(ភ្នំពេញ)៖ លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែងបញ្ជាក់ថា លោកមិនបានខ្វល់ខ្វាយ ឬដេកព្រួយចំពោះការរិះគន់ថា លោកយកកូនស្រីខ្លួនឯងសម្ដែងជាតួឯក ក្នុងផលិតកម្មរបស់ខ្លួនឡើយ ព្រោះលោកសំអាងថា ការជ្រើសរើសឲ្យនាង ភិន សុដាលីស សម្ដែងជាតួឯកក្នុងរឿងថ្មី គឺដោយសារតែនាង ជាតារាវ័យក្មេង នៅមានការគាំទ្រច្រើន ពីមហាជន មានពេលវេលាគ្រប់គ្រាន់ ហើយនិងមានទេពកោសល្យសម្ដែងខ្ពស់។

លោក អ៉ិន សុភិន ថ្លែងប្រាប់ Khmertalking បែបនេះ គឺក្នុងឱកាសដែលផលិតកម្ម មហាហង្ស បានរៀបចំពិធីក្រុងពាលីថតរឿងថ្មីមួយទៀត មានចំណងជើងថា «ម្ចាស់បំណុល» នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ជាប្រភេទរឿងភាគ មានចំនួន៥០ភាគ ដើម្បីត្រៀមបញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ PNN នៅពាក់កណ្ដាលឆ្នាំ២០១៧នេះ ដែលជាស្នាដៃទី២របស់ខ្លួន សម្រាប់ទូរទស្សន៍ PNN ដោយក្នុងនោះ អ្នកនាង ភិន សុដាលីស ត្រូវបានជ្រើសរើសឲ្យសម្ដែងជាតួឯកស្រី ក្នុងរឿងនេះ។

ចាងហ្វាងផលិតកម្ម មហាហង្ស ដដែលរូបនេះ បញ្ជាក់ទៀតថា មូលហេតុដែលលោកយកកូនស្រី ឲ្យសម្ដែងជាតួឯក ព្រោះនាងនៅតែជាតារាមានប្រជាប្រិយភាព មានទីផ្សារនៃការគាំទ្រខ្ពស់ដដែល ហើយស្ថានីយទូរទស្សន៍ PNN ក៏បានព្រមព្រៀងទទួលយកសំណើរ ក្នុងការឲ្យកូនស្រីលោកសម្ដែងជាតួឯកដែរ ពោលមិនមែនចេះតែយក កូនស្រីខ្លួនមកសម្ដែង ដោយមិនបានធ្វើការពិចារណា រកហេតុផល ឬពិភាក្សាគ្នា ព្រមព្រៀងពីខាងណានោះទេ។

លោកនិយាយថា ម្យ៉ាងទៀត ការរិះគន់នាពេលកន្លងមក ក៏លោកមិនខ្លាចដែរ ព្រោះតាមការដឹង អ្នករិះគន់នោះ មិនមែនជាមហាជន ឬទស្សនិកជនទេ គឺជាអ្នកសិល្បៈដូចគ្នាប៉ុណ្ណោះ ព្រោះតែកើតចិត្តច្រណែន ឈ្នានីសគ្នា ក្នុងសង្គមសិល្បៈ ដែលគិតថា លោកយកតែកូនស្រីខ្លួនឯង សម្ដែងតួឯក។

