ប្រេស៊ីល៖ ពិធីករប្រុសម្នាក់ខ្មាសគេមិនស្ទើរ ក្រោយពីនារីបង្ហាញម៉ូតទះកំផ្លៀង ពេលកំពុងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ មូលហេតុដែលធ្វើឲ្យនារីបង្ហាញម៉ូតរូបនេះខឹង រហូតឈានដល់ប្រើដៃទះកំផ្លៀង ដោយសារតែពិធីករប្រុសម្នាក់នោះ បានយកដៃទៅស្ទាបគូទនាង ដោយយកលេសថាគ្រាន់តែជាឧទាហរណ៍ប្រាប់ទស្សនិកជនអំពីការប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃតែប៉ុណ្ណោះ។

យោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា នារីបង្ហាញម៉ូតរូបនេះឈ្មោះ Rayssa Teixeiro Melo សញ្ជាតិប្រេស៊ីល គឺជាតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងបណ្តាញសង្គម ដោយសារតែដងខ្លួនដ៏ខ្ញង់ និងខ្លួនប្រាណទ្រលុកទ្រលន់របស់នាង។

ប្រភពបានបន្តឲ្យដឹងទៀតថា នាងត្រូវបានប៉ុស្តិ៍ទូរទស្សន៍អញ្ជើញឲ្យចូលរួមក្នុងកម្មវិធី មួយដើម្បីបង្ហាញម៉ូត និងផ្សព្វផ្សាយផលិតផលឡេការពារកម្តៅថ្ងៃ ជាមួយនឹងឈុតប៊ីគីនីដ៏ស៊ិចស៊ី ។ ក្នុងនោះដែរ ដើម្បីបង្ហាញអំពីរបៀបប្រើប្រាស់ផលិតផលកាពារកម្តៅថ្ងៃ ពិធីករទូរទស្សន៍ ក៏បានបង្ហាញទស្សនិកជន ដោយបានយកដៃទៅប៉ះរាងកាយនារីបង្ហាញម៉ូតពីលើដល់ក្រោម រហូតដល់ប៉ះចំគូទ ធ្វើឲ្យនាងមានប្រតិកម្មមួយរំពេច។

ជាមួយគ្នានេះ នាងក៏បានប្រាប់ទៅពិធីករផងដែរថា កុំឲ្យប៉ះគូទរបស់នាង ព្រោះនេះជាសកម្មភាពជ្រុលបន្តិចហើយ។ លុះក្រោយមក ពិធីករក៏បានសុំឲ្យនាងស្ងប់អារម្មណ៍ និងសុំការអនុញ្ញាតិនាងម្តងទៀត ដើម្បីបង្ហាញទៅកាន់ទស្សនិកជន ប៉ុន្តែពិធីករប្រុសដដែលក៏បានធ្វើសកម្មភាពបែបនេះម្តងទៀត កាន់តែធ្វើឲ្យនាងខឹងទ្រាំមិនបាន ក៏ប្រលែងមួយកំផ្លៀង រួចវាយទៅលើពិធីករតែម្តង មិនតែប៉ុណ្ណោះនាងថែមទាំងទាញយកផលិតផលដាក់បង្ហាញគប់ទៅលើពិធីករទៀតផង។

បើទោះជាមានរឿងនេះកើតឡើងតាមកញ្ចក់ទូរទស្សន៍កំពុងផ្សាយផ្ទាល់យ៉ាងណាក្តី បុរសជាពិធីករនៅតែបានព្យាយាមបន្តកម្មវិធីរបស់ខ្លួនទាំងភាពអាម៉ាស ខណៈតារាបង្ហាញម៉ូត នាង Rayssa វិញ បានដើរចុះចេញពីឆាក ហើយថែមទាំងឆ្លៀតជេរប្រទិចពិធីករប្រុសនោះបន្ថែមទៀតផង៕

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ពិតជាចម្លែកមែន! ស្រ្តីៗជាច្រើន បរាជ័យរឿងស្នេហា គ្រួសារបែកបាក់ បាននាំគ្នាទៅដេកក្នុងផ្នូរ ដើម្បីបំភ្លេចរឿងអតីតកាល និងទទួលយកជីវិតថ្មី

ចិន៖ វាមិនមែនជារឿង ដែលគួរឲ្យអស់សំណើចឡើយ នៅពេលដែលអ្នកបានឃើញទិដ្ឋភាព ស្រ្តីៗជាច្រើននៅក្នុងប្រទេសចិន បាននាំគ្នាទៅដេកក្នុងផ្នូរ។ នោះក៏ដោយសារតែ ពួកគេចង់បំភ្លេចនូវរឿងរ៉ាវ មិនល្អដែលបានកើតឡើង នៅក្នុងជីវិតពីអតីតកាល ដោយទទួលបានមកវិញ នូវជីវិតដ៏ស្រស់ថ្លាមួយសម្រាប់ពួកគេ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា វិធីសាស្រ្តដ៏ចម្លែកប្លែកខុសគេនេះ គឺជាបទពិសោធន៍មួយ ដែលត្រូវបានរកឃើញដោយ ស្រ្តីជនជាតិចិនម្នាក់ឈ្មោះ Liu Taijie មានអាយុ៣០ឆ្នាំ មកពីទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិន។ ដោយបច្ចុប្បន្ន នាងបានព្យាយាមរស់នៅ ធ្វើឲ្យជីវិតរបស់ខ្លួនឯង មានភាពប្រសើរឡើង បានជាង៣ឆ្នាំមកហើយ។

