អឺរ៉ុប៖ ជើងទី២ នៃព្រឹត្តការណ៍បាល់ទាត់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ បានចាប់ផ្តើមការប្រកួតកាលពីយប់មិញ ដោយ Arsenal ចាញ់ស្ពឹកមុខក្នុងកីឡដ្ឋានរបស់ខ្លួន ក្រោមថ្វីជើងក្រុម Bayern Munich ក្នុងលទ្ធផល ៥-១ សរុបលទ្ធផលទាំង២ជើង Bayern ឈ្នះ ១០-២ ខណៈជើងខ្លាំងមកពីអេស្ប៉ាញ Real Madrid វិញ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីលុត Napoli ក្នុងលទ្ធផល ៣-១ ទាំងក្នុងដី និងក្រៅដី។

Arsenal បានចាប់ផ្តើមការប្រកួតជើងទី២នៃពានរង្វាន់ Champions League បានយ៉ាងល្អនៅក្នុងតង់ទី១ ដោយមានឱកាសនាំមុខ ១-០មុន ដោយកីឡាករ Theo Walcott ប៉ុន្តែចូលដល់តង់ទី២ ខ្សែការពារ Arsenal កីឡាករ Koscielny ទទួលបានកាតក្រហម ធ្វើឲ្យ Bayern មានឱកាសសម្រុករកគ្រាប់បាល់វិញ បានរហូតទៅដល់៥គ្រាប់ តាមពីក្រោយ។

៥គ្រាប់របស់ Bayern Munich ធ្វើឡើងដោយកីឡាករ Lewandowski , Robben, Costa និង Vidal ២គ្រាប់ម្នាក់ឯងនៅចុងម៉ោង ដែលលទ្ធផលនេះហើយ បានធ្វើឲ្យ Bayern ឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយងាយស្រួល។

គួររំលឹកផងដែរថា លទ្ធផលចាញ់ ៥-១ របស់ក្លិបកាំភ្លើងធំ Arsenal នេះ ក៏ដូចកាលពីជើងទីមួយផងដែរ នៅក្នុងទឹកដីរបស់ Bayern Munich ដោយសរុបលទ្ធផលទាំងពីរជើង Bayern Munich ១០ Arsenal ២ ។ 

ក្រឡេកមកមើលមួយគូទៀត ក៏មិនខុសគ្នាពីគូខាងលើដែរ ដោយលទ្ធផលទាំងពីរជើងបញ្ចប់ទៅក្នុងលទ្ធផល ៣-១ ដូចគ្នា ដោយក្លិប Real Madrid ជាអ្នកយកឈ្នះលើក្រុម Napoli ។

ជើងទីមួយនៅកីឡដ្ឋាន Santiago Beunabue ក្នុងប្រទេសអេស្ប៉ាញ ក្លិប Napoli បានចាញ់ Real មួយលើកហើយក្នុងលទ្ធផល ៣-១។ ដោយឡែកចូលមកដល់ការប្រកួតជើងទី២វិញ ក្រុមម្ចាស់ផ្ទះ Napoli ក៏បានបន្តចាញ់ក្នុងលទ្ធផល ៣-១ នេះដដែល ធ្វើឲ្យលទ្ធផលសរុបទាំងពីរជើង Real Madrid ៦ Napoli ២ ។

គួរឲ្យដឹងថា ៣គ្រាប់របស់ Real Madrid កាលពីយប់មិញនេះ ធ្វើឡើងដោយកីឡាករ Sergio Ramos ២គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតដោយកីឡាករ Morata ខណៈ ១គ្រាប់ របស់ Napoli ស៊ុតដោយកីឡាករ Mertens។

ដូច្នេះ វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តការណ៍បាល់ទាត់កំពូលប្រចាំតំបន់អឺរ៉ុបបានស្វែងរក២ក្រុមដំបូងឡើងទៅហើយ គឺ Bayern Munich និង Real Madrid៕ 

ទស្សនាវីដេអូ Highlights៖

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ Messi រំជួលចិត្ត ពេលបានជួបនិមិត្តរូបរបស់ខ្លួន

អេស្ប៉ាញ៖ នៅក្នុងឃ្លីបវីដេអូប្រមាណជាង១នាទី បានបង្ហាញឲ្យឃើញថា កីឡាករកំពូលលំដាប់ពិភពលោក Lionel Messi បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល ក្តុកក្តួលក្នុងចិត្ត នៅពេលដែលបានជួបនិមិត្តរូបរបស់ខ្លួន ដែលជាម្ចាស់មេដាយមាសអូឡាំពិក ផ្នែកកីឡាជិះទូកក្តោង សញ្ជាតិអាហ្សង់ទីន កីឡាករ Santiago Lange ។

ជំនួបរវាងអ្នកទាំងពីរ បានកើតឡើងនៅមុនពេលដែល Barcelona ធ្វើការប្រកួតជាមួយ Celta Vigo ខណៈកីឡាករ Santiago Lange វ័យ៥៥ឆ្នាំ ដែលទើបនឹងរួចផុតពីជំងឺមហារីក បានមកទស្សនាការប្រកួតដោយផ្ទាល់នៅកីឡដ្ឋាន Camp Nou។

យោងទៅតាមវីដេអូ Messi ហាក់បីដូចជាមានក្តីរំភើបយ៉ាងខ្លាំង និងទំនងជាទប់ទឹកភ្នែកសឹងពុំបាន នៅពេលបានជួបអត្តពលិកផ្នែកទូកក្តោង ដែលជានិមិត្តរូបរបស់ខ្លួន ។

ដោយឡែកចំពោះ អត្តពលិកកីឡាជិះទូក្តោង និងជាម្ចាស់មេដាយមាសអូឡាំពិកវិញ បាននិយាយថា «ពិតជារីករាយខ្លាំងណាស់! ពួកយើងមកទីនេះ ដើម្បីជួប Messi និងកីឡាករ Mascherano។ ខ្ញុំពិតជាចូលចិត្តភាពសាមញ្ញរបស់ពួកគាត់ណាស់» ។

Santiago Lange កីឡាករជិះទូកក្តោងរូបនេះបានបន្ថែមទៀតថា «ខ្ញុំធ្លាប់រស់នៅក្នុងទីក្រុង Barcelona នៅពេលដែលខ្ញុំនៅរៀនមហាវិទ្យាល័យ ហើយតាំងពីពេលនោះមកខ្ញុំក៏ចាប់ផ្តើមចូលចិត្តក្លិបបាល់ទាត់ Barcelona ជំនាន់កីឡាករជើងចាស់ Johan Cruyff» ។

គួរបញ្ជាក់ផងដែរ អំឡុងពេលជំនួបនេះដែរ ទាំង Messi និង Lange ក៏បានផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយបានផ្លាស់ប្តូរហត្ថលេខា និងថតរូបជាមួយគ្នាផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]