លោក អ៉ិន សុភិន បញ្ជាក់ថា «សំខាន់ គឺតួណាមានប្រជាប្រិយភាព មានពេលវេលាគ្រប់គ្រាន់ឲ្យយើង គឺយើងស្នើទៅស្ថានីយទូរទស្សន៍ ហើយយើងមានហេតុផល គ្រប់គ្រាន់សំរាប់ពន្យល់គេ ពោលគឺដាក់តួទៅ តម្រូវសាច់រឿង និងធ្វើឲ្យរឿងមានភាពទាក់ទាញ។ បញ្ហារិះគន់កន្លងមកថា ខ្ញុំយកតែកូនស្រីខ្លួនឯង សម្ដែងជាតួឯកហ្នឹង.. គឺភាគច្រើនជាអ្នកនៅក្នុង ចង្កោមសិល្បៈដូចគ្នាទេ បើទស្សនិកជនគាត់អត់ខ្វល់ សំខាន់តួស្អាត លេងល្អ សាច់រឿងខ្លាំង គឺគាត់គាំទ្រ ហើយអ្នករិះគន់នោះ គឺព្រោះតែជាការច្រណែនឈ្នានីសគ្នា ខ្ញុំនិយាយត្រង់អ៉ីចឹងតែម្ដង..!»

សូមបញ្ជាក់ថា ភាពយន្តភាគរឿង «ម្ចាស់បំណុល» ជាប្រភេទរឿងបែបមនោសញ្ចេតនា សោកសង្រែង ឈ្នានីស ឌឺដង កាច់កុងគ្នា ហើយត្រូវចំណាយទុនផលិតប្រមាណជា១៥ម៉ឺនដុល្លារ គឺមានចំនួនច្រើនបន្តិច ព្រោះផលិតកម្ម បានសម្រិតសម្រាំងឡើងយ៉ាងពិសេស ទាំងការតាក់តែងនិពន្ធ ការជ្រើសរើសតួសម្ដែង ការដឹកនាំសម្ដែង ទីតាំងថត ដើម្បីឲ្យមានគុណភាពខ្ពស់ តម្រូវតាមទីផ្សារភាពយន្តភាគ នាពេលបច្ចុប្បន្ននេះ។

ភាពយន្តភាគរឿង «ម្ចាស់បំណុល» គឺបានជ្រើសរើសយក អ្នកនាង ភិន សុដាលីស ឲ្យសម្ដែងជាតួឯកស្រី និងលោក ភិម តារាវិបុល ជាតួឯកប្រុស។ ក្នងនោះ ក៏មានតារាសម្ដែងល្បីៗជាច្រើនទៀត រួមមាន លោក ហម ឈរ៉ា, កញ្ញា សឿន ផានផាភួង, លោក ហង្ស សម្បើមស័ក្តិ, កញ្ញា សុវណ្ណ រ៉ាផា, កញ្ញា គីង រស្មី , អ្នកស្រី ពៅ ថាវី កញ្ញា សម្ផស្ស , លោក ថម មី អ្នកស្រី ផល្លា និង កញ្ញា ហង្ស ស្រីរ័ត្ន ជាដើម ក៏បានចូលរួមសម្ដែងជាមួយគ្នានេះដែរ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ទី​បំ​ផុត តា​រា​ចម្រៀង ស៊ុន ស្រី​ពេជ្រ ម្នាក់​ទៀត ក៏​ដើរ​ចេញ​ពី​ហង្ស​មាស​ដែរ

(ភ្នំពេញ)៖ ពិតជាមិនគួរឲ្យជឿមែនថា ទ្រនំដ៏ល្បីនៅក្នុងប្រទេសមួយ បែរជាត្រូវបានតារាចម្រៀង ដើរចេញជាបន្តបន្ទាប់ ជាក់ស្ដែងក្រោយពីតារាចម្រៀង ឈិត សុវណ្ណបញ្ញា, អ្នកនាង យក់ ឋិតរដ្ឋា, អ្នកគ្រង់គ្រង គឺលោក អ៊ិន ទីតូ ដើរចេញពីហង្សមាស ហើយនោះ មកដល់ពេលនេះ គឺដល់វេនតារាចម្រៀងបែបស្រទន់ កញ្ញា សុន ស្រីពេជ្រ ម្ដងហើយ ដែលត្រូវដើរចេញ ពីហង្សមាស ដូចតារាខាងលើនោះដែរ។

