ចិន៖ តើវាសមហេតុផលដែរទេ ដែលឪពុកម្តាយគ្រប់រូប គួរណាស់ត្រូវតែដាក់ទណ្ឌកម្មលើកូនខ្លួនឯង ស្ថិតក្នុងរូបភាពដែលសង្គមមិនអាចទទួលយកបាន ដោយសារតែកំហុសតូចតាចមួយ?

ជាក់ស្តែង កាលពីពេលថ្មីៗនេះ កុមារាជនជាតិចិនអាយុ១០ឆ្នាំម្នាក់ ត្រូវបានឪពុករបស់គេដាក់ពិន័យ ដោយចងផ្អោបនឹងឈើឆ្កាង ព្រោះខឹងកូនខ្លួនឯងមិនព្រមធ្វើកិច្ចការសាលា។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងស្រុក Yongchuan ទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។

តាមរយៈរូបភាពមួយសន្លឹក ដែលត្រូវបានគេយកមក បង្ហោះចែកចាយនៅលើបណ្តាញសង្គម គេឃើញថា កុមារារងគ្រោះបានលត់ជង្គង់ នៅលើកញ្ជើជ័រមួយ រីឯដៃរបស់គេវិញ ត្រូវបានត្រដាងទាំងសងខាង ដោយចងផ្អោបទៅនឹងឈើឆ្កាង អស់រយៈពេលជាច្រើនម៉ោង នៅចិញ្ចើមផ្លូវមួយកន្លែងក្នុងទីក្រុង។

បើតាមប្រភពពីអ្នកជិតខាងរស់នៅតំបន់ខាងលើបានឲ្យដឹងថា បុរសជាឪពុកកុមាររងគ្រោះ មានកូនប្រុស២នាក់ ហើយគាត់គឺជាម្ចាស់ហាងលក់ផ្លែឈើ ដ៏ល្បីឈ្មោះមួយនៅក្នុងតំបន់។ សម្រាប់មូលហេតុកើតមានរឿងរ៉ាវយ៉ាងដូច្នេះ ក៏ដោយសារតែ គ្រូបង្រៀនរបស់កូនប្រុសគាត់ បានរាយការណ៍ប្រាប់គាត់ដែលជាឪពុកថា កូនប្រុសរបស់គាត់មិនបានធ្វើកិច្ចការសាលាជាច្រើនលើកច្រើនសាមកហើយ  ទើបធ្វើឲ្យឪពុករបស់គេខឹង ហើយក៏ដាក់ពិន័យបែបនេះតែម្តងទៅ។

ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីរូបភាពមួយសន្លឹកនេះ ត្រូវបានសាយភាយពេញអ៊ីនធើណែតមក បុរសជាឪពុកបាននិយាយថា អ្នកជិតខាងរបស់គាត់ គឺពិតជាមនុស្សអាក្រក់មែន ដែលហ៊ានលួចថតរូបកូនប្រុសរបស់គាត់ ទាំងសភាពបែបនេះ ហើយយកទៅបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ដោយគ្មានការអនុញ្ញាតពីគាត់។

បុរសជាឪពុកបានលើកឡើងទៀតថា វាមិនមែនជាបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ចំពោះរឿងមួយនេះ ហើយគាត់ធ្វើវាឡើង ក៏ដើម្បីគម្រាមកូនរបស់គាត់លេងតែប៉ុណ្ណោះ ដើម្បីឲ្យគេរាងចាលនៅថ្ងៃក្រោយ។ បន្ថែមលើនេះ បុរសជាឪពុកសង្ឃឹមជឿជាក់ថា អតិថិជននឹងនៅតែបន្តការគាំទ្រលើហាងលក់ផ្លែឈើរបស់គាត់  ដោយមិនប្រកាន់ចំពោះរឿងតូចតាច ដែលបានកើតឡើងនោះទេ។

យ៉ាងណាមិញ គេមិនទាន់ច្បាស់ទេថា តើករណីខាងលើនេះ ត្រូវបានស៊ើបអង្កេតបន្ថែម ពីសំណាក់មន្រ្តីប៉ូលិសនៅឡើយឬយ៉ាងណា ៕

តើសម្រាប់ប្រិយវិញយល់យ៉ាងដែរ?    

ប្រភព៖ ដេលីម៉ែល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា៖ ពូកែអត់ធ្វើ Homework ! ឪពុកចងព្យួរកូន គម្រាមទម្លាក់ទឹក ឲ្យរៀងថ្ងៃក្រោយ (មានវីដេអូ)

ចិន៖ បុរសម្នាក់បានដាក់ពិន័យកូនប្រុសរបស់ខ្លួនដោយវិធីសាស្រ្តដ៏ភ្ញាក់ផ្អើលមួយ គឺចងព្យួរកូនប្រុសជាមួយនឹងមែកឈើនៅជាប់មាត់ទឹក។

វីដេអូមួយនោះត្រូវបានចែករំលែកពេញក្នុងបណ្តាញសង្គមរបស់ចិន ដែលគេឃើញមានបុរសជាឪពុកកំពុងកាន់ចុងម្ខាងនៃខ្សែពួរ និងចុងម្ខាងទៀតត្រូវបានចងជាប់នឹងចង្កេះកូនប្រុសរបស់ខ្លួន យើងរយោងនៅនឹងមែកឈើពីលើទឹកទន្លេ។ នៅខណៈពេលដែលឪពុកនោះកំពុងទាញខ្សែពួរចុះឡើងៗ ក្មេងប្រុសអាយុ៧ឆ្នាំនោះ ក៏ព្យាយាមយំអង្វរឪពុករបស់គេឲ្យឈប់ធ្វើបែបនេះដែរ។

តាមពិតទៅមូលហេតុដែលឪពុកធ្វើបែបនេះ គឺដោយសារតែកូនប្រុសម្នាក់នោះមិនព្រមធ្វើកិច្ចការសាលាមុខវិជ្ជាគណិតវិទ្យាដែលគ្រូដាក់ឲ្យ។

យោងទៅតាមសារព័ត៌មាន The Paper បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងទីក្រុង Meishan ប្រទេសចិន កាលពីថ្ងៃច័ន្ទកន្លងទៅ ដែលមានមនុស្សម្នាជាច្រើនចោមរោមមើលសកម្មភាពរបស់ពួកគេ។ នៅខណៈពេលដែលមនុស្សមួយចំនួនមានការបារម្ភអំពីសុវត្ថិភាពរបស់កុមារនោះ ក៏មានអ្នកខ្លះទៀតអស់សំណើចជាមួយនឹងហេតុការណ៍នេះផងដែរ។

ទោះជាយ៉ាងណា មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានចោទប្រកាន់ឪពុកម្នាក់នេះថា បានរំលោភបំពានលើកុមារ។ ផ្ទុយទៅវិញ អ្នកលេងបណ្តាញសង្គម Weibo ម្នាក់បានបញ្ចេញយោបល់ទៅលើវីដេអូនោះថា “ឥឡូវនេះ ឲ្យតែពេលដែលក្មេងប្រុសនោះឮអំពីគណិតវិទ្យា គេនឹងភ័យស្លន់ស្លោរតែម្តង។ ឪពុកម្នាក់នេះ ធ្វើបានល្អណាស់”។

តែយ៉ាងណាក៏ដោយ នេះជាការយកអាយុជីវិតកូនខ្លួនឯងមកប្រថុយប្រថាណផងដែរ ព្រោះបើចៃដន្យដាច់ខ្សែ ឬថ្លោះធ្លោយអ្វីមួយនោះ ក្មេងនោះច្បាស់ជាលង់ទឹកស្លាប់មិនខាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]