ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យនៅរាជធានីភ្នំពេញ «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» ដែលមានវត្តមានកំពូលតារាសម្តែងដ៏ល្បីនៃប្រទេសថៃលោក James Jirayu បានបញ្ចប់ទៅដោយទទួលបានការអបអរសាទរ និងចូលរួមទស្សនាច្រើនកុះករ ពីសំណាក់ប្រិយមិត្តអ្នកគាំទ្ររាប់ពាន់នាក់ នៅឯសាលមហោស្រពកោះពេជ្រ។

សូមរំលឹកដែរថា លោក James Jirayu បានមកដល់ទឹកដីនៃប្រទេសកម្ពុជាកាលពីវេលាម៉ោងប្រមាណជា១០ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រជាច្រើន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ភ្លាមៗលោកក៏បានធ្វើដំណើរឆ្ពោះ ទៅកាន់សាលាកុមារពិការភ្នែក និងគថ្លង់ភ្នំពេញថ្មីនៃអង្គការគ្រួសារថ្មីដោយបាននាំយកអំណោយមួយចំនួន ទៅចែកជូនសិស្សានុសិស្សនៅទីនោះប្រមាណជា ២០០នាក់។

បន្ទាប់ពីនោះលោកក៏បានទៅទស្សនាកន្លែងកម្សាន្តមួយចំនួនទៀត នៅទីក្រុងភ្នំពេញដូចជា មុខព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ វិមានឯករាជ្យ និងបានទៅជិះទូកលេងកម្សាន្ត តាមដងទន្លេមេគង្គជាដើម។

ចូលមកដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ លោក James Jirayu ក៏បានបើកសន្និសីទសារព័ត៌មាននៅឯក្លឹបកម្សាន្ត Epic ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានគ្រប់បណ្តាអង្គភាព និងពីសំណាក់អ្នកឧបត្ថម្ភ ក្នុងព្រឹត្តិការណ៍នេះផងដែរ។

ដោយឡែកនៅថ្ងៃទី ២៥ ដែលជាថ្ងៃប្រគំតន្ត្រី «James Ji តន្ត្រីទេសចរណ៍អាស៊ាន២០១៧» មានប្រិយមិត្ត និងអ្នកគាំទ្រជាច្រើនបានចូលរួមទស្សនា និងបានស្រែកហ៊ោកងរំពងក្នុងសាលមហោស្រពកោះពេជ្របន្ទាប់ពីលោក James Jirayu បានបកស្រាយបទចម្រៀងទោលរបស់ខ្លួន និងបទច្រៀងរួមគ្នាជាមួយក្រុមចម្រៀងក្មេងខ្មែរជាភាសាខ្មែរ។

ព្រឹត្តិការណ៍ប្រគំតន្ត្រី «James Jiតន្ត្រីទេសចរណ៍អាស៊ាន២០១៧» នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ទី ០៤ ខែមីនា វេលាម៉ោង៧:០០-៩:០០យប់ និងថ្ងៃអាទិត្យទី ០៥ ខែមីនា ចាប់ពីវេលាម៉ោង ១២:៣០-២:៣០រសៀល៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]