មួយរយៈនេះ មហាជនបានសង្កេតឃើញថា តារាចម្រៀងល្បីៗ អ្នកដឹកនាំសម្ដែងដ៏ល្បីល្បាញ លោក អ៊ីន ទីតូ អ្នកនាង យក់ ឋិតរដ្ឋា កញ្ញា ឈិត សុវណ្ណបញ្ញា បាននាំគ្នាចាកចេញ ពីផលិតកម្មហង្សមាស ជាបន្តបន្ទាប់ ហើយក៏បានបង្អួតស្នាដៃថ្មី នៅផលិតកម្ម ថោន យ៉ាងព្រោងព្រាត ហើយពួកគេហាក់មានរំពឹងថា បានជោគជ័យច្រើន ក្នុងផលិតកម្មថ្មីជាងផលិតកម្មចាស់ ពិសេសបទចម្រៀងចូលឆ្នាំ ដែលប្រុងហ្នឹងចេញលក់ ក៏ហាក់ប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។

ដោយឡែកតារាចម្រៀងស្រីដ៏អភ័ព្វ កញ្ញា សុន ស្រីពេជ្រ ឯណោះវិញ មិនត្រឹមតែគ្មានការងារថ្មី ក្នុងផលិតកម្មចាស់ទេ តែនាងបែរជាលាឈប់ ពីផលិតកម្មហង្សមាសហើយ ព្រោះរូបថតតារាចម្រៀង ក្នុងផលិតកម្ម ត្រូវបានចេញជាផ្លូវការកាលពីប៉ុន្មានម៉ោងមុន។ ក្នុងរូបភាពថ្មី តារាចម្រៀងទាំងអស់ ដែលស្ថិតក្នុងផលិតកម្ម មានវត្តមានទាំងអស់ ប៉ុន្តែគ្មានរូបថត សុន ស្រីពេជ្រ នោះទេ។ នេះបញ្ជាក់ថា នាងបានចាកចេញពីផលិតមួយនេះទៅហើយ ខណៈដែលគេដឹងថា នាងចូលសិល្បៈដំបូង គឺជ្រកកោនក្នុងផលិតកម្មនេះតែម្ដង។

យ៉ាងណាមិញ រយៈពេលបីឆ្នាំមកហើយ សុន ស្រីពេជ្រ គ្មានបទចម្រៀងថ្មីចេញលក់លើទីផ្សារនោះទេ ក្រៅពីបទចូលឆ្នាំខ្មែរ ហើយមិនមែនជាបទចម្រៀងផ្ទុះនោះទេ ទើបធ្វើឲ្យនាងអាក់អន់ចិត្ត ហើយដើរចេញទាំងមិនស្ដាយស្រណោះ។ ម្យ៉ាងការដើរចេញរបស់តារាផ្សេង ទើបធ្វើឲ្យនាងគិតថា នាងក៏មិនគួរនៅយកប្រាក់ខែ មិនដល់២០០ដុល្លារពីហង្សមាសតទៅទៀតទេ។

តារាចម្រៀង សុន ស្រីពេជ្រ ត្រូវបានគេមើលឃើញថា រយៈកាលប៉ុន្មានខែចុងក្រោយនេះ មិនត្រឹមតែស៊យខ្លាំងទេ ក្នុងឆ្នាំនេះ នាងហាក់យីអ៊ុនដាក់អារក្សជាន់ខ្លាំងមែនទែន ព្រោះឪពុករបស់នាង លោកតា សង់ស៊ីស ធ្លាក់ខ្លួនឈឺ រហូតមិនអាចទាន់និយាយបាននៅឡើយ ថែមទាំងគូដណ្ដឹងផ្ដាច់ពាក្យ ទាំងពាក់កណ្ដាលទី ឥឡូវនេះ នាងដើរចេញពីហង្សមាសទៀត។ សរុបមកនាងហាក់រងរឿង ស៊យផ្ទួនៗតែម្ដងក្នុងឆ្នាំនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស