(ភ្នំពេញ)៖ ដំណាលគ្នានឹងការប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុមបាល់ទាត់ Lanexang United របស់លោក Leonardo Luis ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ២០១៧ កាលពីម្សិលមិញ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានប្រកាសពីតួនាទីថ្មីរបស់លោក Lee Tae Hoon ដែលទើបអស់សុពលភាពកិច្ចសន្យាចាស់ជាមួយសហព័ន្ធផងដែរ គឺគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ ត្រូវបានផ្លាស់មកដឹកនាំក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្ នាំ(U-15) កម្ពុជាវិញម្ដង។ នេះបើតាមប្រភពពី Facebook ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

សូមរំឮកថា មុនផ្លាស់មកដឹកនាំក្រុម U-15 កម្ពុជា លោក Lee បានចុះកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិឈុតធំ ៣លើកមកហើយ ដោយលើកទី១ គ្រូបង្វឹកវ័យ ៤៤ឆ្នាំរូបនេះ បានកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីខែសីហា ឆ្នាំ២០១០ ដល់ខែកក្កដា ឆ្នាំ២០១២ ហើយលើទី២ កិច្ចសន្យាចាប់ផ្ដើមពីដើមខែសីហា ឆ្នាំ២០១៣ ដល់ចុងខែកក្កដា ឆ្នាំ២០១៥ និងលើកទី៣ ចាប់ពីខែសីហា ឆ្នាំ២០១៥ ដល់ចុងខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោក Lee ធ្លាប់ដឹកនាំក្រុមយុវជន U-21, ក្រុម U-23 និងក្រុមជម្រើសជាតិឈុតធំ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិជាច្រើន ដូចជាការចូលរួមប្រកួតជម្រុះពានរង្វាន់ World Cup Qualifier ឆ្នាំ២០១៤ និងឆ្នាំ២០១៨, ពាន SEA Games ឆ្នាំ២០១១, ឆ្នាំ២០១៣ និងឆ្នាំ២០១៥, ពាន BIDC Cup ឆ្នាំ២០១១ និងឆ្នាំ២០១៣, ពាន AFF Suzuki Cup ឆ្នាំ២០១០, ឆ្នាំ២០១៤ និងឆ្នាំ២០១៦ រួមទាំងពានរង្វាន់អន្ដរជាតិមួយចំនួនទៀត។

ប៉ុន្ដែអ្វីដែលជាស្នាដៃដ៏ល្អគួរឲ្យចាប់អារម្មណ៍នោះ គឺលោក Lee បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាបង្កើតប្រវត្តិសាស្ដ្រថ្មី ឡើងទៅជុំទី២ លើកដំបូង ក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ FIFA World Cup 2018 ក្រោយយកឈ្នះក្រុមកោះម៉ាកាវទាំង ២ជើងដោយលទ្ធផល ៤-១ ខណៈគ្រូបង្វឹកដទៃ បានធ្លាក់ត្រឹមវគ្គជម្រុះជុំទី១ ប៉ុណ្ណោះ។ តែឥឡូវតំណែងគ្រូធំរបស់ក្រុមជម្រើសជាតិ ត្រូវបានផ្លាស់ប្ដូរហើយ ក្រោយសហព័ន្ធប្រកាសតែងតាំងបុរសជនជាតិប្រេស៊ីលលោក Leonardo Luis ធ្វើជាគ្រូបង្វឹកជំនួសតំណែងលោក Lee វិញម្ដង៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ គ្រូជម្រើសជាតិថ្មី ផ្ដាំផ្ញើកីឡាករកម្ពុជា «ក្រោមការដឹកនាំរបស់ខ្លួន គ្មាន Super Star ឡើយ»

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជំនួស លោក Lee Tae Hoon ហើយភ្លាម គ្រូបង្វឹកថ្មីលោក Leonado Luis បានប្រកាសថា «ក្រោមការដឹកនាំរបស់លោក ក្រុមជម្រើសជាតិកម្ពុជា គឺគ្មានកីឡាករតួឯក ឬ Super Star ប្រចាំក្រុមនោះទេ បើល្អគឺល្អជាក្រុម» ។ នេះគឺជាការផ្ដាំផ្ញើរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ មុននឹងលោកធ្វើការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតលក្ខណៈអន្ដរជាតិផ្សេងៗ នាពេលខាងមុខ ។

លោក Leonado Luis បានបញ្ជាក់ផងដែរថា លោកនឹងធ្វើការជ្រើសរើសកីឡាករ ដោយយកចិត្តទុកដាក់បំផុត ហើយចាប់ផ្ដើមដំបូង លោកនឹងធ្វើការសង្កេតកីឡាករគ្រប់ក្លឹបដោយស្ងាត់ៗ មិនឲ្យដឹងមុនឡើយ ដើម្បីដឹងពីគុណភាព និងអត្តពលិកពិតប្រាកដរបស់កីឡាករម្នាក់ៗ មុននឹងកោះហៅមកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ។ ជារួមលោកមើលឃើញថា កីឡាករកម្ពុជាភាគច្រើន គឺសុទ្ធតែមានសមត្ថភាព ប៉ុន្ដែដោយសារការគាំទ្រ និងលើកស្ទួយតែកីឡាករម្នាក់ៗ ទើបពួកគេមិនសូវមានឱកាស ។

ដោយហេតុនេះហើយ ទើបលោកប្រកាន់គោលជំហរចាស់ ដែលធ្លាប់ប្រើជោគជ័យក្នុងការដឹកនាំក្រុម Lanexang United របស់ឡាវនាពេលកន្លងទៅ មកអនុវត្តបន្ដជាមួយក្រុមជម្រើសជាតិកម្ពុជា គឺក្រុមបាល់ទាត់ ត្រូវលេងជាក្រុម មានស្មារតីជាក្រុម ហើយល្អជាក្រុម ទើបទទួលបានជោគជ័យ លោកមិនត្រូវការកីឡាករ Super Star នៅក្នុងក្រុមនោះទេ ។ នេះជាសម្ដីរបស់លោក Leonado Luis នៅក្នុងពិធីប្រកាសចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នាល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧នេះ ។

ជាមួយនឹងការមកកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានផ្ដល់ឱកាសឲ្យលោក Leonado Luis នាំមកជាមួយនូវគ្រូជំនួយបរទេស ២រូបផ្សេងទៀតផងដែរ ហើយបើសរុបជាប្រាក់ខែវិញ សហព័ន្ធត្រូវចំណាយប្រមាណ ១២,០០០ដុល្លារដល់គ្រូបង្វឹកទាំង ៣រូប ។ លើសពីនេះ សហព័ន្ធត្រូវផ្គត់ផ្គងមធ្យោបាយធ្វើដំណើរក្នុងការបំពេញការងារ និងកន្លែងស្នាក់នៅទៀតផង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]