ជប៉ុន៖ ស្រ្តីដែលជាជនជាតិជប៉ុន ត្រូវបានគេរាប់បញ្ចូលទៅក្នុងចំណោមស្រ្តី ដែលមានសម្រស់ស្រស់ និងរាងស្អាត ជាងគេលើពិភពលោក។ ថ្វីត្បិតតែអាយុពិតគឺ ៣០ ប៉ុន្តែអ្នកមិនដឹង ប្រាកដជាមើលទៅដូចជា ទើបតែអាយុ ១៨ ឆ្នាំមិនខាន។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេគឺជាជាតិសាសន៍ ដែលមានអាយុរស់នៅវែងជាងគេបង្អស់ថែមទៀតផង។

ហេតុនេះ យើងនឹងបង្ហាញពីអាថ៌កំបាំង នៃការទទួលទានអាហារ និងរបៀបរស់នៅ របស់ជនជាតិជប៉ុនមួយចំនួន ដែលអាចជាប្រយោជន៍ដល់អ្នកចង់បានរាងស្លីមស្អាត ដូចខាងក្រោមនេះ ៖

១. ពួកគេទទួលទានរបបអាហារដែលល្អ និងមានតុល្យភាព

ជនជាតិជប៉ុនមិនមែន ទទួលទានតែ Sushi នោះទេ ពួកគេចូលចិត្តបរិភោគ ត្រី សារ៉ាយ បន្លែ សណ្តែក បាយ ផ្លែឈើ និងតែបៃតង ដែលសុទ្ធតែល្អសម្រាប់សុខភាព និងមានតុល្យភាព។ អាហារទាំងនេះទទួលទានច្រើន ឬតិច ទៅតាមរដូវកាលរបស់វា ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ពួកគេចៀសវាងមិនទទួលទាន អាហារមានកាឡូរីខ្ពស់ ឬអាហារមិនល្អសម្រាប់សុខភាពឡើយ។ 

២. ពួកគេមានរបៀបចម្អិនអាហារខុសពីគេ

ប្រពែណីជនជាតិជប៉ុនគឺ ចម្អិនអាហារដោយចំហុយ អាំង រំងាស់ ឬចៀន ដោយប្រើប្រាស់ប្រេងតិចបំផុត។ សូម្បីតែបន្លែ ក៏ទម្លាប់ហាន់តូចៗ ដើម្បីមានភាពងាយស្រួលចម្អិន និងរក្សាបាននូវអាហាររូបត្ថម្ភរបស់វាថែមទៀត។ ជាពិសេស នារីជប៉ុនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការផ្សំគ្រឿងទេសណាស់ និងធ្វើយ៉ាងណាឲ្យគ្រឿងផ្សំ ក្នុងអាហារអាចរក្សាពណ៌ស្រស់ មិនរលួយ រួមទាំងមានរសជាតិឆ្ងាញ់ផងដែរ។ 

៣. ពួកគេមានទម្លាប់ប្រើចានតូចៗ

ជនជាតិជប៉ុន មានទម្លាប់បរិភោគយឺតៗ ចាប់អាហារបរិភោគម្តងបន្តិចៗ ជាពិសេស ចានក៏មានទំហំតូចដែរ។ ពួកគេមិនទម្លាប់ រៀបចំអាហារប្រភេទខុសៗគ្នា ក្នុងចានតែមួយនោះទេ ហើយពួកគេចាត់ទុកថាជាទម្លាប់ដ៏អាក្រក់មួយ។ ជាពិសេសក្នុងចានអាហាររបស់ពួកគេ មិនដាក់ពេញហូរហៀរឡើយ។ បែបនេះទើបអាចធានាថា ពួកគេមិនញ៉ាំច្រើនជ្រុលហួសហេតុពេកឡើយ។ 

៤. ពួកគេទទួលទានបាយ ជាជាងនំប៉័ង

បាយ គឺជាចំណែកដ៏សំខាន់ក្នុងរបបអាហារនីមួយៗប្រចាំថ្ងៃ ជាពិសេស ពួកគេមិនចម្អិន ឬដាំបាយដោយបន្ថែមអំបិល ឬបន្ថែមប័រ ដូចប្រទេសផ្សេងមួយចំនួនទេ។ ជាងនេះទៅទៀតនោះ ពួកគេមិនសូវចូលចិត្តទទួលទានអាហារមួយចំនួន ដូចជា នំប៉័ង មកជំនួសបាយឡើយ។ ទាំងនេះហើយ ដែលសុទ្ធតែជួយឲ្យរាងកាយរបស់ នារីៗជប៉ុន ស្លីមស្អាតយ៉ាងដូច្នោះបាន។ 

៥. ពួកគេចាត់ទុកអាហារពេលព្រឹកសំខាន់ជាងគេ

នៅប្រទេសជប៉ុន អាហារពេលព្រឹកត្រូវបានចាត់ទុកជា អាហារដ៏មានសារៈសំខាន់ជាងគេរបស់ពួកគេ។ យើងអាចនិយាយបានថា វាគឺជាអាហារចម្បង របស់ជនជាតិជប៉ុន ដែលជាធម្មតាមានច្រើនមុខ ដូចជា សាច់ត្រី បាយ ពងទាចៀន ស៊ុប សារ៉ាយ បន្លែខ្លះៗ និងជាពិសេស គឺទឹកតែ តែម្តង។ 

៦. ពួកគេកម្រទទួលទានបង្អែមណាស់

នារីជប៉ុនទទួលទានបង្អែម តែនៅក្នុងឱកាសពិសេសណាមួយប៉ុណ្ណោះ ហើយជាពិសេស ទទួលទានតិចតួចបំផុត។ គួរបញ្ជាក់ផងដែរថា បង្អែមរបស់ពួកគេ មិនមែនជា នំខេក ឬនំប័រ អ្វីឡើយ។ ពួកគេទទួលទានតែការ៉េម ផ្សំឡើងពីអង្ករ (ហៅថា Mochi) ដែលមានជាតិខ្លាញ់ និងជាតិស្ករ ទាបប៉ុណ្ណោះ៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]