អេស្ប៉ាញ៖ នៅក្នុងឃ្លីបវីដេអូប្រមាណជាង១នាទី បានបង្ហាញឲ្យឃើញថា កីឡាករកំពូលលំដាប់ពិភពលោក Lionel Messi បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល ក្តុកក្តួលក្នុងចិត្ត នៅពេលដែលបានជួបនិមិត្តរូបរបស់ខ្លួន ដែលជាម្ចាស់មេដាយមាសអូឡាំពិក ផ្នែកកីឡាជិះទូកក្តោង សញ្ជាតិអាហ្សង់ទីន កីឡាករ Santiago Lange ។

ជំនួបរវាងអ្នកទាំងពីរ បានកើតឡើងនៅមុនពេលដែល Barcelona ធ្វើការប្រកួតជាមួយ Celta Vigo ខណៈកីឡាករ Santiago Lange វ័យ៥៥ឆ្នាំ ដែលទើបនឹងរួចផុតពីជំងឺមហារីក បានមកទស្សនាការប្រកួតដោយផ្ទាល់នៅកីឡដ្ឋាន Camp Nou។

យោងទៅតាមវីដេអូ Messi ហាក់បីដូចជាមានក្តីរំភើបយ៉ាងខ្លាំង និងទំនងជាទប់ទឹកភ្នែកសឹងពុំបាន នៅពេលបានជួបអត្តពលិកផ្នែកទូកក្តោង ដែលជានិមិត្តរូបរបស់ខ្លួន ។

ដោយឡែកចំពោះ អត្តពលិកកីឡាជិះទូក្តោង និងជាម្ចាស់មេដាយមាសអូឡាំពិកវិញ បាននិយាយថា «ពិតជារីករាយខ្លាំងណាស់! ពួកយើងមកទីនេះ ដើម្បីជួប Messi និងកីឡាករ Mascherano។ ខ្ញុំពិតជាចូលចិត្តភាពសាមញ្ញរបស់ពួកគាត់ណាស់»

Santiago Lange កីឡាករជិះទូកក្តោងរូបនេះបានបន្ថែមទៀតថា «ខ្ញុំធ្លាប់រស់នៅក្នុងទីក្រុង Barcelona នៅពេលដែលខ្ញុំនៅរៀនមហាវិទ្យាល័យ ហើយតាំងពីពេលនោះមកខ្ញុំក៏ចាប់ផ្តើមចូលចិត្តក្លិបបាល់ទាត់ Barcelona ជំនាន់កីឡាករជើងចាស់ Johan Cruyff» ។

គួរបញ្ជាក់ផងដែរ អំឡុងពេលជំនួបនេះដែរ ទាំង Messi និង Lange ក៏បានផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយបានផ្លាស់ប្តូរហត្ថលេខា និងថតរូបជាមួយគ្នាផងដែរ៕ 

ប្រភព៖ 101 great goals

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ក្រោយធ្លាក់យន្តហោះស្លាប់ស្ទើរទាំងក្រុមលើកមុន! ពេលនេះ ក្លិបបាល់ទាត់ប្រេស៊ីល បានធ្វើការហោះហើរជាលើកដំបូងវិញ

ប្រេស៊ីល៖ ក្លិបបាល់ទាត់ Chapecoense របស់ប្រេស៊ីលបានធ្វើការហោះហើរអន្តរជាតិជាលើកដំបូង ក្រោយការជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ ស្លាប់បាត់បង់ជីវិតស្ទើរតែទាំងក្រុមកាលពីប៉ុន្មានខែមុន នៅក្នុងប្រទេសកូឡុំប៊ី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្លិប Chapecoense បានឆ្ពោះដំណើរទៅធ្វើការប្រកួតអន្តរជាតិជាមួយក្លិបនៅប្រទេសប៉ាណាម៉ា ដែលនឹងត្រូវប្រកួតនាពេលខាងមុខនេះ ដោយសមាជិកថ្មីរបស់ក្រុម រួមទាំងគ្រូបង្វឹក និងបុគ្គលិកផ្សេងទៀត បាននាំគ្នាបង្ហាញនូវអារម្មណ៍ និងទឹកមុខញញឹមរីករាយរៀងៗខ្លួន ដោយសារនេះជាការធ្វើដំណើរតាមជើងអាកាសលើកទីមួយ បន្ទាប់ពីជួបហេតុការណ៍អាក្រក់កាលពីលើកមុន។

គួរឲ្យដឹងថា ពេលនេះក្លិប Chapecoense របស់ប្រេស៊ីលបានរៀបចំក្រុមសាជាថ្មីឡើងវិញហើយ ដោយក្នុងនោះ មានបញ្ចូលនូវសមាជិកយុវវជនថ្មីៗជាច្រើននាក់ ហើយក៏មានកីឡាករចាស់ៗដែលរួចជីវិតពីការស្លាប់ ក្រោយពីធ្លាក់យន្តហោះកាលពីលើកមុនផងដែរ។

ចំពោះកីឡាករចាស់ៗវិញ ក្នុងនោះគណកម្មការរបស់ក្លិបក៏បានបញ្ចូលឈ្មោះកីឡាករ Neto និង Alan Ruschel ដែលរួចផុតពីសេចក្តីស្លាប់ ចូលទៅក្នុងបញ្ជីឈ្មោះកីឡាករទាំង ៣០នាក់ផងដែរ ប៉ុន្តែមិនប្រាកដថាកីឡាករ២រូបនេះ នឹងបានចូលលេង ឬយ៉ាងណានោះទេ។

គួររំលឹកឡើងវិញផងដែរថា មានតែកីឡាករបស់ក្លិប Chapecoense ៣រូបប៉ុណ្ណោះ ដែលរួចផុតពីការស្លាប់ ក្នុងឧប្បទ្ទវហេតុធ្លាក់យន្តហោះ នៅប្រទេសកូឡុំប៊ី កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ គឺកីឡាករ ខ្សែការពារ Neto ខ្សែការពារស្លាប Alan Ruchel និងអ្នកចាំទី Jackson Follman៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]