ភ្នំពេញ៖ ក្រោយដកខ្លួនចេញពីផលិតកម្មរស្មីហង្សមាស ទីបំផុតក៏បានធ្វើឱ្យតារាចម្រៀងស្រីស្រគត់ស្រគំ ដែលនិយមច្រៀងបទចម្រៀងមនោសញ្ចេតនា លន្លង់លន្លោច អ្នកនាង យក់ ថិតរដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា បានធ្វើការសម្រេចចិត្តដ៏ធំមួយ ដោយឈានជើងចូលមកជ្រកកោននៅក្រោមដំបូលផលិតកម្មថោន ដែលជាផលិតកម្មថ្មីរបស់ពួកគេ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ តារាចម្រៀងចាស់ដែលនៅតែទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីទស្សនិកជនទាំងពីរដួងនេះ ក៏បាននាំគ្នាពួតដៃរាំក្បាច់ថ្មីតាមចង្វាក់ភ្លេងមួយអស់ដៃតែម្តង នៅក្នុងការថត MV បទចម្រៀងរបស់ផលិតកម្មថោនដែលត្រៀមចេញលក់ឆាប់ៗនេះ។

មិនតែប៉ុណ្ណោះ ការស្លៀកពាក់ក៏លេងខ្លួនប្លែកផងដែរ ដើម្បីចូលរួមអបអរសាទរ នៅក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងនាពេលខាងមុខ។ 

អីយ៉ា! តារាទាំងពីរដួងនេះ ចូលផលិតកម្មថ្មី អ្វីៗក៏ថ្មីដែរ ទាំងស្ទីលនៃការតុបតែងខ្លួន និងការរាំច្រៀងបទញាក់កន្ត្រាក់អារម្មណ៍៕

ចង់ដឹងថា អ្នកនាង យក់ ថិតរដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា រាំកាច់ចង្កេះ ចាក់ក្បាច់ហុយដីប៉ុណ្ណា តោះទស្សនាវីដេអូខាងក្រោម៖ 

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់ កញ្ញា ឈិត សុវណ្ណបញ្ញា ក៏បានប្តូរស្ទាយទាំងអស់របស់ខ្លួន ទាំងការតុបតែងសម្លៀកបំពាក់ និងម៉ូតសក់ផងដែរ ក្រោយចូលផលិតកម្មថ្មី

តារាចម្រៀងស្រីសម្លេងស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា ត្រូវបានគេដឹងថា កាលពីមួយរយៈកន្លងទៅនេះ កញ្ញា និង អ្នកនាង យក់ ថិតរដ្ឋា ព្រមទាំងអ្នកដឹកនាំម្នាក់គឺ លោក អ៊ិន ទីតូ បានដឹកដៃគ្នាដើរចេញពីផលិតកម្ម រស្មីហង្សមាស ជាបន្តបន្ទាប់ ដោយអះអាងថាមានមូលហេតុផ្ទាល់ខ្លួន។

ជាក់ស្តែង ក្រោយពីកញ្ញា ឈិត សុវណ្ណបញ្ញា ដើរចេញពីផលិតកម្ម រស្មីហង្សមាស មិនបានប៉ុន្មានផង ក៏ស្រាប់លេចដំណឹងថា កញ្ញា បានបន្តក្តីស្រមៃ ជាតារាចម្រៀងបន្តទៀត នៅផលិតកម្មថោនវិញ។

យើងសង្កេតឃើញថា ក្រោយពីនាងបានផ្លាស់ប្តូរផលិតកម្មមក កញ្ញា ឈិត សុវណ្ណាបញ្ញា ហាក់បីដូចជាមានអារម្មណ៍ស្រស់ស្រាយ និងរីករាយជាងមុន ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ កញ្ញា ថែមទាំងផ្លាស់ប្តូរស្ទាយតុបតែងខ្លួន ដោយលេងម៉ូតសក់ខ្លី គួរឲ្យស្រលាញ់ថែមទៀតផង។

លើសពីនេះទៅទៀតនោះ កញ្ញា ក៏បានបង្ហើរសារថ្លែងអំណរគុណដ៏មានន័យ ទៅកាន់អ្នកគាំទ្រទាំងអស់របស់នាងផងដែរថា៖ «អគុណសម្រាប់ក្ដីស្រលាញ់ ការលើកទឹកចិត្ត តែងតែគាំទ្រ និងមិនដែលបោះបង់ចោលមនុស្សម្នាក់នេះ ដរាបណាមានអ្នកទាំងអស់គ្នានៅពីក្រោយខ្នង នៅជុំវិញខ្លួន មនុស្សម្នាក់នេះនៅតែមានក្ដីសង្ឃឹម ពិតជាសូមអគុណណាស់»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា