(ពោធិ៍សាត់)៖ យុវជនឈាមរាវ២នាក់ បើកម៉ូតូក្នុងល្បឿនលឿនឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកកង់ក្រោយរថយន្ត HYUNDAI ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅកណ្តាលក្រុងពោធិ៍សាត់។ ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង​០១៖៣០នាទី​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកលាច ស្ថិតក្នុង​ភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ក្បាលពណ៌ស ទ្រុងប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ4A-2866 ធ្វើដំណើរពីកើតទៅលិច បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ។

លុះមកដល់ចំណុចកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ នួន សារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចំការចេកខាងជើង ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន បានឆ្លងផ្លូវរួចទៅបុក​នឹងកង់ខាងក្រោយរថយន្ត HYUNDAI ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ជីង ភេទប្រុស មិនស្គាល់លំនៅដ្ឋាន (រងរបួសធ្ងន់) បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

គួរបញ្ជាក់ថា នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច​គីឡូម៉ែត្រ​​លេខ១៣៧-១៣៨ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ស្រដៀងគ្នា បណ្តាលមកពីម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-9179 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនគេចរថយន្ត រួចដួលបោកក្បាលនឹងថ្នល់ បើកបរដោយឈ្មោះ អឿ សៅហេង ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ខេន សុភា ភេទប្រុស អាយុ២៤ឆ្នាំ (រងរបួសស្រាល) អ្នកទាំងពីររស់នៅក្នុងភូមិពោម្រះ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន វត្ថុតាងរថយន្តHYUNDAI និងម៉ូតូ Nex ត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត រីឯម៉ូតូHonda Dream ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំពោះសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ត្រីងៀត​ឆ្លៀត​ពង ! ដឹក​ស្រី​ស្នេហ៍​ដើរ​លេង មានអី​ប្រពន្ធ​តាម​ទាន់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ឆ្លៀតពេល​ថ្ងៃអាទិត្យ​ទំនេរ បាន​កុហក​ប្រពន្ធ​របស់​គាត់​ថា ទៅ​ជួសជុល​ម៉ាស៊ីន​ទឹកកក​ឲ្យ​គេ​នៅ​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខណៈនោះ​ន្រ​ពន្ធ​មិន​បាន​ថា​អ្វី​នោះ​ឡើយ គឺ​បាន​ជឿជាក់​ទៅ​លើ​លោក​ប្ដី​ទាំងស្រុង លុះ​ក្រោយ​ពេល​បើករថយន្ត​ចាកចេញ​ផុត​ពី​ផ្ទះ បុរស​ខាងលើ​បាន​ទៅ​ដឹក​ស្រី​ស្នេហ៍​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ឯ​ខេត្តកំពត​យ៉ាង​រំភើយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សប្បាយ​ក្លាយទៅជា​ទុក្ខ​នោះ​គឺ នៅ​ក្នុង​ពេល​កំពុង​ដឹក​ស្រី​ស្នេហ៍ សាសង​យ៉ាង​ផ្អែមល្ហែម​នៅ​ក្នុង​រថយន្ត ស្រាប់តែ​ត្រូវ​បាន​សាច់ញាតិ​ខាង​ប្រពន្ធ​ប្រទះ​ឃើញ​ក៏​បាន​លួច​ថតរូប​ទុកជា​ភស្តុ​តាង ព្រមទាំង​បាន​ខ​ល​ប្រាប់​ប្រពន្ធ​ឲ្យ​ដឹង​។

