ចិន៖ ដោយសារតែគ្រួសារក្រីក្រ បានបណ្តាលចិត្តឲ្យលោកតាវ័យជរាជនជាតិចិនម្នាក់ សុខចិត្តធ្វើឈ្មួញលីសែងអីវ៉ាន់ឲ្យគេ ឡើងចុះភ្នំដែលមានកម្ពស់ខ្ពស់ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត។

បើតាមប្រភសារព័ត៌មាន សៀងហៃ បានចុះផ្សាយបានឲ្យដឹង អស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ លោកតា Wu Yougen ធ្វើការជាឈ្មួញលីសែងអីវ៉ាន់ឲ្យគេ ឡើងចុះភ្នំ Mont Jiuhua ខេត្ត Anhui ប្រទេសចិន សឹងតែរាល់ថ្ងៃដើម្បីយកប្រាក់ មកផ្គត់ផ្គង់ជីវភាពរស់នៅក្នុងគ្រួសារ។

លោកតា Wu បានលីសែងអីវ៉ាន់ ដោយចងភ្ជាប់ជាមួយនឹង ដងសង្រែកដាក់នៅលើស្មារបស់គាត់ ដើរឡើងលើភ្នំទៅកាន់វិហារ ដ៏សក្តិសិទ្ធិមួយនៅខាងលើ ដែលត្រូវប្រឈមមុខនឹងការ ដើរឡើងកាំជណ្តើរថ្ម រាប់រយកាំក្នុងមួយថ្ងៃៗ។

បច្ចុប្បន្នលោកតា Wu មានអាយុ៦៦ឆ្នាំ ដែលជាវ័យមួយកាន់តែជរាសម្រាប់គាត់ ជាមួយនឹងសភាពទ្រុឌទ្រោម ពុំសូវមានកម្លាំងមាំមួន ដូចកាលពីក្មេងឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយសារតែជីវភាពក្រខ្សត់ បានជំរុញលើកទឹកចិត្តគាត់ ឲ្យមានការតស៊ូក្នុងឆាកជីវិតយ៉ាងរឹងមាំ ហើយគាត់ក៏ពុំដែលត្អូញត្អែរថា នឿយហត់ម្តងណាឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅរៀងរាល់ឡើងដល់ជណ្តើរកាំទី ២០ទៅ៣០ លោកតា Wu តែងតែដាក់សង្រែកអីវ៉ាន់ចុះពីលើស្មារបស់គាត់ ដើម្បីសម្រាកយកកម្លាំងបន្តិច ដកដង្ហើមឲ្យបានស្រួលបួល ជួនកាលគាត់ក៏បានឆ្លៀតយកពេលនោះ ដើម្បីសម្រាកបានហូបអាហារពេលថ្ងៃត្រង់ផងដែ រួចទើបបន្តដំណើរទៅមុខទៀត។

វាមិនមែនជារឿងងាយស្រួលឡើយ ចំពោះលោកតាដ៏កំសត់ម្នាក់នេះ ព្រោះថា គាត់ត្រូវចំណាយពេលរហូតដល់ទៅ៨ម៉ោង ទើបអាចដើរឡើងដល់កំពូលភ្នំបាន ដោយលីសែងអីវ៉ាន់ដែលមានទម្ងន់ធ្ងន់ៗ ដល់ទៅជាង៧០គីឡូក្រាមឯណោះ ហើយអាចគាត់អាចទទួលបានប្រាក់ពីគេ ត្រឹមតែ៨៤យ័ន (ប្រហែលជា ១២ដុល្លារអាមេរិក) តែប៉ុណ្ណោះ។

ដោយសារតែ ការខិតខំប្រឹងប្រែងតស៊ូ ក្នុងឆាកជីវិតរបស់គាត់នេះហើយ ទើបធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន កើតក្តីរំជួលចិត្ត អាណិត និងកោតសរសើរពីទឹកចិត្តតស៊ូ របស់លោកតា Wu យ៉ាងខ្លាំងផងដែរ ៕

ប្រភព៖ Shanghaiist

ដោយឡែក ងាកទៅមើលព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ចេះតែមាន! យុវជនម្នាក់ ចំណាយលុយយ៉ាងច្រើន ដើម្បីវះកាត់កែសម្ផស្ស ឲ្យដូចមនុស្សក្រៅភព Alien

អាមេរិក៖ ស្ថិតក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ មនុស្សជាច្រើននៅជុំវិញពិភពលោក មិនថាប្រុសមិនថាស្រី តែងតែប្រាថ្នាចង់បាននូវរូបស្រស់ស្អាត និងសង្ហារ សាកសមជាមួយនឹងដងខ្លួន ដើម្បីជាភាពទាក់ទាញក្នុងក្រសែភ្នែករបស់អ្នកដទៃ។ ខណៈក៏មានមនុស្សមួយ សុខចិត្តចំណាយលុយអស់ខ្ទង់រាប់ពាន់ រាប់ម៉ឺនដុល្លារ ដើម្បីធ្វើការវះកាត់កែសម្ផស្សឲ្យស្អាតផងដែរ។

