(ភ្នំពេញ)៖ ពិធីប្រកាសបង្ហាញជាផ្លូវការ ក៏ដូចជាការចុះកិច្ចសន្យានឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០១៧ នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ការផ្លាស់ប្តូរគ្រូបង្វឹកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិគោព្រៃកម្ពុជា។

យោងតាមរបាយការណ៍ដែលភ្នាក់ងារ Fresh News ទទួលបាននេះ លោក ឡេអូណាដូ ល្វីស (Luis Leonado) ដែលអតីតជាគ្រូបង្វឹកដឹកនាំក្លឹបជើងឯករបស់ប្រទេសឡាវ Lanexang United នឹងត្រូវបានតែងតាំងឲ្យដឹកនាំក្រុម ជម្រើសជាតិកម្ពុជានាពេលបន្តិចទៀតនេះ ក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) ជំនួសកៅអីគ្រូបង្វឹកចាស់ Lee Tae Hoon ជនជាតិកូរ៉េខាងត្បូង ដែលអស់សុពលភាពកិច្ច សន្យានាចុងឆ្នាំ២០១៦ កន្លងទៅ។

លោក Leonado ជនជាតិ​ប្រេស៊ីលធ្លាប់ដឹកនាំក្លឹប Lanexang ទម្លាក់ក្រុមបឹងកេតអង្គររបស់កម្ពុជា ដោយលទ្ធផល ៣-០ ក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ TOYOTA Cup ២០១៧ ឡើងទៅជួបក្រុមខ្លាំង Buriram United របស់ថៃ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា ត្រេកអរពេលដឹងថា សម្តេចតេជោ គ្រោងកសាងកីឡដ្ឋាននៅខេត្តកំពង់ចាម ដែលជាទឹកដីរបស់ក្លិបបឹងកេតអង្គរ

ភ្នំពេញ៖ ថ្វីត្បិត ចាន់ វឌ្ឍនាកា កំពុងស្ថិតក្នុងប្រទេសជប៉ុន ជាមួយក្លិបថ្មីយ៉ាងណាក៏ដោយ ប៉ុន្តែកីឡាករវ័យ២៣ឆ្នាំរូបនេះ មិនភ្លេចទេនូវអនុស្សាវរីយ៍ដែលខ្លួនមានជាមួយក្លិបបឹងកេតអង្គរ មិនតែប៉ុណ្ណោះកំពូលខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនានា ត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីទទួលបានដំណឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងកសាងកីឡដ្ឋានបាល់ទាត់នៅខេត្តកំពង់ចាម ដែលជាទឹកដីរបស់ក្លិបបឹងកេតអង្គរ។

ថ្លែងប្រាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ ចាន់ វឌ្ឍនាកា បានឲ្យដឹងថា «ថ្វីបើខ្ញុំបាទកំពុងស្ថិតនៅប្រទេសជប៉ុន ប៉ុន្តែខ្ញុំបានឮសារដ៏មានន័យពីសម្ដេចនាយករដ្ឋមន្ត្រី ដែលសម្ដេចបានបង្គាប់ឱ្យកសាងកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ចាមដែលជាខេត្តកំណើតរបស់សម្ដេច និងជាខេត្តរបស់ក្លិបបាល់ទាត់បឹងកេតផងដែរ»។

វឌ្ឍនាកា បានបន្ថែមទៀតថា «នេះជាដំណឹងដ៏ជាទីសោមនស្សរីករាយសម្រាប់អ្នកស្នេហាកីឡានៅខេត្តកំពង់ចាម ក៏ដូចជាក្លិបបឹងកេតផ្ទាល់។ មិនតែប៉ុណ្ណោះ សម្ដេច ថែមទាំងបាន លើកឡើងអំពីឈ្មោះខ្ញុំបាទ ចាន់ វឌ្ឍនាកា និងបងប្រុស ប្រាក់ មុន្នីឧត្ដម នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនបឹងកុក។ នេះជាមោទនភាពមួយសម្រាប់ខ្ញុំបាទនិងគ្រួសារ និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ការបន្តប្រឹងប្រែងឱ្យទទួលបានជោគជ័យក្នុងអាជីពឆ្នាំដំបូងនៅប្រទេសជប៉ុន ហើយខ្ញុំបាទប្ដេជ្ញាចិត្តដើម្បីលើករួមចំណែកលើកមុខមាត់បាល់ទាត់ខ្មែរលើឆាកអន្តរជាតិបន្ថែមទៀត។ ខ្ញុំសង្ឃឹមថា នឹងបានត្រលប់ទៅលេងឱ្យបឹងកេតវិញនៅថ្ងៃណាមួយនៅលើទឹកដីខេត្តកំពង់ចាម ខេត្តកំណើតរបស់សម្ដេច និងជាមូលដ្ឋានរបស់ក្លិបបឹងកេត» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]