(ព្រះសីហនុ)៖ សំឡេងទ្រហ៊ោយំខ្លាំងៗ ពីសំណាក់ឪពុកម្តាយ អាណាព្យាបាល និងសាច់ញាតិរបស់សពក្មេងស្រីតូចៗ ទាំង៧នាក់ បានឮពេញមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បន្ទាប់ពីកូនៗរបស់ពួកគេ ដែលមានអាយុចាប់ពី៧ឆ្នាំ ដល់១៣ឆ្នាំ បានស្លាប់អាណោចអាធ័មជាទីបំផុត នៅពេលពួកគេទាំង១០នាក់ បានទៅលេងទឹកបឹងព្រែកទប់ ស្ថិតនៅក្រុមទី៩​ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយបានជួបហេតុការណ៍ ដ៏តក់ស្លុកមួយនេះនៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង​ដោយមានក្មេងចំនួន១០នាក់ ក្នុងនោះប្រុសម្នាក់ អាយុ៧ឆ្នាំ ដល់១៣ឆ្នាំ បាននាំគ្នាចុះងូតទឹកលេងបណ្តាលឲ្យលង់ស្លាប់៧នាក់ ហើយ៣នាក់ទៀត ប្រុសម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល។

លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថា «ករណីនេះកម្លាំងជំនាញកំពុងពិនិត្យកន្លែងកើតហេតុ និងចូលរួមធ្វើ​កោលវិច្ច័យលើ សាកសព នៅមន្ទីរពេទ្យបង្អែកខេត្ត ពីព្រោះតាមព័ត៌មានពីសាក្សី គឺក្មេងៗរងគ្រោះទាំងនោះ ដែលមានទីលំនៅក្បែរបឹងព្រែកទប់ តែងតែចុះទៅលេងទឹកនេះ ជាប្រចំាតែមិនកើតអី ចុះហេតុអ្វីនៅថ្ងៃនេះ បែរជាជួបគ្រោះថ្នាក់ទៅវិញ ដែលកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ»។

បើតាមគ្រូពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះទាំង១០នាក់ បាននាំគ្នាចុះលេងទឹក និងជិះទូកត្នោតស្រាប់តែ ទូកត្នោតនោះលិចបណ្តាលឲ្យពួកគេ៧នាក់លង់ស្លាប់តែម្តង សង្ស័យអាចទាក់ជាមួយកំប្លោក ខណៈ៣នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់។

ជាមួយគ្នានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បន្ទាប់ពីកើតហេតុភ្លាមៗ បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យ និងជួយអន្តរាគមន៍ភ្លាមៗផងដែរ។

យោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋាន បានបង្ហាញថា ក្មេងរងគ្រោះទាំង៧នាក់ រួមមាន៖ ទី១៖ ឈ្មោះ សិត ស្រម៉ៅ ភេទស្រី អាយុ៦ឆ្នាំ ទី២៖ ឈ្មោះ ពោល គា ភេទស្រី អាយុ១០ឆ្នាំ ទី៣៖ ឈ្មោះ ហួរ ស្រីគឹម ភេទស្រី អាយុ៧ឆ្នាំ ទី៤៖ ឈ្មោះ ច្រាំង ស៊ីអ៊ី ភេទស្រី អាយុ១៣ឆ្នាំ ទី៥៖ ឈ្មោះ ជា សុខនឿន ភេទស្រី អាយុ៧ឆ្នាំ​ ទី៦-ឈ្មោះ ម៉េង ស្រីនុច ភេទស្រី អាយុ៦ឆ្នាំ និងទី៧៖ ឈ្មោះ ហ៊ឹម ស្រីម៉ឺប ភេទស្រី អាយុ៧ឆ្នាំ។

សម្រាប់សពក្មេងស្រីទាំង៧នាក់ និងក្មេងរងគ្រោះដែលជួយសង្គ្រោះទាន់ ត្រូវបានសមត្ថកិច្ចតម្កល់ទុក និងព្យាបាលនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីត្រៀមប្រគល់ជូនក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាសូរណាស់! ស្រ្តីម្នាក់សម្រាលកូនដំបូង នៅកណ្តាលវាលស្រែក្នុងខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ អាសូណាស់! កូនទី១ ឈឺពោះសម្រាលក្រោមកម្តៅថ្ងៃ កណ្តាលវាលស្រែ ឆ្ងាយពីភូមិ ជិតមួយគីឡូម៉ែត្រ និង ឃា្លតឆ្ងាយពីមណ្ឌលសុខភាព ស្រែក្រសាំង រាប់គីឡូម៉ែត្រនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដំរីផុង ឃុំកោះសម្ពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទាំងនេះគឺជាការរៀបរាប់របស់អ្នកភូមិ សំដៅដល់ស្រ្តីម្នាក់ឈ្មោះ ថេង ធារី អាយុ២៦ឆ្នាំ ស្រុកកំណើត នៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របូរី ខេត្តក្រចេះ និងទើបមករស់នៅធ្វើស្រែចំការ នៅភូមិដំរីផុងឃុំកោះ​សម្ពាយ​ស្រុកសៀមបូក បានមួយឆ្នាំប៉ុណ្ណោះ។

តែយ៉ាងណាក៏ដោយ ដោយសារតែមានបុណ្យជួយ បច្ចុប្បន្នទាំងទារក និងម្តាយកំពុងសម្រាកថែទាំសុខភាព នៅមណ្ឌល​សុខភាព ស្រែក្រសាំងស្រុកសៀមបូក ដោយរួចផុតពីគ្រោះថ្នាក់ហើយ ដោយសារតែបានប្រជាពលរដ្ឋបានជួយទាន់។

