ចិន៖ វីដេអូមួយត្រូវបានគេចែករំលែកពេញក្នុងបណ្តាញសង្គម ព្រោះតែនៅក្នុងវីដេអូនោះ បង្ហាញពីសកម្មភាពរបស់នារីម្នាក់ បានធ្វើការបដិសេធការសុំរៀបការរបស់មិត្តប្រុសរបស់ខ្លួន ក៏ព្រោះតែផ្ទះរបស់បុរសនោះ មិនមានសូម្បីតែបង្គន់ដ៏សមរម្យមួយ។

យោងទៅតាមសារព័ត៌មាន The Metropolis Express បានឲ្យដឹងថា បុរសម្នាក់នោះ បានសុំមិត្តស្រីរបស់ខ្លួនរៀបការនៅល្ងាចមួយក្នុងទីក្រុង Nanning ភាគខាងត្បូងប្រទេសចិន។

នៅក្នុងវីដេអូដដែល គេបានឃើញនារីជាមិត្តស្រី បានស្រែកខ្លាំងៗដាក់មិត្តប្រុសរបស់ខ្លួននៅចំពោះមុខហ្វូងមនុស្សជាច្រើន និងបាននិយាយថា “ផ្ទះរបស់អ្នក គ្មានសូម្បីតែបង្គន់ដ៏សមរម្យមួយ ហើយគ្មានសូម្បីតែកន្លែងឲ្យខ្ញុំងូតទឹក។ អ្នកសុំខ្ញុំរៀបការ? អ្នកលេងសើចជាមួយខ្ញុំពេកហើយ”

បន្ទាប់មក បុរសម្នាក់នោះ ក៏បានដើរចេញដោយមិនមានវាចាអ្វីទាំងអស់។

វីដេអូមួយនេះ ត្រូវបានបង្ហោះចូលទៅក្នុងគណនីបណ្តាញសង្គមរបស់សារព័ត៌មានមួយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដែលទទួលបានការទស្សនារហូតដល់ទៅជាង១០លានដងឯណោះ ក្នុងរយៈពេលមិនបានមួយថ្ងៃផង។

ភាពអាមា៉ស់ជាសាធារណៈរបស់បុរសម្នាក់នេះ បានធ្វើឲ្យប្រជាជនចិនមួយចំនួននឹកឃើញដល់បញ្ហាធំចំនួនពីរ ដែលកើតមានឡើងនៅក្នុងសង្គមប្រទេសចិន។ ទីមួយគឺ មនុស្សប្រុសមួយចំនួនធំ មិនអាចស្វែងរកប្រពន្ធបាន ព្រោះតែចំនួនមនុស្សស្រី និងមនុស្សប្រុសសមាមាត្រគ្នា។  បញ្ហាទីពីរនោះគឺ តម្លៃផ្ទះនៅក្នុងទីក្រុងមានការកើនឡើង។

យោងទៅតាមការប៉ាន់ប្រមាណមួយ  ចំនួនបុរសចិនដែលនៅលីវ  មិនអាចស្វែងរកប្រពន្ធបាន មានចំនួនប្រហែលពី ៣០ ទៅ ៤០ លាននាក់ឯណោះ។

គួរឲ្យដឹងដែរថា មូលហេតុដែលនាំឲ្យចំនួនមនុស្សស្រី តិចជាងបុរសដោយសារតែប្រពៃណីចិនចង់បានតែកូនប្រុសដើម្បីស្នងត្រកូល។  ហើយជាទូទៅកូនកម្លោះត្រូវឲ្យបណ្តាការជាច្រើនទៅគ្រួសារកូនក្រមុំ ទើបអាចរៀបការជាមួយគ្នាបាន។

អ្នកលេងបណ្តាញសង្គមម្នាក់បានសរសេរថា “បង្គន់... នេះគឺជាតម្រូវការដ៏តូចមួយប៉ុណ្ណោះ”

មនុស្សម្នាក់ទៀតបានសរសេរថា “អ្វីដែលខ្ញុំបានឮនោះគឺ នារីមា្នក់នោះបានយំ ទាំងអស់សង្ឈឹម”។

វីដេអូមួយនេះ បានធ្វើឲ្យមានការជជែកពិភាក្សាយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។ មានអ្នកខ្លះបានរិះគន់ទៅលើខាងស្រី និងមានអ្នកខ្លះទៀតថា វាគឺជាការសម្របទៅតាមស្ថានភាពជាក់ស្តែង។ 

ចំនែកឯមិត្តអ្នកអានវិញ គិតយ៉ាងណាដែរចំពោះរឿងមួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មូយទៀត៖ គួរឲ្យសរសើរមែន ក្រុមគិលានុបដ្ឋាយិកាសុខចិត្តរាំផង ធ្វើឆ្កួតឡប់ផង ដើម្បីលើកទឹកចិត្តក្មេងស្រី អាយុ៣ឆ្នាំម្នាក់ (មានវីដេអូ)