មិនតែប៉ុណ្ណោះ ថែម​ទាំង​បាន​បាញ់​រូបថត របស់​គាត់ និង​ស្រី​ស្នេហ៍​កំពុង​ស្ថិត​នៅ​ជាមួយ​គ្នា​នោះ​ទៅ​ឲ្យ​ប្រពន្ធ​របស់​គាត់​ទៀត​ផង បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​កូនប្រុស​ស្រី​របស់​ខ្លួន ជិះ​រថយន្ត​១​គ្រឿង​ទៅ​តាម ហើយ​នៅ​ពេល​ប្រទះ​ឃើញច្បាស់​នឹង​ភ្នែក​ទើប​នាំ​គ្នា​តាម និង​ឃាត់​បាន ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​កា​កាប ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​នោះ​ឈ្មោះ វ៉េ​ង ឈឿ​ន អាយុ​៥៩​ឆ្នាំ មុខ​ជាង​ជួស​ជួល​ម៉ាស៊ីន​ផលិត​ទឹកកក ចំណែក​ស្ត្រី​ជា​ប្រពន្ធដើម​ឈ្មោះ ប៊ុត ចាន់​ធឿ​ន អាយុ​៥៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ក្នុងភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ដោយឡែក​ស្រី​ស្នហ៍​បណ្ដូលចិត្ត​ដែល​ប្ដី​គាត់​ដឹក​ដើ​លេង នោះ ឈ្មោះ ម៉​ម ផ​ល្លី អាយុ​៣៤​ឆ្នាំ មុខរបរ​ជាងកាត់ដេរ ស្នាក់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​តាម​ទាន់​បុរស​ជា​ប្ដី កំពុង​ស្ថិត​នៅ​ក្នុង​រថយន្ត​ជាមួយនឹង​ស្រី​ស្នេហ៍ បែប​នេះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធដើម មាន​កំហឹង​ខ្លាំង​ណាស់​ស្ទើរតែ​គាំងបេះដូង​ស្លាប់ ហើយ​បាន​ឃាត់​រថយន្ត របស់​ប្ដី រួច​បាន​នាំ​ចូល​មក​កាន់​ប៉ុស្ដិ៍​កា​កាប ហើយ​បាន​ជជែក​គ្នា​យ៉ាង​តឹង​ស​សៃ​ក​រៀង​ៗ​ខ្លួន​។ មិនតែប៉ុណ្ណោះ គាត់​ក៏​បាន​ជេរ​នាង​ជា​ស្រី​ស្នេហ៍​របស់​ប្ដី យ៉ាង​ចាស់ដៃ​ថែម​ទៀត​ផង​។ ប៉ុន្តែ​ដោយ​មានការ​សម្របសម្រួល ពី​កងកម្លាំង​នគរបាល​ប៉ុស្ដិ៍ ទើប​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ ដោយ​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​សាលា​ស្រះ​ចក ខណ្ឌដូនពេញ​វិញ ហើយ​បុរស​ជា​ប្ដី​បាន​ដឹក​ស្រី​ស្នេហ៍​ចាកចេញ​ទៅ​បាត់ ឯ​ប្រពន្ធ​និង​កូន​បាន​ជិះ​រថយន្ត​ចាកចេញ​ទៅ​តាម​ក្រោយ​បាត់​ដែរ​។

ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា គាត់​មិន​នឹក​ស្មានថា លោក​ប្ដី​របស់​គាត់​ចំណាស់​នឹង​ទៅ​ហើយ មាន​កលល្បិច​ច្រើន ហ៊ាន​ផិតក្បត់​រូប​គាត់​ទៅ​លួចលាក់​មាន​ស្រី​ថ្មី​ទាល់តែ​សោះ កន្លង​មក​គាត់​ខំ​តែ​ទុកចិត្ត​ប្ដី​ខ្លាំង​ណាស់ មិន​ដែល​មានការ​សង្ស័យ​ថា​ប្ដី​ក្បត់ចិត្ត​នោះ​ឡើយ ដោយឡែក​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ប្ដី​បាន​ប្រាប់​គាត់​ថា ទៅ​ជួស​ជួល​ម៉ាស៊ីន​ទឹកកក​ឲ្យ​គេ នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ ខណៈនោះ​ក៏​បាន​បើករថយន្ត​១​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ចាម 2A-2907 ចាក​ចេញពីផ្ទះ​បាត់ ពេល​នោះ​គាត់​មិន​បាន​តាម​ប្ដី​ទេ ព្រោះ​ស្មានថា​ប្ដី​ទៅ​ជួសជុល​ម៉ាស៊ីន​ផលិត​ទឹកកក​ឲ្យ​គេ​មែន​។

ប៉ុន្តែ​អ្វី​ដែល​គាត់​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​នោះ គឺ​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៣​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​ទូរស័ព្ទ​បាន​រោ​ទិ៍​ឡើង​យ៉ាង​រន្ថើន ហើយ​គាត់​បាន​យមក​មើល ឃើញ​លេខ​ដែល​ខ​ល​ចូល​មក នោះ​ជា​លេខ​ទូរស័ព្ទ​សាច់ញាតិ​របស់​គាត់ ហើយ​គាត់​ក៏​បាន​ស្រវា​លើក​និយាយ​ភ្លាម​ៗ​ដែរ​។ ស្ត្រី​ខាងលើ​បាន​បន្ត​ទៀត​ថា ខណៈនោះ​គាត់​ស្ទើរតែ​ជ្រុះ​ទូរស័ព្ទ​ពី​ដៃ និង​ស្ទើរតែ​គាំងបេះដូង​ដួល​សន្លប់​ទៅ​ហើយ ព្រោះ​សាច់ញាតិ​របស់​គាត់​បាន​ប្រាប់​ថា បានឃើញ​ប្តី​របស់​គាត់​កំពុង​ស្ថិត​នៅ​ជាមួយ​ស្រី​ស្នេហ៍ នៅ​ក្នុង​ខេត្តកំពត ពេល​នោះ​គាត់​បាន​ខំ​សម្រួល​អារម្មណ៍​មិន​ឲ្យ​តានតឹង​ពេក​ទេ និង​បាន​ឲ្យ​សាច់ញាតិ​លួច​ថតរូប​ផ្ញើ​ឲ្យ​គាត់​មើល​។

ក្រោយ​ពេល​បានឃើញ​រូប​ប្ដី និង​ស្រី​ស្នេហ៍​ច្បាស់​នឹង​ភ្នែក​ទើប​គាត់​ជឿជាក់​ទាំងស្រុង ហើយ​បាន​ឲ្យ​សាច់ញាតិ​គាត់ តាមដាន​ឃ្លាំមើល​រហូត​ប្តី​របស់​គាត់​ឡើង​ជិះ​រថយន្ត ត្រលប់​មក​ភ្នំពេញ​វិញ​។ ទើប​គាត់​ជា​ប្រពន្ធ បាន​ចេញ​ទៅ​តាម​ក្រែង​ជួប​តាម​ផ្លូវ ហើយ​ចៃដន្យ​ក៏​បាន​ជួប​នៅ​ម្តុំ​ផ្សារ​ថ្នល់ទទឹង ស្ថិត​នៅ​តាម​ផ្លូវជាតិ​៤ ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​ក្នុង​ខណៈ​កំពុង​បើករថយន្ត​បញ្ច្រាសទិស​គ្នា ភ្លាម​ៗ​នោះ​រូប​គាត់ និង​កូន​ៗ​បាន​បត់​រថយន្ត​ត្រលប់​ក្រោយ​វិញ ហើយ​បាន​តាម​ពីក្រោយ​ប្តី​គាត់​រហូត​ដល់​មុខ​ប៉ុស្តិ៍​នគរបាល​កា​កាប ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទើប​ឃាត់​ឲ្យ​ឈប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្ដង បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​ជជែក​គ្នា​នៅ​ក្នុង​ប៉ុស្តិ៍​នោះ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​បាន​ជួប​មុខ​គ្នា ភាគី​ទាំង​សងខាង គី​ប្ដី និង​ប្រពន្ធ​បាន​ជជែក​គ្នា​យ៉ាង តឹង​ស​សៃ​ក និង​បាន​ឈ្លោះប្រកែក​គ្នា​បែកផ្សែង​ពេញ​ប៉ុស្តិ៍​តែ​ម្ដង ហើយ​ស្ត្រី​ជា​ប្រពន្ធដើម បាន​ជេរ​នាង​ដែល​ជា​ស្ត្រី​ស្នេហ៍​ប្ដី​នោះ​យ៉ាង​ចាស់ដៃ ហើយ​នាង​ម្នាក់​នោះ​ក៏​បាន តបត​វិញ​ខ្លះ​ៗ​ដែរ​។ ដោយសារ​តែ​ខ្លាច​មាន អំពើ​ហិង្សា​កើតឡើង ទើប​នគរបាល​ប៉ុស្ដិ៍​កា​កាប បាន​ធ្វើការ​សម្របសម្រួល​ឲ្យ​អ្នក​ទាំងអស់​គ្នា​នោះ នាំ​គ្នា​ស្ងប់ស្ងាត់ និង​ទៅ​ដោះស្រាយ​គ្នា​នៅ​សាលា​ស្រះ​ចក ខណ្ឌដូនពេញ​វិញ ព្រោះ​ពួក​គាត់​រស់នៅ​ទីនោះ ទើប​ពេល​នោះ​មានការ​ស្ងប់ស្ងាត់ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា គាត់​នឹង​លែងលះ​គ្នា​ជាមួយ​ប្ដី​នោះ​មិន​យក ទៀត​ទេ ចំណែក​បុរស​ជា​ប្ដី​បាន​សុំ​ឲ្យ​ប្រពន្ធដើម​គាត់​ទៅ​ផ្ទះ​វិញ​សិន​ទៅ​។ បន្ទាប់​មក​បុរស​នោះ និង​ស្រី​ស្នេហ៍ បាន​ជិះ​រថយន្ត​ទៅ​បាត់ ចំណែក​ស្ត្រី​ជា​ប្រពន្ធដើម​បាន​ជិះ​រថយន្ត​ទៅ​តាម​ក្រោយ​ដែរ​៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]