កន្លងមកជីវិតរបស់ Liu ស្ទើរតែធ្លាក់ដល់កម្រិតសូន្យ ក្រោយពីនាងមិនអាចស្វែងរកការងារធ្វើបានចំពេលផ្ទួនៗគ្នា ខណៈជីវិតអាពាហ៍ពិពាហ៍របស់នាង កំពុងតែរងនូវភាពបរាជ័យ។ ប៉ុន្តែក្រោយពីនាងរកឃើញនូវវិធីសាស្រ្តមួយនេះមក នាងបានសម្រេចចិត្តថា និងប្រើប្រាស់បទពិសោធន៍ដ៏ឈឺចាប់មួយនោះ ប្រែក្លាយជីវិតរបស់នាងឲ្យរស់នៅប្រសើរឡើងវិញ ខុសប្លែកពីនារីដទៃទៀត។ 

Liu បានជីកធ្វើផ្នូរនេះឡើងចំនួន៦ នៅលើជាយភ្នំ ដោយមានក្រាលថង់ជ័រប្លាស្ទិចនៅពីលើ ដើម្បីការពារពីការប្រលាក់។ ស្រ្តីដែលមានវិបត្តិរឿងស្នេហា គ្រួសារបែកបាក់ទាំងអស់ គឺត្រូវតម្រូវឲ្យពួកគេ ដេកនៅក្នុងផ្នូរនោះ បិទភ្នែកសញ្ជឹងគិត ក្នុងអារម្មណ៍ស្ងប់ស្ងាត់ ដោយគិតថាពិភពលោកនេះ គឺគ្មានរូបពួកគេឡើយ។

មូលហេតុនៃការធ្វើបែបនេះ ក៏ដោយសារតែ Liu ចង់ឲ្យស្រ្តីទាំងមានវិបត្តិទាំងអស់ មានការយកចិត្តទុកដាក់ ជំរុញលើកកម្លាំងចិត្ត ដើម្បីឲ្យពួកគេមានអារម្មណ៍ថា ធូរស្បើយពីទុក្ខវេទនាកន្លងមកដែលបានកើតឡើងដោយសារបាត់បង់គ្រួសារ ស្វាមី មនុស្សជាទីស្រលាញ់ជាដើម ដើម្បីឲ្យពួកគេមានទំនុកចិត្តជាថ្មី ផ្តល់តម្លៃឲ្យខ្លួនឯង បំភ្លេចនូវរឿងអតីតកាលឈឺផ្សាទាំងឡាយ ប្រើជីវិតរស់នៅប្រសើរឡើងវិញ។

ជួបជាមួយនាង Liu បានថ្លែងប្រាប់សារព័ត៌មានថា «ខ្ញុំត្រូវបានស្វាមីបោះបង់ចោល ហើយថែមទាំងត្រូវបានខាងក្រុមគ្រួសារ មើលងាយមើលថោក មកលើរូបខ្ញុំទៀតផង។ លើសពីនេះ ខ្ញុំក៏ធ្លាប់បានចាញ់បោកគេគ្រប់រូបភាព ជាហេតុធ្វើឲ្យខ្ញុំពិតជាចង់សម្លាប់ខ្លួនណាស់» ។

នាងបន្តថា «ប៉ុន្តែទោះបីជាយ៉ាងក្តី ស្រក់ទឹកភ្នែកគឺគ្រាន់តែជារឿងអត់ប្រយោជន៍មួយ ហើយការស្លាប់ក៏មិនមែនជាដំណោះស្រាយឡើយ។ ខ្ញុំចង់ផ្លាស់ប្តូរខ្លួនឯង ហើយប្រើប្រាស់បទពិសោធន៍ដែលខ្ញុំមាន ដើម្បីចែករំលែកជួយដល់ស្រ្តីផ្សេងៗទៀត ដែលកំពុងជួបទុក្ខផងដែ» ។

ក្នុងនោះ ក៏មានស្រ្តីម្នាក់ ដែលបានចូលរួមក្នុងពិធីខាងលើ បានលើកឡើងដែរ ប្រសិនបើខ្លួននាងស្លាប់ទៅ នៅពេលនោះឪពុកម្តាយ កូនៗនិងប្តីរបស់នាង ពួកគេច្បាស់ជាទទួលយកពុំបានឡើយ។ ដូច្នេះត្រូវតែគិតជាថ្មីម្តងទៀត រស់នៅដោយភាពរឹងមាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]