អាមេរិក៖ កាលពីដើមខែកុម្ភៈកន្លងទៅ ក្មេងតូច Madison ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ HSHS St. John’s ដែលស្ថិតនៅក្នុងទីក្រុង Springfield បន្ទាប់ពីកំរិតអុកស៊ីសែនរបស់នាងបានធ្លាក់ចុះ និងមានសភាពប្រកាច់។

ម្តាយរបស់ Madison ឈ្មោះ Krista Austin បាននិយាយថា “ គ្រប់ពេលដែលនាង(Madison) មើលវីដេអូ Hokey Pokey នាងតែងតែជក់ចិត្ត និងមើលវាម្តងហើយម្តងទៀត។ Madison ជាក្មេងដែលសប្បាយជាងគេ រីករាយជាងគេ តូចច្រលឹងគូរឲ្យស្រឡាញ់ និងសុភាពបំផុត”

ប៉ុន្តែអ្នកមិនបានដឹងទេថា Madison មានបញ្ហាកោសិកាប្រសាទពីកំណើត ដែលធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល និងសាច់ដុំរបស់នាង ហើយនាងអាចដកដង្ហើមបានដោយមានជំនួយពីឧបករណ៍បើកបំពង់ខ្យល់តែប៉ុណ្ណោះ។

កាលនោះ​ Madison ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា បានកើតជំងឺផ្តាសាយ ក្តៅខ្លួន និងឆ្លងមេរោគបីផ្សេងទៀត។ បន្ទាប់មកនាងក៏បានសម្រាកព្យាបាលនៅមន្ទីរពេទ្យតាំងពីពេលនោះតែម្តង។ អ្នកស្រី Austin បាននិយាយថា “គ្រូពេទ្យបានប្រាប់ខ្ញុំថា ពួកយើងត្រូវចំណាយពេលប្រមាណមួយខែ ទើបសួតរបស់នាងអាចត្រលប់មករកសភាពដើមវិញបាន”

នៅថ្ងៃមូយដែលអ្នកនាង Austin បានបង្ហាញវីដេអូ Hokey Pokey ទៅកាន់ Madison ភ្នែករបស់នាងបានបើកឡើង ហើយវាប្រាកដណាស់ថា នាងពិតជារីករាយជាមួយនឹងការច្រៀង និងរាំនេះណាស់។ បន្ទាប់មកទៀត Madison ក៏បានចែករំលែកការស្រឡាញ់បទ Hokey Pokey ជាមួយក្រុមគិលានុបដ្ឋាយិកា និងសុំឲ្យពួកគេចូលក្នុងបន្ទប់របស់គេដើម្បីធ្វើពិធីជប់លាង Hokey Pokey

នាង Natalie Serra ដែលជាគិលានុបដ្ឋាយិកាមួយរូបនៅក្នុងមន្ទីរពេទ្យ St. John’s មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានរៀបចំកម្មវិធីជប់លាងមួយនេះ ហើយនាងក៏បានប្រមូលគ្នីគ្នា ដូចជា គិលានុបដ្ឋាយិកា និងអ្នកថែរក្សាអ្នកជម្ងឺមួយចំនួនទៀត ដើម្បីមកសម្តែងបទចម្រៀងមួយនេះសម្រាប់ Madison

លើសពីនេះ ខាងមន្ទីរពេទ្យផ្ទាល់ ក៏បានបង្ហោះវីដេអូមួយនេះ ទៅក្នុងគេហទំព័រហ្វេសប៊ុករបស់ពួកគេផងដែរ ហើយវាបានធ្វើឲ្យមនុស្សម្នាជាច្រើនញញឹមទាំងមិនដឹងខ្លួន។ វីដេអូនេះដែរ បានបង្ហាញឲ្យឃើញសកម្មភាពរបស់ Madison កំពុងទះដៃ និងច្រៀងតាមចម្រៀង ខណៈពេលដែលបុគ្គលិកមន្ទីរពេទ្យកំពុងតែរាំនៅចំពោះមុខនាង។

យោងទៅតាមសារព័ត៌មាន TODAY នាង Serra បាននិយាយថា នាងនិងមិត្តរួមការងារទាំងអស់របស់នាងមានទំនាក់ទំនងល្អខ្លាំងណាស់ជាមួយ MadisonSerra បាននិយាយថា “នាង(Madison)ស្នាក់នៅទីនេះ ព្រោះតែនាងមានជំងឺ។ ដូច្នេះ វាជារឿងដ៏រីករាយមួយដែលពួកយើងអាចមើលឃើញ ស្ថានភាពរបស់នាងបានប្រសើរឡើង។ នាងបានបើកភ្នែកឡើង ហក់លោត និងញញឹមដោយក្តីរីករាយ”។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]