទើបរើចេញ។

Kim Tae Hee បានបន្តនិយាយពី ជីវិតរបស់នាងផ្លាស់ប្តូរបែបណាបន្ទាប់ពីនាងរៀបការរួច ដោយក្នុងនោះបានបានពន្យល់ថា៖ «នាងរស់នៅគឺសាមញ្ញៗដូចជាស្រ្តីមេផ្ទះទូទៅ ដោយជារៀងរាល់ព្រឹក នាងភ្ញាក់ឡើងញុំា អាហារពេលព្រឹកជាមួយនឹងគ្រួសារលោក Rain បន្ទាប់មកពួកគេទៅធ្វើការងាររៀងៗខ្លួន»។

នាងព្យាយាមពន្យល់បន្ថែមពីការរស់នៅជាមួយឪពុកម្តាយក្មេក ចៀសវាងការយល់ច្រឡំ ដែលជាទូទៅនៅកូរ៉េខាងត្បូងតែងតែងមានគំនិតអវិជ្ជមាននៅលើការរស់នៅជាមួយ ឪពុកម្តាយក្មេក៖

«អ្វីៗដែលខ្ញុំនិយាយមុននេះ អាចនឹងធ្វើឲ្យអ្នករាល់គ្នាយល់ខុស ថាកាលដែលយើងរស់នៅជាមួយនឹងឪពុកក្មេក យើងគួរតែប្រុងប្រយ័ត្នក្នុងការបញ្ចេញរឿង ទាំងនេះឲ្យអ្នករាល់គ្នាដឹង ពីព្រោះមានមនុស្សមួយចំនួនបានសួរខ្ញុំថា “តើអ្នកមិនបានរងទុក្ខវេទនាអ្វីទេ ពេលដែលរស់នៅជាមួយឪពុកក្មេកអញ្ចឹង?” ប៉ុន្តែឪពុកក្មេករបស់ខ្ញុំគាត់ជាមនុស្សចិត្តល្អខ្លាំងណាស់ ខ្ញុំចូលចិត្ត ហើយខ្ញុំក៏នឹងរស់នៅទីនេះជាមួយគាត់ រហូតដល់ពួកយើងរកផ្ទះថ្មីបាន។»

លើសពីនេះ នាងក៏បានបង្ហើបថា នាងធ្លាប់ធ្វើអាហារឲ្យគ្រួសារទទួលទានបានម្តងដែរ ប៉ុន្តែនាងមិនបានប្រាប់ទេថា វាមានរសជាតិយ៉ាងណា នាងគ្រាន់តែធ្វើទឹកមុខបែបអៀនខ្មាស ប៉ុន្តែមិនថាយ៉ាងណា នាងក៏កំពុងតែព្យាយាមពង្រឹងការចម្អិនម្ហូបរបស់នាងផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]