(ភ្នំពេញ)៖ តារាចម្រៀងសំនៀងស្អក ស្ថិតក្នុងដួងចិត្តយុវវ័យ លោក ខេម បានថ្លែងបញ្ជាក់ប្រាប់ khmertalking ឲ្យដឹងថា តាមការពិតទៅតារាសម្ដែង ឬតារាចម្រៀង ដែលពូកែច្រណែន ឈ្នានីសអ្នកដទៃ គួរតែពិនិត្យមើលទៅលើសមត្ថភាពរបស់ខ្លួនឯង ជាមុនសិន មុននឹងធ្វើការរិះគន់ ឬបង្អាប់ទៅលើតារាចម្រៀង ឬតារាសម្ដែងផ្សេងទៀត ដែលពួកគេកំពុងតែរស់នៅ ក្នុងមជ្ឈដ្ឋានសិល្បៈដូចគ្នា។

ម្ចាស់បទ «ប្ដីអ្នកក្រ!» លោក ខេម បានថ្លែងបញ្ជាក់ទៀតថា តារាចម្រៀង ឬតារាសម្ដែងខ្លះ មិនបានដឹងថា ខ្លួនមានសមត្ថភាព ឬទេពកោសល្យកម្រិតណាទេ ហើយបែរជាមករិះគន់ អ្នកសិល្បៈផ្សេងទាំងកម្រោល ជាពិសេស ពេលដែលផលិតករ មិនបានជ្រើសរើសយកសម្ដែង ក្នុងរឿង ឬបទចម្រៀងអ្វីមួយ ក៏កើតចិត្តច្រណែន ឈ្នានីសគេ ពិតជាមិនគួរកើតមានឡើយ។

ខេម និយាយថា «ភាពជឿជាក់សម្រាប់ខ្លួនឯង គឺចេះតែមានហើយ ប៉ុន្តែអ្វីដែលជាលទ្ធផល គឺយើងធ្វើហើយ រង់ចាំបងប្អូនជាអ្នកឲ្យតម្លៃ កាលណាខ្ញុំសម្ដែងរឿង គឺមិនមែនមើលតែឯងទេ ទុកឲ្យបងប្អូនជាអ្នកមើល គាត់ដាក់ពិន្ទុខ្លួនគាត់។ ការពិតនៅក្នុងកន្លែងមួយ តែងតែមានការអាក់អន់ស្រពន់ចិត្តគ្នា ជារឿងធម្មតា ក៏ប៉ុន្តែចង់និយាយថា មនុស្ស គឺការងារមានពេលវេលារៀងៗខ្លួន ខ្ញុំគិតថា មនុស្សដែលមានសមត្ថភាព ខ្ញុំអត់ចង់និយាយសម្ដៅខ្លួនខ្ញុំទេ គឺចង់សម្ដៅដល់តារាចម្រៀង តារាសម្ដែង ឬអ្នកសិល្បៈនៅក្នុងស្រុកខ្មែរ អ្នកដែលមានសមត្ថភាព គួរទទួលយកអ្វីដែលគួរទទួលយកបាន ហើយអ្នកដែលអង្គុយច្រណែន គឺអង្គុយចាំតែច្រណែនទៅ បើច្រណែនគេ យើងខំប្រឹងខ្លួនយើងទៅ គឺល្អហើយ..!»។

តារាចម្រៀង កំពុងតែមានប្រជាប្រិយភាពខ្លាំង និងហាក់មិនបានស្រកស្រុតអ្វីបន្តិចសោះនោះ លោក ខេម ថ្លែងបែបនេះ គឺក្នុងស្ថានភាពមួយ ដែលផលិតកម្ម ថោន កំពុងតែមានគម្រោងផលិត ភាពយន្តថ្មីៗបន្តទៀត បន្ទាប់ពីរឿង «ទឹកចិត្តម្ដាយសម័យថ្មី» ដែលទទួលបានការគាំទ្រខ្លាំង ពេលដាក់បញ្ចាំងក្នុងរោងភាពយន្ត។ ភាពយន្តក្រោយៗទៀត របស់ផលិតកម្ម ថោន នឹងមានវត្តមានតារាចម្រៀង ខេម ចូលរួមសម្ដែង។ ប៉ុន្តែពេលចោទសួរ ដល់តំណែងជាតួឯកថា តើផលិតកម្មថោន នឹងយក ខេម ឲ្យសម្ដែងជាតួឯកឬ? ហើយប្រសិនបើមិនបានសម្ដែង ជាតួឯកតើ ខេម គិតយ៉ាងណា?

តារាចម្រៀង ខេម បានឆ្លើយយ៉ាងច្បាស់ថា លោកមិនបានប្រកាន់តួអ្វីទាំងអស់ ចង់ឲ្យលោកសម្ដែងជាតួអ្វីក៏បាន សំខាន់លើអ្នកដឹកនាំសម្ដែង តើគួរឲ្យលោកសម្ដែងជាតួបែបណា។ ម្យ៉ាងទៀត ការប្រកាន់ ឬធ្វើចរិតតួឯកនោះ គឺពុំមែនជារឿងល្អឡើយ ព្រោះអ្វីដែលត្រូវពិនិត្យមើលដំបូង គឺសមត្ថភាពខ្លួនឯង កំពុងតែឈនៅក្នុងលំដាប់ណា៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម