ចិន៖ សារព័ត៌មាន សៀងហៃ បានចុះផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ថា ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងក្រុងធានជីន(Tianjin) ប្រទេសចិន បន្ទាប់ពីក្មេងតូចចំនួន២នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មបំផុត ក្រោយពេលឪពុកម្តាយរបស់ពួកគេរបូតដៃធ្លាក់កូន ពីលើផ្សារជាន់ទី៤។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជា ៩យប់ថ្ងៃទី២៧ ខែកុម្ភៈ មានឪពុកម្តាយម្នាក់ បានពរកូនពីរនាក់ទៅឈរនៅជិតរបាំងកញ្ចក់ នៅជាន់ទី៤ ក្នុងផ្សារទំនើបមួយដែលនៅក្នុងតំបន់។ ជាអកុសល ឪពុកម្តាយរូបនោះ មិនបានអោបកូនទាំង២ ឲ្យជាប់ណែន ក៏ធ្វើឲ្យរបូតដៃធ្លាក់កូនៗរបស់គាត់ទៅក្រោមតែម្តង។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងៗទាំង២នាក់នោះ មានអាយុចន្លោះពី ២ទៅ៣ឆ្នាំប៉ុណ្ណោះ ហើយពួកគេបានធ្លាក់មកដល់ដី ជាន់ទី១ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ប្រភពព័ត៌មាន បានបញ្ជាក់ថា ចំពោះព័ត៌មានផ្សេងទៀតដែលទាក់ទងទៅនឹងហេតុការណ៍ដ៏រន្ធត់មួយនេះ គឺមិនត្រូវបានគេបញ្ចេញឲ្យដឹងនោះទេ សូម្បីតែអត្តសញ្ញាណរបស់ឪពុកម្តាយ ក្មេងអភ័ព្វទាំង ២នាក់នោះ ក៏មិនដឹងដែរ។

តែទោះជាយ៉ាងណា អ្នកនិយមលេងអ៊ីនធើណេត ជាពិសេសបណ្តាញសង្គមចិន Weibo ក៏បានធ្វើការក្រើនរំឮកដល់អ្នកនិយមលេងអ៊ីនធើណេតផ្សេង២ទៀតថា ពួកគេមិនគួររិះគន់ ស្តីបន្ទោសទៅលើឪពុកម្តាយឡើយ ព្រោះគ្មាននរណាម្នាក់ឈឺចាប់ខ្លាំងបំផុត ពេលឃើញកូនស្លាប់ក្នុងឧប្បត្តិហេតុបែបនេះ ជាងឪពុកម្តាយនោះទេ។

គួរំឮកថា ឧប្បត្តិហេតុស្រដៀងគ្នានេះដែរ បានកើតឡើងកាលពីខែវិច្ឆិកា ឆ្នាំមុន នៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុងសៀងហៃ ខណៈពេលដែលលោកយាយម្នាក់ បានធ្វើឲ្យធ្លាក់ចៅខ្លួនឯងដែលមានអាយុទើបតែ៤ខែ ពេលកំពុងឡើងជណ្តើរយន្ត បណ្តាលឲ្យបែកក្បាលស្លាប់៕ 

ប្រភព៖ Shanghaiist

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ តារាម៉ូដែលស្រីម្នាក់ ទ្រាំទ្រលែងបាន ប្រកាសលើបណ្តាញសង្គម ចែកផ្លូវគ្នាជាសាធារណៈ ជាមួយមិត្តប្រុស

កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹក របស់តារាម៉ូដែលស្រីជនជាតិចិនម្នាក់ បាននិងកំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយ នៅលើបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន បន្ទាប់ពីរូបនាងបានប្រកាសចែកផ្លូវគ្នា ជាមួយមិត្តប្រុស ដោយសារអត់ទ្រាំនឹងការប្រើហិង្សាលែងបាន។

យោងតាមប្រភពសារព័ត៌មានសៀងហៃ បានឲ្យដឹងថា តារាម៉ូដែលស្រីរូបសម្រស់ដ៏ស្រស់ស្អាត នាង Wang Rui’er មានវ័យ២៣ឆ្នាំ បានបង្ហោះរូបភាពដ៏ឈឺចាប់មួយសន្លឹក នៅលើគណនីបណ្តាញសង្គម Weibo របស់នាងផ្ទាល់ ដោយបានសរសេររៀបរាប់ពីទុក្ខសោកយ៉ាងក្រៀមក្រំ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដែលនាងបានរស់នៅជាមួយនឹងមិត្តប្រុសអ្នកមានទ្រព្យម្នាក់ មិនបានផ្តល់សេចក្តីសុខឲ្យនាង តែបែរជាប្រើហិង្សាលើរូបកាយនាង សឹងតែគ្រប់ពេលវេលា រហូតដល់ថ្នាក់វាយតប់ ហើមមុខហើមមាត់ និងថែមទាំងស្ទើរតែបែកដើមទ្រូង របស់នាងថែមទៀតផង។

