ចិន៖ វីដេអូមួយបានបង្ហាញពីក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ មានការភ័យខ្លាចជាខ្លាំង ដល់ថ្នាក់មិនហ៊ានទៅផ្ទះ បន្ទាប់ពីត្រូវឪពុករបស់គេវាយដំឡើងទក់សាច់អស់ បានធ្វើឲ្យអ្នកលេងអ៊ិនធើណេតជាច្រើននាក់មានការភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំង។

នៅក្នុងវីដេអូនោះមានស្រ្តីម្នាក់ បានពិនិត្យមើលស្នាមរបួសរបស់ក្មេងប្រុសរងគ្រោះ ហើយបានរកឃើញមានស្នាមជាំជាច្រើនកន្លែងនៅលើរាងកាយ ក៏ដូចជាខ្នងរបស់គេផងដែរ។ ដោយមានទឹកភ្នែកស្រក់ចុះបណ្តើរផង ក្មេងប្រុសតូចបានប្រាប់ថា ឪពុករបស់គេបានយកស្បែកជើងមកវាយរូបគេ គឺដោយសារតែរឿងភ្លេចបិទបង្អួចមួយ។

ក្រោយពីមានការវាយដំបែបនេះ ក្មេងប្រុសតូចបានចំណាយពេលពេញមួយយប់ ដេកនៅក្រោមរថយន្តមួយគ្រឿង ហើយនៅពេលដែលស្រ្តីខាងលើសួរគេថា ហេតុអ្វីមិនទៅផ្ទះ ស្រាប់តែគេស្រក់ទឹកភ្នែកភ្លាម ហើយនិយាយថា “ខ្ញុំខ្លាចប៉ារបស់ខ្ញុំ វាយខ្ញុំទៀត”។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកក្មេងប្រុសនោះ រស់នៅក្នុងទីក្រុង Changzhou ខេត្តជាំងស៊ូ (Jiangsu)  ធ្លាប់ត្រូវចាប់ឃុំខ្លូនម្តងរួចមកហើយ លើករណីវាយដំកូនប្រុសខ្លួនឯង។ 

អ្នកលេងបណ្តាញសង្គម Weibo ម្នាក់បាននិយាយថា កាលពីពេលថ្មីៗនេះ ខ្ញុំបានឆែកមើលឯកសារចាស់ៗនៅក្នុងស្រុក ហើយខ្ញុំឃើញថា ក្មេងប្រុសតូចនេះធ្លាប់ត្រូវវាយដំស្ទើរតែស្លាប់ កាលពី ២-៣ឆ្នាំមុន។  នៅក្នុងឯកសារនោះបានឲ្យដឹងថា ឪពុករបស់គេត្រូវបានឃុំខ្លួនតែ២ខែប៉ុណ្ណោះ ហើយក៏ដោះលែងចេញមកវិញ។

ក្រោយមកក្មេងប្រុសនេះ ក៏ត្រូវឪពុកចិត្តខ្មៅវាយធ្វើបាបទៀត ដោយវាយធ្វើបាបស្ទើរតែរៀងរាល់ថ្ងៃ ហើយប្រសិននៅតែបន្តបែបនេះ មិនយូរមិនឆាប់ក្មេងប្រុសកម្សត់នេះនឹងត្រូវស្លាប់ក្រោមដៃឪពុករបស់គេជាក់ជាមិនខាន។

ប្រភពបានបន្តថា បច្ចុប្បន្នក្មេងប្រុសរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់ទីស្នាក់នៅបណ្តោះអាសន្ន ដើម្បីសម្រាកព្យាបាលរបួស រីឯឪពុកចិត្តខ្មៅនោះវិញ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនហើយ។

គួរបញ្ជាក់ថា ក្មេងប្រុសនេះគ្មានសាច់ញាតិសម្រាប់ពឹងពាក់ទេ ដោយម្តាយរបស់គេ បានរៀបការប្តីថ្មី ហើយមិនត្រូវការគេនោះទេ ចំណែកយាយតា និងអ្នកមីងរបស់គេ ក៏មិនត្រូវការដូចគ្នាដែរ៕ 

