ភ្នំពេញ៖ បន្ទាប់ពីទទួលបានការតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជំនួស លោក Lee Tae Hoon ហើយភ្លាម គ្រូបង្វឹកថ្មីលោក Leonado Luis បានប្រកាសថា «ក្រោមការដឹកនាំរបស់លោក ក្រុមជម្រើសជាតិកម្ពុជា គឺគ្មានកីឡាករតួឯក ឬ Super Star ប្រចាំក្រុមនោះទេ បើល្អគឺល្អជាក្រុម» ។ នេះគឺជាការផ្ដាំផ្ញើរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ មុននឹងលោកធ្វើការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតលក្ខណៈអន្ដរជាតិផ្សេងៗ នាពេលខាងមុខ ។

លោក Leonado Luis បានបញ្ជាក់ផងដែរថា លោកនឹងធ្វើការជ្រើសរើសកីឡាករ ដោយយកចិត្តទុកដាក់បំផុត ហើយចាប់ផ្ដើមដំបូង លោកនឹងធ្វើការសង្កេតកីឡាករគ្រប់ក្លឹបដោយស្ងាត់ៗ មិនឲ្យដឹងមុនឡើយ ដើម្បីដឹងពីគុណភាព និងអត្តពលិកពិតប្រាកដរបស់កីឡាករម្នាក់ៗ មុននឹងកោះហៅមកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ។ ជារួមលោកមើលឃើញថា កីឡាករកម្ពុជាភាគច្រើន គឺសុទ្ធតែមានសមត្ថភាព ប៉ុន្ដែដោយសារការគាំទ្រ និងលើកស្ទួយតែកីឡាករម្នាក់ៗ ទើបពួកគេមិនសូវមានឱកាស ។

ដោយហេតុនេះហើយ ទើបលោកប្រកាន់គោលជំហរចាស់ ដែលធ្លាប់ប្រើជោគជ័យក្នុងការដឹកនាំក្រុម Lanexang United របស់ឡាវនាពេលកន្លងទៅ មកអនុវត្តបន្ដជាមួយក្រុមជម្រើសជាតិកម្ពុជា គឺក្រុមបាល់ទាត់ ត្រូវលេងជាក្រុម មានស្មារតីជាក្រុម ហើយល្អជាក្រុម ទើបទទួលបានជោគជ័យ លោកមិនត្រូវការកីឡាករ Super Star នៅក្នុងក្រុមនោះទេ ។ នេះជាសម្ដីរបស់លោក Leonado Luis នៅក្នុងពិធីប្រកាសចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នាល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧នេះ ។

ជាមួយនឹងការមកកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានផ្ដល់ឱកាសឲ្យលោក Leonado Luis នាំមកជាមួយនូវគ្រូជំនួយបរទេស ២រូបផ្សេងទៀតផងដែរ ហើយបើសរុបជាប្រាក់ខែវិញ សហព័ន្ធត្រូវចំណាយប្រមាណ ១២,០០០ដុល្លារដល់គ្រូបង្វឹកទាំង ៣រូប ។ លើសពីនេះ សហព័ន្ធត្រូវផ្គត់ផ្គងមធ្យោបាយធ្វើដំណើរក្នុងការបំពេញការងារ និងកន្លែងស្នាក់នៅទៀតផង ៕

ប្រភព៖ fresh news

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

អតីតគ្រូបង្វឹកក្លឹប Lanexang លោក Leonado ត្រូវបានតែងតាំង​ដឹកនាំ​ក្រុមជម្រើស​ជាតិកម្ពុជា

(ភ្នំពេញ)៖ ពិធីប្រកាសបង្ហាញជាផ្លូវការ ក៏ដូចជាការចុះកិច្ចសន្យានឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០១៧ នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ការផ្លាស់ប្តូរគ្រូបង្វឹកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា។

យោងតាមរបាយការណ៍ដែលភ្នាក់ងារ Fresh News ទទួលបាននេះ លោក ឡេអូណាដូ ល្វីស (Luis Leonado) ដែលអតីតជាគ្រូបង្វឹកដឹកនាំក្លឹបជើងឯករបស់ប្រទេសឡាវ Lanexang United នឹងត្រូវបានតែងតាំងឲ្យដឹកនាំក្រុម ជម្រើសជាតិកម្ពុជានាពេលបន្តិចទៀតនេះ ក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) ជំនួសកៅអីគ្រូបង្វឹកចាស់ Lee Tae Hoon ជនជាតិកូរ៉េខាងត្បូង ដែលអស់សុពលភាពកិច្ច សន្យានាចុងឆ្នាំ២០១៦ កន្លងទៅ។

លោក Leonado ជនជាតិ​ប្រេស៊ីលធ្លាប់ដឹកនាំក្លឹប Lanexang ទម្លាក់ក្រុមបឹងកេតអង្គររបស់កម្ពុជា ដោយលទ្ធផល ៣-០ ក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ TOYOTA Cup ២០១៧ ឡើងទៅជួបក្រុមខ្លាំង Buriram United របស់ថៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]