ស្ត្រីសម្រាលកូនខាងលើនេះ បានរៀបរាប់ថា នាងពុំដឹងខ្លួនឈឺពោះរៀបនឹងសម្រាលកូននោះទេ តែស្រាប់កើតឡើងភ្លាមៗ នៅថ្ងៃទី២៧ ខែកុម្ភៈនេះ ទាំងពុំដឹងខ្លួនបែបហ្នឹង។ នាងបន្តថា នេះជាចំណងដៃកូនទីមួយ​ក្រោយរៀបការ​ជាមួយប្តីបាន​ជាងមួយឆ្នាំកន្លងទៅ។

បុរសជាប្តីក៏បានរៀបរាប់ដែរថា ខ្លួនមិនដឹងប្រពន្ធត្រូវជួបប្រទះរឿងបែបនេះសោះ ហើយវាជាអនុស្សាវរីយ៍មួយ ដែលមិនអាច​បំភ្លេចបាន ក្រោយកូនប្រុសត្រូវសម្រាលនៅកណ្តាលវាលស្រែ ដ៏ជូរចត់បែបនេះ ហើយខ្លួនក៏មាន​ការរំភើបដែលបាន​ធ្វើជាឪពុក​ក្នុងប្រវត្តិជូរចត់របស់កូនគ្រានេះដែរ។

បុរសរូបនេះបន្តថា ទន្ទឹមនឹងប្រពន្ធផ្តើមឈឺពោះ ខ្លួនមានការបារម្ភណ៍ពីបញ្ហាប្រឈមទីមួយ គ្មានពេទ្យឆ្មប និងទីពីរ មណ្ឌល​សុខភាព​នៅឆ្ងាយរាប់គីឡូម៉ែត្រ និងជាការធ្វេសប្រហែសមួយ ដែលមិនបានទៅពិនិត្យផ្ទៃពោះ ទទួលការណែនាំ​នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីត្រៀមលក្ខណៈជាមុន។

តាមការឲ្យដឹងពីប្អូនស្រីស្រ្តីខាងលើ នៅថ្ងៃទី២៧ ខែកុម្ភៈ រូបនាងរួមបងប្អូន ប្រុស ស្រី៤នាក់ រួមទាំងបងស្រីមាន ផ្ទៃពោះផង​នោះ​ទៅចូលបុណ្យលើកធាតុយាយនៅភូមិចម្ងាយពីខ្ទមស្រែ ជិតមួយគីឡូម៉ែត្រលុះដើបានជាង១០០ម៉ែត្រ គាត់ប្រាប់ថា ឈឺចង្កេះដោយពុំនឹកស្មានថា ឈឺពោះសម្រាលកូននោះទេ បន្ទាប់មកក៏ស្រាប់ឈឺពោះកាន់តែខ្លាំង និងដើរមិនរួចទើប​សម្រាល​នៅកណ្តាលស្រែតែម្តង។

នារីដដែលបន្តថា គ្រាកំពុងឈឺពោះជាការដៃដន្យបំផុត មានអ្នកគ្រូពេទ្យឆ្មបម្នាក់ឆ្លងកាត់ ជួយពិនិត្យ និងជូនដំណឹងទៅ ប្រធាន មណ្ឌលសុខភាពស្រែក្រសាំងឲ្យបញ្ជូនអ្នកគ្រូពេទ្យឆ្មបជំនាញពីរនាក់ រួមទាំងសភារៈមកជួយបន្ថែមទាន់ពេល ចំណែកប្​តីរបស់គាត់ប្រឹងកាប់ដើមឬស្សីចងអង្រឹង សែងទៅបណ្តើរតែការឈឺពោះនោះលឿនពេកសម្រាលភ្លាមៗ នៅកណ្តាល​ស្រែនោះតែម្តង បន្ទាប់មកក្រុមគអ្នកគ្រូពេទ្យឆ្មបមកដល់ជួយសម្អាតសុកចេញ និងបញ្ជូនតាមម៉ូតូបន្តទៅ​ទទួលការ​ថែទាំនៅមណ្ឌលសុខភាពភ្លាមៗដែរ។

លោក ឯម ប៊ុនសុំ ប្រធានមណ្ឌលសុខភាពភូមិស្រែក្រសាំង ឃុំស្រែក្រសាំងស្រុកសៀមបូក បានបញ្ជាក់ថា សុខភាពម្តាយ និងទារកមានសុខភាពល្អធម្មតា ហើយវាជារឿងមួយដែលកម្រសម្រាប់ស្ត្រីមានផ្ទៃពោះជួបប្រទះ ការសម្រាលកូន​ដោយខ្លួនឯង ដោយមិនដឹងខ្លួនបែបនេះ។

លោក ឯម ប៊ុនសុំ បានបន្ថែមថា ទាក់ទិនការសម្រាលកូនបែបនេះ មានការប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនលើក​ក្រោយសម្រាល មិនបានយកសុកចេញឈាម នឹងចាប់ផ្តើមធ្លាក់ដែលអាចកើតមានគ្រោះថ្នាក់គ្រប់ពេលលើសុខភាពម្តាយ។

លោកបានបញ្ជាក់បន្ថែមថា ខាងមណ្ឌលសុខភាពបានចុះផ្សព្វផ្សាយអប់រំដល់មូលដ្ឋានជាប្រចាំ តែមានប្រជាពលរដ្ឋ ខ្លះគាត់​ចូលរួមនិងខ្លះទៀតគាត់មិនបានចូលរួមស្តាប់ការផ្សព្វផ្សាយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]