(ភ្នំពេញ)៖ ចម្ងល់របស់អ្នកគាំទ្រជុំវិញសមាសភាពគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឆ្នាំ២០១៧ នឹងត្រូវស្រាយបំភ្លឺនៅរសៀលថ្ងៃទី២ ខែមីនាស្អែកនេះ។ ចាំមើលតើលោក Lee Tae Hoon ត្រូវបន្ដតំណែងជាគ្រូបង្វឹកក្រុមដែលមានរហស្សនាមថា «គោព្រៃកម្ពុជា» នេះទៀត ឬមានសមាសភាពគ្រូថ្មី មកជំនួសតំណែងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ?

លោក ម៉ៃ តុលា អគ្គលេខាធិការស្ដីទីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា នៅរសៀលម៉ោង ៣៖០០នាទីថ្ងៃទី២ ខែមីនាស្អែកនេះ សហព័ន្ធនឹងរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពីការប្រកាសសមាសភាពគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ។ ប៉ុន្ដែលោកមិនបានបង្ហើបពីតម្រុយគ្រូបង្វឹកថ្មីនោះទេ គឺសូមអ្នកគាំទ្រ និងអ្នកសារព័ត៌មាន ចាំអ៊ុតលទ្ធផលទាំងអស់គ្នា។

គួរបញ្ជាក់ថា ជុំវិញការប្រកាសរៀបចំសន្និសីទផ្លូវការ ដើម្បីបង្ហាញសមាសភាពគ្រូបង្វឹកជម្រើសជាតិនេះ គឺធ្វើឡើងស្របពេលលោក Lee Tae Hoon ដែលជាគ្រូបង្វឹកចាស់បានផុតកិច្ចសន្យាជាមួយសហព័ន្ធតាំងពីចុងឆ្នាំ២០១៦ មកម្ល៉េះ។ ដូច្នេះគេមិនទាន់ប្រាកដថា សហព័ន្ធនឹងផ្ដល់ទំនុកចិត្តឲ្យលោក Lee ដឹកនាំក្រុមជម្រើសជាតិបន្ដ ដើម្បីចូលរួមប្រកួតពានរង្វាន់អន្ដរជាតិផ្សេងៗ ក្នុងឆ្នាំ២០១៧នេះ ឬផ្លាស់ប្ដូរគ្រូបង្វឹកថ្មីនោះទេ។ ហេតុនេះមានតែចាំអ៊ុតលទ្ធផលថ្ងៃស្អែកប៉ុណ្ណោះ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អត្តពលិកហែលទឹកវ័យក្មេងរបស់ចិន ដែលល្បីថាសង្ហាលើកមុន ពេលនេះត្រូវជាប់បំរាមមិនឲ្យប្រកួត ក្នុងក្រុមជម្រើសជាតិ

ចិន៖ អត្តពលិកផ្នែកកីឡាហែលទឹក Ning Zetao មិនត្រឹមតែមានទេព្យកោសល្យ និងសមត្ថភាពខ្ពស់ក្នុងការប្រកូតនោះទេ ថែមទាំងស្រស់សង្ហារ ទាក់ទាញនារីៗជាច្រើនឈ្លក់វង្វេងទៀតផង។

ប៉ុន្តែថ្មីៗនេះ អត្តពលិកវ័យក្មេងស្រស់សង្ហារូបនេះ ស្រាប់តែត្រូវបានព័ត៌មានចុះផ្សាយថា ជាប់បំរាមមិនឲ្យប្រកួតក្នុងក្រុមជម្រើសជាតិ ដោយសារតែមិនគោរពវិន័យ និងគោលការណ៍នៅក្នុងក្រុម។

Ning Zetao ដែលល្បីឈ្មោះជាកីឡាករហែលទឹកដ៏សង្ហាប្រចាំប្រទេសចិនរូបនេះ ត្រូវបានគេរាយការណ៍មកថា ល្មើសនឹងគោលការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងរដ្ឋបាលកីឡាហែលទឹកប្រចាំប្រទេសចិន ដោយក្នុងនោះមានដូចជា យល់ព្រមទៅថតផ្សព្វផ្សាយផលិតផលដោយគ្មានសុំការអនុញ្ញាត្តិ, មិនបានគោរពវិន័យដែលរៀបចំដោយក្រុមជម្រើសជាតិ និងមួយវិញទៀតបដិសេធមិនទៅប្រកួត ហើយពន្យាពេលរាល់ការប្រកួតទៅតាមកម្មវិធីផ្សេងៗ។

គួរឲ្យដឹងថា Ning Zateo ក៏ធ្លាប់បានជួបនូវរឿងចម្រូងចម្រាស់បែបនេះម្តងដែរ កាលពីឆ្នាំមុន ដែលធ្វើឲ្យគេប៊ិះនឹងមិនបានចូលរួមប្រកួតព្រឹត្តការណ៍អូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីលទៀតផង។

ដោយសារតែការល្មើសនឹងគោលការណ៍ មិនគោរពវិន័យនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់អាជីពរបស់គេ ពោលគឺឱកាសចូលរួមក្នុងការប្រកួតរបស់ Ning Zetao ត្រូវបានដាក់កំណត់មិនដូចពីមុន ហើយត្រូវបានទម្លាក់មកកាន់ក្រុមចាស់របស់គេវិញ ដែលមានឈ្មោះថា People’s Liberation Army Navy Team ។

បើទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែជ្រុះចេញពីក្រុមជម្រើសជាតិក៏ពិតមែន ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ អត្តពលិកវ័យក្មេងរូបនេះ នឹងតំណាងឲ្យក្រុម People’s Liberation Army Navy Team ចូលរួមប្រកួតកក្នុងព្រឹត្តការណ៍ Chinese National Game ដែលនឹងប្រព្រឹត្តឡើងក្នុងទីក្រុងធានជីន ប្រទេសចិន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]