ដោយឡែក ងាកមកមើលយុវជនសញ្ជាតិអាមេរិកម្នាក់ មានវ័យ២២ឆ្នាំនេះវិញ បែរជាមានគំនិតគិតផ្ទុយស្រឡះពីមនុស្សគ្រប់ ដោយចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ ធ្វើការវះកាត់កែសម្ផស្ស ដើម្បីផ្លាស់ប្តូរខ្លួនឯងឲ្យក្លាយទៅជា មនុស្សក្រៅភព ឬហៅថា «Alien» ទៅវិញ។

Vinny Ohh មកពីទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានឆ្លងកាត់ដំណើរការវះកាត់កែសម្ផស្ស រហូតដល់ទៅជាង១១០ដង ដោយចំណាយអស់ប្រាក់ជាង ៥០,០០០ដុល្លារអាមេរិក ដោយសារតែចង់ក្លាយខ្លួនទៅជាមនុស្សក្រៅភព (Alien) ។

ជាក់ស្តែងតាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលយុវជនវ័យជំទង់ Vinny បានថតឡើងមកនេះ ក្នុងកាយវិការដ៏សែនល្វត់ល្វន់ ដោយមានការតុបតែងខ្លួនយ៉ាងចម្លែក ត្រូវបានគេជឿជាក់ថា មើលទៅគេហាក់បីដូចជាមិនមែនជាបុរសភេទ ហើយរឹតតែមិនមែនជានារីភេទ ឲ្យចំលក្ខណៈពិតប្រាកដឡើយ។

ប្រភពបានឲ្យដឹងថា នៅអាយុ១៧ឆ្នាំ Vinny បានចាប់ផ្តើមកែបបូរមាត់ជាលើដំបូង មុនពេលដែលចាប់ផ្តើម ធ្វើការវះកែកាត់កែ ជាបន្តបន្ទាប់ទៅលើ ច្រមុះ ចង្កា និងឆ្អឹងត្រង់បរិវេណចិញ្ចើម និងនៅចំណុចផ្សេងទៀតជាច្រើន នៅលើដងខ្លួនរបស់គេ។

តាមរយៈរូបភាពផ្សេងទៀត គេឃើញដែរថា Vinny ដែលមានតួនាទីធ្វើការងារ ជាតារាម៉ូដែលក្រៅម៉ោងខាងលើនេះ បានពាក់នូវ Contact Lenses ពណ៌ខ្មៅក្រិប រួមជាមួយនឹងក្រញ៉ាំសត្វ ប្រៀបបីដូចជាពួក Alien (មនុស្សចម្លែកក្រៅភព) និងបានពាក់សក់ក្លែងក្លាយ ពណ៌ឆើតឆាយថែមទៀតផង។

ទោះបីជាយ៉ាងណាក្តី Vinny បាននិយាយថា «ខ្ញុំចង់ក្លាយខ្លួនជា Alien ដែលគ្មានភេទដូចជាមនុស្ស។ ខ្ញុំចង់ឲ្យរូបភាពខាងក្រៅរបស់ខ្ញុំ ឆ្លុះបញ្ចាំងពីអារម្មណដែលខ្ញុំមាននៅខាងក្នុង។ រាល់រូបភាពដែលបង្ហាញឡើង ខ្ញុំពិតជាចង់ធ្វើជាកូនកាត់ដូចពួក Alien ណាស់! មិនមែនជាប្រុស ហើយក៏មិនមែនជាស្រីដែរ។ ខ្ញុំចង់វះកាត់ប្រដាប់ភេទរបស់ខ្ញុំចោល តាំងពីអាយុ ១៧ឆ្នាំមកម្ល៉េះ ប៉ុន្តែនៅពេលដែលទៅជួបគ្រូពេទ្យ គេថាធ្វើអ៊ីចឹងវាអាចទៅរួច តែបញ្ហាអាក្រក់នឹងធ្លាក់មក» ។

Vinny បានបន្ថែមទៀតថា «ខ្ញុំមិនចង់ឲ្យគេថា ខ្ញុំព្យាយាមកែខ្លួនឯង ឲ្យដូចទៅជាមនុស្សស្រីឡើយ។ ខ្ញុំអាចរស់តែម្នាក់ឯងបាន ដោយគ្មានចំណង់ខាងផ្លូវភេទ ដូច្នេះហើយទើបជាមូលហេតុ ដែលខ្ញុំសួរខ្លួនឯងថា ហេតុអីខ្ញុំចាំបាច់មានប្រដាប់ភេទជាបុរស ឬជាស្រ្តីធ្វើអី» ។

គួរឲ្យដឹងដែរ ថ្មីៗនេះ Vinny ក៏មានគម្រោង ថានឹងត្រូវចំណាយប្រាក់ប្រមាណ ១៦០,០០០ដុល្លារជាបន្ត ដើម្បីធ្វើការវះកាត់ទៅលើប្រដាប់ភេទ កាត់ចុងដោះ និងផ្សិតផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី តាមរយៈការអះអាងរបស់ គ្រូពេទ្យជំនាញបានឲ្យដឹងថា ការធ្វើបែបនេះគឺមិនអាចទៅរួចឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]