ជាធម្មតាប្រិយមិត្តមួយចំនួនធំ ធ្លាប់តែយល់ដឹងពីវិធីសាស្រ្តនៃការទទួលទានស្រាទំពាំងបាយជូរ ឬហៅថាស្រាក្រហម ឲ្យបានត្រឹមត្រូវ និងឲ្យមានឱជារសឆ្ងាញ់ ព្រមទាំងធ្លាប់យល់់ដឹងតែពីអត្ថប្រយោជន៍ពីការទទួលទានស្រាក្រហមក្នុងមួយថ្ងៃមួយកែវជាប្រចាំ ដែលវានឹងជួយធ្វើឲ្យបេះដូងយើងមានសុភាពល្អ គ្មានការកកស្ទះសរសៃរឈាមបេះដូង  កាត់បន្ថយជាតិខ្លាញ់រុំបេះដូង  ជួយសម្រកទំងន់ ដុតបំផ្លាញជាតិខ្លាញ់ដែលលើសក្នុងរាងកាយ មិនធ្វើឲ្យលើសសំពាធឈាមជាដើម  ប៉ុន្តែប្រិយមិត្តប្រាកដជាមិនធ្លាប់បានដឹងពីវិធីសាស្ត្រងាយៗ ក្នុងការធ្វើស្រាទំពាំងបាយជូរដ៏មានឱជារសឈ្ងុយឆ្ងាញ់នៅផ្ទះដោយខ្លួនឯងនោះទេ។

ថ្ងៃនេះ ខ្មែរឡូត សូមណែនាប្រិយមិត្តពីវិធីសាស្ត្រងាយៗក្នុងការធ្វើស្រា២ប្រភេទ ដោយទី១គឺរបៀបធ្វើស្រាទំពាំងបាយជូរ រីឯទី២គឺរបៀបធ្វើស្រាផ្លែឈើត្រាំ នៅផ្ទះដោយខ្លួនឯង ថែមទាំងមានឱជារសឈ្ងុយឆ្ងាញ់មិនចាញ់ស្រាថ្លៃៗប៉ុន្មានដែរ។

ដូចនេះកុំឲ្យខាតពេលយូរ យើងមករៀនធ្វើទាំងអស់គ្នា៖

ទី១៖ របៀបធ្វើស្រាទំពាំងបាយជូរ

គ្រឿងផ្សំមានដូចជា៖

-ផ្លែទំពាំងបាយជូរ (ក្រហម ឬ ខ្មៅ)

-ស្ករស

-អំបិល

-ក្រឡសម្រាប់ត្រាំវា (ថ្មក៏បាន ជ័រក៏បាន)

របៀបធ្វើ៖

ឧទាហរណ៍ទំពាំងបាយជូរដែលអ្នកមានចំនួន ៥ខាំ ដូចនេះយើងយកទំពាំងបាយជូរទាំងនោះមកលាងទឹកឲ្យស្អាត បន្ទាប់មកយើងដាក់ស្ករសចូលចំនួន ៣ ស្លាបព្រាបាយ និងអំបិលចំនួនកន្លះស្លាបព្រាបាយ។ បន្ទាប់ពីនេះយើងក៏ច្របល់វាចូលគ្នាឲ្យសព្វល្អ និងច្របាច់គ្រាប់ទំពាំងបាយជូរនីមួយៗឲ្យរៀងបែកបន្តិចៗ ដើម្បីឲ្យវាចូលជាតិគ្នាបានល្អ។

រួចរាល់ហើយយើងក៏ដាក់ទំពាំងបាយជូរទាំងនោះ ចូលទៅក្នុងក្រឡរួចបិទគំរបឲ្យជិត យកវាទៅទុកកន្លែងដែលសមរម្យ  រយៈពេលពី១៥ថ្ងៃ ទៅ១ខែ គឺអាចទទួលទានបានហើយ។

ទី២៖ របៀបធ្វើស្រាផ្លែឈើត្រាំ

គ្រឿងផ្សំមានដូចជា៖

-ផ្លែឈើច្រើនមុខតាមចំណង់ចំណូលចិត្តរបស់អ្នក

-ស្ករស

-អំបិល

-ក្រឡសម្រាប់ត្រាំវា (ថ្មក៏បាន ជ័រក៏បាន)

របៀបធ្វើ៖

ថ្ងៃនេះ ខ្មែរឡូត សូមលើកយកផ្លែឈើចំនួន៤មុខ ដោយមានដូចជា ខ្នុរ មៀន ប៉ោមខៀវ និងសារី យកមកបង្ហាញប្រិយមិត្តទាំងអស់គ្នា។ ពីដំបូងយើងត្រូវលាងផ្លែឈើទាំងនោះឲ្យស្អាត ដោយផ្លែខ្នុរ និងផ្លែមៀន យើងត្រូវយកគ្រាប់ចេញ រីឯប៉ោមខៀវ និងសារី យើងត្រូវចិតវាជាចំនិតតូចៗ។ 

បន្ទាប់មកយើងលាយស្ករសចូលចំនួន ៣ស្លាបព្រាបាយ និងអំបិលចំនួន កន្លះស្លាបព្រាបាយ រួចយើងច្របល់វាចូលគ្នាឲ្យសព្វ។

រួចរាល់ហើយយើងក៏ដាក់ផ្លែឈើទាំងនោះ ចូលទៅក្នុងក្រឡរួចបិទគំរប់ឲ្យជិត យកវាទៅទុកកន្លែងដែលសមរម្យ  រយៈពេលពី១៥ថ្ងៃ ទៅ១ខែ គឺអាចទទួលបានហើយ។

គួរបញ្ជាក់ថា អ្នកក៏អាចរក្សាទុកស្រាទាំង២ប្រភេទ បានរហូតទៅដល់រាប់ខែរាប់ឆ្នាំឯណោះ ដោយគ្រាន់តែពេលណាដែលអ្នកទទួលទានវារហូតដល់រីងទឹក  អ្នកគ្រាន់តែចាក់ស្រាសចូលទៅក្នុងនោះបន្ថែម  និងរក្សាទុកឲ្យល្មមអាចទទួលទានបាន ជាការស្រេច។ ហើយស្រាប្រភេទនេះរក្សាទុករឹតតែមានរយៈពេលយូរ  រឹតតែឈ្ងុយឆ្ងាញ់និងខ្លឹមល្អផងដែរ៕ 

រូបភាពក្រោយទុកបានរយពេល១ខែ

សូមចុចអាន៖ តោះមករៀនពីរបៀបធ្វើ នំអ៊ី និងនំបាញ់ចានឿក ឲ្យឆ្ងាញ់ទាំងអស់គ្នា..!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]