តារាម៉ូដែលស្រី Wang Rui’er បានសរសេរគណនីសង្គមថា «ខ្ញុំបានចាប់ដៃរស់នៅជាមួយអ្នក អស់រយៈពេលជាង៣ឆ្នាំមកហើយ។ ខ្ញុំទទួលស្គាល់ខ្លួនឯងថា កាលពីដំបូងឡើយដែលខ្ញុំជ្រើសរើសយកអ្នក ក៏ដោយសារតែអ្នកជាអ្នកមាន មានលុយហូរហៀរ។ ប៉ុន្តែផ្ទុយទៅវិញ អស់រយៈពេល៣ឆ្នាំកន្លងមកនេះ អ្នកបានប្រើហិង្សារំលោភបំពាន លើរូបរាងកាយខ្ញុំយ៉ាងខ្លាំង ហើយអ្នកថែមទាំងបានវាយតប់ មកលើខ្ញុំយ៉ាងធ្ងន់ធ្ងរទៀតផង។ តែដោយសារតែការស្រលាញ់ ខ្ញុំសុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាងទាំងអស់។ ហើយម្យ៉ាងវិញទៀត អ្វីដែលខ្ញុំត្រូវការនោះគឺលុយ ទើបធ្វើឲ្យខ្ញុំរួមរស់ជាមួយអ្នក អស់ពេល៣ឆ្នាំមកនេះ។ អ្នកនៅចាំបានទេ? រហូតមានយប់មួយនោះ អ្នកបានវាយតប់ប្រើហិង្សាលើខ្ញុំយ៉ាងខ្លាំង ហើយវាស្ទើរតែបែកសុដន់របស់ខ្ញុំ ផ្ទុះចេញមកក្រៅថែមទៀតផង។ ខ្ញុំពិតជាមិនអាចស៊ូទ្រាំតទៅទៀតបានឡើយ! វាមិនស្មើនឹងការឈឺចាប់របស់ខ្ញុំឡើយ ទោះបីជាអ្នកចំណាយលុយជាច្រើនសន្ធឹក ហើយសន្យាថាជួយព្យាបាលខ្ញុំក្តី។ ប៉ុន្តែអ្វីដែលខ្ញុំចង់បាននៅពេលនេះ គឺខ្ញុំសូមឲ្យអ្នកចាកចេញពីខ្ញុំ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំគឺពិតជាស្រលាញ់អ្នក ប៉ុន្តែមកទល់ពេលនេះ ខ្ញុំត្រូវតែប្តេជ្ញាចិត្តថា នឹងត្រូវចែកផ្លូវគ្នាជាមួយអ្នកហើយ! មែនហើយ អ្វីៗដែលពួកយើងមានកន្លងមក គឺវានឹងត្រូវបានបញ្ចប់នៅពេលនេះហើយ! ខ្ញុំសូមឲ្យអ្នកឲ្យចាកចញឆ្ងាយ ឆ្ងាយបំផុតពីជីវិតរបស់ខ្ញុំ។ អ្វីដែលជាការរៀបរាប់នេះ ខ្ញុំគ្រាន់តែចង់ឲ្យអ្នករាល់គ្នា បានដឹងនូវអ្វីដែលបានកើតឡើង ចពោះខ្ញុំតែប៉ុណ្ណោះ ថានៅពេលនេះពួកយើងបានចប់គ្នាហើយ ហើយក៏មិនត្រឡប់មករស់នៅជាមួយគ្នាទៀតដែរ» ។

គួរឲ្យដឹងដែរថា អស់រយៈពេលជាង ២ទៅ៣ឆ្នាំមកនេះ តារាម៉ូដែលស្រី Wang បានចំណាយប្រាក់អស់រាប់សែនដុល្លារ ដើម្បីធ្វើការវះកាត់កែសម្ផស្ស លើដងខ្លួនរបស់នាង រហូតធ្វើឲ្យរូបសម្រស់ដ៏ស្រស់ស្អាត និងទាក់ទាញរបស់នាង បានក្លាយខ្លួនជាតារាម៉ូដែលស្រីម្នាក់ ដ៏មានប្រជាប្រិយភាពខ្លាំង និងទាក់ទាញខ្លាំង នៅលើបណ្តាញអ៊ីនធើណែតក្នុងប្រទេសចិនតែម្តង។

ទោះបីជាយ៉ាងណាក្តី គេពុំទាន់ដឹងច្បាស់ទេថា តើមន្រ្តីប៉ូលិសបានចុះជួយធ្វើការអន្តរាគមន៍ ឬស៊ើបអង្កេតលើករណី របស់តារាម៉ូដែលស្រីរូបនេះឬយ៉ាងណា។ ដោយឡែក អ្នកលេងបណ្តាញសង្គមចិនមួយចំនួនខ្លះ ក៏បានធ្វើការរិះគន់លើរូបនាង និងខ្លះទៀតក៏បានបង្ហាញក្តីអាណិតអាសូរ នូវអ្វីដែលបានកើតឡើងចំពោះនាងផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]