(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបាននគរបាលប៉ុស្ដិ៍ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់វាយខ្នោះ ក្រោយឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតបង្កហិង្សាក្នុងគ្រួសារ ហើយបានទាញដាវទៅកាប់ លើអ្នកជិតខាងដែលបានមកឃាត់ខ្លួន បណ្ដាលឲ្យរងរបួសហូឈាម។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បុរសជាប្ដីមានឈ្មោះហ៊ូ មករា អាយុ២៤ឆ្នាំ មុខរបរបិតតែមម៉ូតូ។ រីឯជនរងគ្រោះ​ឈ្មោះផល្លា សេរី អាយុ១៩ឆ្មាំ មុខរបរសិស្ស។ ជនសង្ស័យ និងជនរងគ្រោះ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនបុរសជាប្ដីដែលបង្កហិង្សាឈ្លោះប្រកែកជាមួយភរិយា និងបានយកដាវកាប់ទៅលើអ្នកដ៏ទៃ ដែលមកឃាត់ខ្លួន បណ្ដាលឲ្យរងរបួសខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវ៩០៧ ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីប្រពន្ធបានឈ្លោះប្រកែកគ្នា ជាមួយបុរសជាប្ដី បង្កទៅជាហិង្សានៅក្នុងគ្រួសារ ដោយជនរងគ្រោះឃើញយ៉ាងដូច្នេះ ក៏ចូលទៅជួយឃាត់ ស្រាប់តែប្រទាក់សំដីគ្នា លុះជនសង្ស័យ បានស្ទុះទៅទាញដាវ មកកាប់លើជនរងគ្រោះបណ្ដាលឲ្យ រងរបួសហូរឈាមត្រង់ក្បាលជង្គង់ខាងឆ្វេង និងត្រូវបានដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ១៧៩ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះមកអន្តរាគមន៍ រហូតឈានទៅឃាត់ខ្លួន បុរសជាប្ដី ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ និងអ្នកដ៏ទៃ ដើម្បីយកមកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីអនុវត្តនិតិវិធី៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ក្រុមចោរភ្ជង់ប្លន់ប្រជាពលរដ្ឋ​ពេលយប់ នៅក្រុង​ទេសចរណ៍​ព្រះសីហនុ យក​ទ្រព្យសម្បត្តិ ត្រូវកម្លាំង​នគរបាល​តាមបង្ក្រាប​បាន២នាក់

(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យកណ្តាល​ព្រហ្មទណ្ឌ សហការជាមួយ​កម្លាំងនគរបាល​ក្រុងព្រះសីហនុ នៅថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្រោយធ្វើ​សកម្មភាពប្លន់ ដោយប្រើកាំបិតចុងស្រួច ភ្ជង់ទៅ​លើនារីរងគ្រោះ ២នាក់ផ្សេងទៀត យកអស់ទូរស័ព្ទ លុយ និងរបស់របរមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូង​ខេត្តចាត់ការតាមនីតិវិធី។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់​បានធ្វើសកម្មភាព​ប្លន់ទៅលើពួកនាង កាលពីនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ យកអស់​ទូរស័ព្ទ​ដៃម៉ាក IPhone5s ១គ្រឿង ទូរស័ព្ទដៃម៉ាក IPhone5 ១គ្រឿង ទូរស័ព្ទចុចពិល១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក លុយខ្មែរ ១៣០,០០០រៀល លុយដុល្លារ ២០ដុល្លា កាតធនាគារ១សន្លឹក កាបូបស្ពាយ១។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ជនសង្ស័យមានគ្នា២នាក់ ម្នាក់ឈ្មោះ គង់ កីឡាកាស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាជនដៃដល់ និងឈ្មោះ ង៉ែត ឡែន អាយុ៣១ឆ្នាំ មានទីលំនៅជាមួយគ្នា។

ចំណែកជនរងគ្រោះមានគ្នា២នាក់ដែរ​ម្នាក់ឈ្មោះ ខុំ ភាព អាយុ២៦ឆ្នាំ មានទីលំនៅក្រុម៤៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះ ហែម ស្រីមុំ អាយុ២៥ឆ្នាំ នៅជាមួយគ្នា។

វត្ថុតាងដែលដកហូតបានពីជនសង្ស័យ រួមមាន ដាវមុខរណាចុងស្រួច ១ដើម ម៉ូតូម៉ាក JUPITER ១គ្រឿង ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយអេស១គ្រឿង ទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយ១គ្រឿង។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]