ប្រេស៊ីល៖ ក្លិបបាល់ទាត់ Chapecoense របស់ប្រេស៊ីលបានធ្វើការហោះហើរអន្តរជាតិជាលើកដំបូង ក្រោយការជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ ស្លាប់បាត់បង់ជីវិតស្ទើរតែទាំងក្រុមកាលពីប៉ុន្មានខែមុន នៅក្នុងប្រទេសកូឡុំប៊ី។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្លិប Chapecoense បានឆ្ពោះដំណើរទៅធ្វើការប្រកួតអន្តរជាតិជាមួយក្លិបនៅប្រទេសប៉ាណាម៉ា ដែលនឹងត្រូវប្រកួតនាពេលខាងមុខនេះ ដោយសមាជិកថ្មីរបស់ក្រុម រួមទាំងគ្រូបង្វឹក និងបុគ្គលិកផ្សេងទៀត បាននាំគ្នាបង្ហាញនូវអារម្មណ៍ និងទឹកមុខញញឹមរីករាយរៀងៗខ្លួន ដោយសារនេះជាការធ្វើដំណើរតាមជើងអាកាសលើកទីមួយ បន្ទាប់ពីជួបហេតុការណ៍អាក្រក់កាលពីលើកមុន។

គួរឲ្យដឹងថា ពេលនេះក្លិប Chapecoense របស់ប្រេស៊ីលបានរៀបចំក្រុមសាជាថ្មីឡើងវិញហើយ ដោយក្នុងនោះ មានបញ្ចូលនូវសមាជិកយុវវជនថ្មីៗជាច្រើននាក់ ហើយក៏មានកីឡាករចាស់ៗដែលរួចជីវិតពីការស្លាប់ ក្រោយពីធ្លាក់យន្តហោះកាលពីលើកមុនផងដែរ។

ចំពោះកីឡាករចាស់ៗវិញ ក្នុងនោះគណកម្មការរបស់ក្លិបក៏បានបញ្ចូលឈ្មោះកីឡាករ Neto និង Alan Ruschel ដែលរួចផុតពីសេចក្តីស្លាប់ ចូលទៅក្នុងបញ្ជីឈ្មោះកីឡាករទាំង ៣០នាក់ផងដែរ ប៉ុន្តែមិនប្រាកដថាកីឡាករ២រូបនេះ នឹងបានចូលលេង ឬយ៉ាងណានោះទេ។

គួររំលឹកឡើងវិញផងដែរថា មានតែកីឡាករបស់ក្លិប Chapecoense ៣រូបប៉ុណ្ណោះ ដែលរួចផុតពីការស្លាប់ ក្នុងឧប្បទ្ទវហេតុធ្លាក់យន្តហោះ នៅប្រទេសកូឡុំប៊ី កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ គឺកីឡាករ ខ្សែការពារ Neto ខ្សែការពារស្លាប Alan Ruchel និងអ្នកចាំទី Jackson Follman៕

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ មិនធម្មតា! ធ្លាប់តែឃើញ Big Show មាឌធំឌាំង ឥឡូវសម្រកទម្ងន់ ហើយមានសាច់ដុំ៦កង់ទៀត

អាមេរិក៖ អ្នកដែលចូលចិត្តមើល និងតាមដានកម្មវិធីកីឡាកាស ច្បាស់ជាបានស្គាល់ហើយបុរសមាឌធំ ទម្ងន់ធ្ងន់ជាងគេនៅស្ថាប័ន WWE អ្នកកីឡាកាសដែលមានឈ្មោះថា Big Show ឈ្មោះពិត Paul Donald Wight II។ Big Show បានប្រឡូកក្នុងអាជីពជាអ្នកកីឡាកាសនេះអស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយឆ្លងកាត់ការប្រកួតអស់ជាច្រើន។

គួរឲ្យដឹងថា កន្លងទៅនេះ Big Show បានបាត់មុខលើសង្វៀនអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែថ្មីៗនេះអ្នកកីឡាកាសមាឌធំរូបនេះ ក៏បានបង្ហាញមុខសាជាថ្មីឡើងវិញនៅលើសង្វៀន WWE ជាមួយនឹងរូបរាង ដងខ្លួនថ្មី ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Big Show បានសម្រាកអស់មួយរយៈពេលធំ ដើម្បីសម្រកទម្ងន់របស់ខ្លួនអស់ជាង៣០គីឡូក្រាម ដែលពីមុនទម្ងន់របស់គេគឺ ៤៧០ផោន (២១៣គីឡូក្រាម) ឥឡូវនៅសល់តែ១៨១គីឡូតែប៉ុណ្ណោះ ។ មិនថែមតែប៉ុណ្ណោះ Big Show ក៏បានបង្ហាញនូវដងខ្លួនថ្មីមួយទៀត ជាមួយនឹងសាច់ដុំ៦កង់ត្រង់ក្បាលពោះរបស់ខ្លួនទៀតផង។

អ្នកកីឡាកាសវ័យ៤៥ឆ្នាំរូបនេះ បានបញ្ជាក់ឲ្យដឹងថា «នេះគឺជារឿងពិបាកបំផុត សម្រាប់មនុស្សធាត់ដែលចង់សម្រកគីឡូ ប៉ុន្តែដោយសារតែការនិយាយលេងសើចឌឺដងពីមិត្តរួមអាជីព ក៏បានធ្វើឲ្យខ្ញុំសម្រេចវាបាន»។

ក្នុងនោះដែរ Big Show បានបន្ថែមឲ្យដឹងទៀតថា «John Cena ជាអ្នកជំរុញខ្ញុំឲ្យធ្វើបែបនេះ។ គេតែងតែលេចសើច និងឌឺដងនឹងដងខ្លួនរបស់ខ្ញុំ តែមានថ្ងៃមួយពួកយើងបាននិយាយគ្នាអំពីដងខ្លួន ធ្វើឲ្យខ្ញុំហួសចិត្តថា តើមាឌធំដូចខ្ញុំនេះអាចយកសាច់ដុំ៦កង់បានយ៉ាងម៉េចទៅ» ។

Big Show បន្តទៀតថា «ក្រោយមក John ក៏បានសម្លឹងមកខ្ញុំ ហើយនិយាយថា Yeah! បុរសមាឌយក្សជាមួយសាច់ដុំ៦កង់ នេះគឺជារឿងមួយដ៏កម្រមានណាស់។ ពាក្យសម្តីទាំងនេះហើយ ក៏បានធ្វើឲ្យខ្ញុំសម្រេចបាននូវរូបរាងថ្មីមួយនេះ» ។

ចុងក្រោយ Big Show ក៏បានឲ្យដឹងទៀតថា «នៅពេលដែលសម្រេចវាបានហើយនោះ John ក៏បានភ្ញាក់ផ្អើល ហើយអបអរដល់ខ្ញុំ។ វាពិតជាមានន័យណាស់ ហើយខ្ញុំក៏បានសម្តែងការគោរពចំពោះគេដែរ ដែលបានផ្តល់ការជំរុញទឹកចិត្តដ៏ធំមួយសម្រាប់ខ្ញុំ» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]