ហ្សំប៊ី៖ មើលនឹងភ្នែកដំបូង ប្រិយមិត្តអាចនឹងមិនជឿទៅលើរូបភាពដ៏ភ្ញាក់ផ្អើលទាំងនេះ ប៉ុន្តែបើយោងតាមប្រភពព័ត៌មានរបស់ឌេលីម៉ែលបានចុះផ្សាយឲ្យដឹងថា អ្នកធ្វើដំណើរតាមដងផ្លូវជាច្រើន បាននាំគ្នាផ្អើលរត់ និងភ័យខ្លាច បន្ទាប់ពីប្រទះឃើញស្រមោលមួយមានរាងដូចមនុស្សហោះបណ្តែតខ្លួនលើផ្ទៃអាកាស ចំពីលើផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Kitwe ប្រទេសហ្សំប៊ី (Zambia)។

ប្រភពបានបន្តទៀតថា រូបភាពដែលមានរាងដូចព្រលឹងអសុរកាយនេះ ត្រូវបានគេនាំគ្នាប្រៀបប្រដូចថា ជាព្រលឹងសភាវៈអាក្រក់មួយ ដូចនៅក្នុងរឿង Harry Potter ។

គួរឲ្យដឹងទៀតថា ព្រលឹងដែលមានសណ្ឋានផ្ទៃពណ៌ខ្មៅ មានក្បាលដូចមនុស្ស និងកន្ទុយបក់ល្វើយៗ បណ្តែតខ្លួនទៅតាមពពកលើផ្ទៃអាកាស ដូចដែលបានឃើញក្នុងរូបភាពទាំងនេះ មានប្រវែងរហូតទៅដល់១០០ម៉ែត្រឯណោះ។

បើយោងតាមសាក្សីដែលបានឃើញទិដ្ឋភាពនេះ បានបញ្ជាក់ឲ្យដឹងថា «ពួកយើងមានការរន្ធត់ និងភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញទិដ្ឋភាពមួយនេះ។ វាបានបណ្តែតខ្លួនអស់រយៈពេលប្រមាណ៣០នាទី ចំនែកឯមនុស្សជាច្រើនបាននាំគ្នាភ័យខ្លាច រត់ផ្អើលផ្លូវ ឯខ្លះទៀតនាំគ្នាគោរពបូជា។ វាពិតជាចម្លែកណាស់»

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ខាងក្រោមជារូបភាពសភាវៈអាក្រក់ នៅក្នុងរឿង Harry Potter ដ៏ល្បី៖

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ បាតុភូតចម្លែកកម្របានជួប មើលឃើញព្រះអាទិត្យ ដូចមានដល់ទៅ ៣ កំពុងរះ

ចិន៖ សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយថា មានបាតុភូតបរិយាកាសចម្លែក ដ៏កម្រមួយបានកើតឡើងនៅក្នុងប្រទេសចិន ដោយបណ្តាលឲ្យមើលឃើញព្រះអាទិត្យ ដែលកំពុងតែរះ មានចំនួនដល់ ៣ ហាក់ដូចជាប្រទេសនេះកំពុងទទួលបានការស្វាគមន៍ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត។

យោងតាមវីដេអូ ដែលថតបានទិដ្ឋភាពទាំងនោះ បង្ហាញថា ព្រះអាទិត្យចំនួន ៣នោះ បានរះនៅពីលើជួរដេកបន្តបន្ទាប់គ្នា ស្ថិតក្នុងខេត្តមួយរបស់ ម៉ុងហ្គោលីខាងក្នុង។ ខណៈអ្នកថតវីដេអូនោះ បានព្យាយាមបង្វិលកាមេរ៉ា ដើម្បីថតបានទិដ្ឋភាពពេញលេញ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា តាមរយៈការពន្យល់បែបវិទ្យាសាស្រ្ត ទៅលើហេតុការណ៍ដែលបានកើតឡើងខាងលើនេះ គឺស្ទើរតែផ្សារភ្ជាប់ទាំងស្រុងទៅនឹងបាតុភូតបរិយាកាស ដែលគេឲ្យឈ្មោះថា “Sundog”។ វាជាបាតុភូតធម្មជាតិ ដែលបង្កើតឲ្យមានពន្លឺដ៏ភ្លឺចែងចាំង ចំនួន០២ នៅសងខាងព្រះអាទិត្យ ដែលមើលទៅហាក់ដូចជាមានព្រអាទិត្យចំនួន៣ កំពុងតែរះទន្ទឹមគ្នា។

បាតុភួតនេះ វាកើតឡើងនៅពីលើពន្លឺរាងមូលដែលព័ទ្ធជុំវិញព្រះអាទិត្យ ពេលពន្លឺធ្វើអន្តរកម្មជាមួយគ្រីស្តាល់ទឹកកក នៅក្នុងបរិយាកាស។ ហើយបើយោងតាមណាសា បាតុភូតនេះកើតឡើងនៅពេលដែល បន្ទុកអគ្គីសនីក្នុងបរិយាកាសប្រែប្រួល នៅពីលើពពក ជាកន្លែងដែលគ្រីស្តាល់ទឹកកកចាំងនឹងពន្លឺព្រះអាទិត្យ។

ហើយជាលទ្ធផល គឺបង្កើតបានជាចំណាំងពន្លឺ ដែលមើលទៅហាក់ដូចជាមានព្រះអាទិត្យចំនួន ៣កំពុងតែរះនៅលើមេឃ។ វាត្រូវបានប្រជាជនទូទាំងពិភពលោក ចាត់ទុកថា ជារឿងដ៏មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងខ្លាំងបំផុត នៅពេលដែលពួកគេបានឃើញវាម្តងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]