អាមេរិក៖ អ្នកដែលចូលចិត្តមើល និងតាមដានកម្មវិធីកីឡាកាស  ច្បាស់ជាបានស្គាល់ហើយបុរសមាឌធំ ទម្ងន់ធ្ងន់ជាងគេនៅស្ថាប័ន WWE  អ្នកកីឡាកាសដែលមានឈ្មោះថា Big Show ឈ្មោះពិត Paul Donald Wight II។  Big Show បានប្រឡូកក្នុងអាជីពជាអ្នកកីឡាកាសនេះអស់រយៈពេលជិត២០ឆ្នាំមកហើយ ដោយឆ្លងកាត់ការប្រកួតអស់ជាច្រើន។

គួរឲ្យដឹងថា កន្លងទៅនេះ Big Show បានបាត់មុខលើសង្វៀនអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែថ្មីៗនេះអ្នកកីឡាកាសមាឌធំរូបនេះ ក៏បានបង្ហាញមុខសាជាថ្មីឡើងវិញនៅលើសង្វៀន WWE ជាមួយនឹងរូបរាង ដងខ្លួនថ្មី ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង។ 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា Big Show បានសម្រាកអស់មួយរយៈពេលធំ ដើម្បីសម្រកទម្ងន់របស់ខ្លួនអស់ជាង៣០គីឡូក្រាម ដែលពីមុនទម្ងន់របស់គេគឺ ៤៧០ផោន (២១៣គីឡូក្រាម) ឥឡូវនៅសល់តែ១៨១គីឡូតែប៉ុណ្ណោះ ។ មិនថែមតែប៉ុណ្ណោះ Big Show ក៏បានបង្ហាញនូវដងខ្លួនថ្មីមួយទៀត ជាមួយនឹងសាច់ដុំ៦កង់ត្រង់ក្បាលពោះរបស់ខ្លួនទៀតផង។

អ្នកកីឡាកាសវ័យ៤៥ឆ្នាំរូបនេះ បានបញ្ជាក់ឲ្យដឹងថា «នេះគឺជារឿងពិបាកបំផុត សម្រាប់មនុស្សធាត់ដែលចង់សម្រកគីឡូ ប៉ុន្តែដោយសារតែការនិយាយលេងសើចឌឺដងពីមិត្តរួមអាជីព ក៏បានធ្វើឲ្យខ្ញុំសម្រេចវាបាន»

ក្នុងនោះដែរ Big Show បានបន្ថែមឲ្យដឹងទៀតថា «John Cena ជាអ្នកជំរុញខ្ញុំឲ្យធ្វើបែបនេះ។ គេតែងតែលេចសើច និងឌឺដងនឹងដងខ្លួនរបស់ខ្ញុំ តែមានថ្ងៃមួយពួកយើងបាននិយាយគ្នាអំពីដងខ្លួន ធ្វើឲ្យខ្ញុំហួសចិត្តថា តើមាឌធំដូចខ្ញុំនេះអាចយកសាច់ដុំ៦កង់បានយ៉ាងម៉េចទៅ»

Big Show បន្តទៀតថា «ក្រោយមក John ក៏បានសម្លឹងមកខ្ញុំ ហើយនិយាយថា Yeah! បុរសមាឌយក្សជាមួយសាច់ដុំ៦កង់ នេះគឺជារឿងមួយដ៏កម្រមានណាស់។ ពាក្យសម្តីទាំងនេះហើយ ក៏បានធ្វើឲ្យខ្ញុំសម្រេចបាននូវរូបរាងថ្មីមួយនេះ»

ចុងក្រោយ Big Show ក៏បានឲ្យដឹងទៀតថា «នៅពេលដែលសម្រេចវាបានហើយនោះ John ក៏បានភ្ញាក់ផ្អើល ហើយអបអរដល់ខ្ញុំ។ វាពិតជាមានន័យណាស់ ហើយខ្ញុំក៏បានសម្តែងការគោរពចំពោះគេដែរ ដែលបានផ្តល់ការជំរុញទឹកចិត្តដ៏ធំមួយសម្រាប់ខ្ញុំ»

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ភូមិគ្រឹះរបស់ Floyd ត្រូវចោរគាស់ចូលលួចទ្រព្យសម្បត្តិ អស់ជិត១៥មឺុនដុល្លារ

អាមេរិក៖ Floyd Maywheather ត្រូវបានមហាជនទូទាំងពិភពលោកទទួលស្គាល់ថា ជាកំពូលអ្នកប្រដាល់ដ៏ខ្លាំងមួយរូប ប្រកួតមិនស្គាល់ពាក្យចាញ់ មិនតែប៉ុណ្ណោះជាប់ឈ្មោះជាអ្នកប្រដាល់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេទៀតផង។

ប៉ុន្តែយ៉ាងណាមិញ នាពេលថ្មីៗនេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីរ័របានឲ្យដឹងថា ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ Floyd នៅក្នុងទីក្រុង Las Vegas ត្រូវបានចោរគាស់ចូលលួចទ្រព្យសម្បត្តិខាតបង់អស់ជាច្រើន បើគិតជាទឹកប្រាក់អស់ជិត១៥មឺុនដុល្លារសហរដ្ឋអាមេរិក។

យោងតាមប្រភពព័ត៌មានបានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។ កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd បានចាកចេញពីភូមិគ្រឹះរបស់ខ្លួននៅក្នុងទីក្រុង Las Vegas ដើម្បីធ្វើដំណើរទៅទីក្រុង Los Angles ដើម្បីប្រារព្ធពិធីខួបកំណើត ដែលមានការចូលរួមសុទ្ធតែតារាល្បីៗជាច្រើនមានដូចជា Justin Bieber និង Mariah Carey ជាដើម។

បើតាមការឲ្យដឹងពីរបាយការណ៍របស់ប៉ូលិសបានបញ្ជាក់ថា ភូមិគ្រឹះដែលត្រូវបានចោរចូលលួចនេះ គឺជាកម្មសិទ្ធិរបស់ Floyd ដែលមានទីតាំងនៅក្បែរទីលានវាយកូនហ្គោល។

ប៉ូលិសបានបន្តឲ្យដឹងទៀតថា ចោរទាំងនោះបានលួចគាស់របងទ្វា ចូលលួចយកទ្រព្យសម្បតិ្ដអស់ជាច្រើនដោយសុវត្ថិភាព ក្នុងនោះមានដូចជានាឡិកាដៃតម្លៃថ្លៃរបស់ Floyd មួយគ្រឿងផងដែរ។

យ៉ាងណាមិញ ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិនេះ ក៏ត្រូវបានប៉ូលិសកំពុងបន្តការស៊ើបអង្កេតផងដែរ ដោយសង្ស័យថាមានអ្នកលួចតាមដានសកម្មភាព របស់ Floyd នៅក្នុងបណ្តាញសង្គម៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]