ភ្នំពេញ៖ ថ្វីត្បិត ចាន់ វឌ្ឍនាកា កំពុងស្ថិតក្នុងប្រទេសជប៉ុន ជាមួយក្លិបថ្មីយ៉ាងណាក៏ដោយ ប៉ុន្តែកីឡាករវ័យ២៣ឆ្នាំរូបនេះ មិនភ្លេចទេនូវអនុស្សាវរីយ៍ដែលខ្លួនមានជាមួយក្លិបបឹងកេតអង្គរ  មិនតែប៉ុណ្ណោះកំពូលខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនានា ត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីទទួលបានដំណឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងកសាងកីឡដ្ឋានបាល់ទាត់នៅខេត្តកំពង់ចាម ដែលជាទឹកដីរបស់ក្លិបបឹងកេតអង្គរ។

ថ្លែងប្រាប់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ ចាន់ វឌ្ឍនាកា បានឲ្យដឹងថា «ថ្វីបើខ្ញុំបាទកំពុងស្ថិតនៅប្រទេសជប៉ុន ប៉ុន្តែខ្ញុំបានឮសារដ៏មានន័យពីសម្ដេចនាយករដ្ឋមន្ត្រី ដែលសម្ដេចបានបង្គាប់ឱ្យកសាងកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ចាមដែលជាខេត្តកំណើតរបស់សម្ដេច និងជាខេត្តរបស់ក្លិបបាល់ទាត់បឹងកេតផងដែរ»

វឌ្ឍនាកា បានបន្ថែមទៀតថា «នេះជាដំណឹងដ៏ជាទីសោមនស្សរីករាយសម្រាប់អ្នកស្នេហាកីឡានៅខេត្តកំពង់ចាម ក៏ដូចជាក្លិបបឹងកេតផ្ទាល់។ មិនតែប៉ុណ្ណោះ សម្ដេច ថែមទាំងបាន លើកឡើងអំពីឈ្មោះខ្ញុំបាទ ចាន់ វឌ្ឍនាកា និងបងប្រុស ប្រាក់ មុន្នីឧត្ដម នៅក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនបឹងកុក។ នេះជាមោទនភាពមួយសម្រាប់ខ្ញុំបាទនិងគ្រួសារ និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ការបន្តប្រឹងប្រែងឱ្យទទួលបានជោគជ័យក្នុងអាជីពឆ្នាំដំបូងនៅប្រទេសជប៉ុន ហើយខ្ញុំបាទប្ដេជ្ញាចិត្តដើម្បីលើករួមចំណែកលើកមុខមាត់បាល់ទាត់ខ្មែរលើឆាកអន្តរជាតិបន្ថែមទៀត។ ខ្ញុំសង្ឃឹមថា នឹងបានត្រលប់ទៅលេងឱ្យបឹងកេតវិញនៅថ្ងៃណាមួយនៅលើទឹកដីខេត្តកំពង់ចាម ខេត្តកំណើតរបស់សម្ដេច និងជាមូលដ្ឋានរបស់ក្លិបបឹងកេត» ៕  

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ ចាន់ វឌ្ឍនាកា ថា​នៅតែនឹកស្រលាញ់ក្លិបបឹងកេតអង្គរ ទោះបីនៅឆ្ងាយ

ជប៉ុន៖ កន្លងផុតទៅជាង ២សប្តាហ៍ហើយដែល ចាន់ វឌ្ឍនាកា បានទៅលេងឲ្យក្លិប Fujieda MYFC លីកលំដាប់ទី៣ ក្នុងប្រទេសជប៉ុន។ យ៉ាងណាក៏ដោយ ទោះបីជាផ្លាស់ទៅលេងក្លិបថ្មីក៏ពិតមែន ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ នៅតែមានចិត្តស្រលាញ់ នឹករលឹកដល់អ្នកគាំទ្រនៅកម្ពុជា ជាពិសេសក្លិបចាស់របស់ខ្លួនបឹងកេតអង្គរផងដែរ។

ខ្សែប្រយុទ្ធចំនូលថ្មីរបស់ក្លិប Fujieda MYFC រូបនេះផ្ទាល់បាននិយាយថា «ពិតជាចាកឆ្ងាយមែន ប៉ុន្តែបេះដូងមួយនេះនៅតែនឹក នៅតែស្រលាញ់ក្លឹបបាល់ទាត់មួយនេះ ជួបគ្នាពេលក្រោយ» ។ នេះបើយោងតាមគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ វឌ្ឍនាកា។  

គួរឲ្យដឹងថា ចាន់ វឌ្ឍនាកា បានកំពុងធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំដើម្បីស៊ាំការលេងជាមួយមិត្តរួមក្រុមថ្មី ជាពិសេសដើម្បីអាកាសធាតុនៅទីនោះ ដែលមានសីតុណ្ហភាពត្រជាក់ជាងនៅកម្ពុជា ធ្វើឲ្យវឌ្ឍនាកា ពិបាកសម្របខ្លួននៅទីនោះ ក្នុងរយៈពេលមួយសប្តាហ៍ដំបូង។

បើតាមការឲ្យដឹងពីគ្រូបង្វឹករបស់ក្លិប Fujieda MYFC អះអាងថា  ចាន់ វឌ្ឍនាកា អាចសម្របបាន និងស៊ាំនឹងអាកាសធាតុនៅទីនោះហើយ បន្ទាប់ពីទទួលបានការហ្វឹកហាត់ និងធ្វើការប្រកួតមិត្តភាពដើម្បីដកស្រង់បច្ចេកទេសអស់ជាច្រើន។

មួយវិញទៀត ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ថែមទាំងទទួលបានការកោតសរសើរពីមិត្តរួមក្រុម និងគ្រូបង្វឹកទៀតផង អំពីទេពកោសល្យ និងសមត្ថភាពរបស់គេក្នុងការដណ្តើមបាល់ ហើយស៊ុតបាល់ Free Kick បញ្ចូលទីបានយ៉ាងល្អទៀតផង កាលពីការប្រកួតមិត្តភាពកន្លងទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]