ប្រភព៖ Shanghaiist

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ អស្ចារ្យមែន! ឥណ្ឌាបង្កើតប្រវត្តិសាស្ត្រ ដោយសមាជិកបម្រើការងារលើយន្តហោះទាំងអស់ ព្រមទាំងពីឡុត សុទ្ធតែមនុស្សស្រី

ពិតជាមិនធម្មតា! ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ប្រទេសឥណ្ឌា បានបង្កើតប្រវត្តិសាស្រ្តថ្មី ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដែលបានបំពេញការហោះហើររបស់ខ្លួនជាលើកដំបូង ដោយក្នុងនោះសមាជិកបំរើការងារទាំងអស់នៅលើយន្តហោះ ព្រមទាំងពីឡុត សុទ្ធតែជាស្រ្តីភេទ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នេះជាដំណើរហោះហើរតាមជើងយន្តហោះ ចេញពីទីក្រុង Delhi ប្រទេសឥណ្ឌា ឆ្ពោះទៅទីក្រុង San Francisco សហរដ្ឋអាមេរិក។ បុគ្គលិកដែលទទួលតួនាទីក្នុងជើងហោះហើរមួយនេះ សុទ្ធតែជាស្ត្រីភេទទាំងអស់ ចាប់តាំងពីបុគ្គលិកចាំឆែកសំបុត្រចេញដំណើរ រហូតឡើងទៅលើយន្តហោះ រួមទាំងពីឡុត។

ប្រភពព័ត៌មានបានបន្តទៀតថា ជើងហោះហើរពោរពេញដោយបុគ្គលិកនារីភេទ ដែលតំណាងឲ្យក្រុមអាកាសចរណ៍ឥណ្ឌាមួយនេះ បានបង្កើតកំណត់ត្រាពិភពលោក World Guinness Record រួចមិនត្រឹមតែប៉ុណ្ណោះ ពួកគេគ្រោងនឹងធ្វើការហោះហើរបែបនេះម្តងទៀត ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ផងដែរ។

អ្នកនាង Kshamata Bajpaiyee ដែលជាកាពីទេន យន្តហោះប្រភេទប៊ូអ៊ីង 777-200LR នេះបានបញ្ជាក់ឲ្យដឹងថា «ការហោះហើរមួយនេះ តំណាងឲ្យឥទ្ធិពលរបស់ស្ត្រីភេទគ្រប់រូប ហើយវាអាចនឹងឲ្យស្រ្តីយើងគ្រប់គ្នាមើលឃើញថា ពួកយើងក៏អាចទទួលបានភាពជោគជ័យ ដូចបុរសៗដែរ» ។

នាងបានបន្ថែមទៀតថា «នេះគឺជាសារមួយសម្រាប់ជំរុញឲ្យស្រ្តីៗគ្រប់រូប ដែលមានក្តីស្រមៃចង់ក្លាយជាអ្នកបើកយន្តហោះ ឬហោះហើរលើវេហ៍អាកាស បើទោះបីវាជាជំនាញបច្ចេកទេសក៏ពិតមែន ប៉ុន្តែមិនមានន័យថាបុរសៗសុទ្ធតែធ្វើបានទាំងអស់នោះ។ មួយវិញទៀត នេះក៏ចង់បង្ហាញឲ្យឃើញដែរថា ការងារដែលប្រុសៗអាចធ្វើ នារីៗក៏អាចធ្វើបានដូចគ្នាដែរ»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាមួយនេះ បានបង្កើន និងទទួលយកចំនួនបុគ្គលិកភេទស្រីរបស់ខ្លួនរហូតដល់ ២០% ក្នុងឆ្នាំនេះ ច្រើនជាងឆ្នាំមុន ទទួលយកត្រឹមតែ៥%ប៉ុណ្ណោះ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]