អារ៉ាប់រួម៖ ប្រទេសអារ៉ាប់រួមត្រូវបានមនុស្សទូទាំងពិភពលោក ទទួលស្គាល់ថាជាប្រទេសដែលពោរពេញទៅដោយមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរស់នៅ ដោយសារគេតែងឃើញ រូបភាពជាច្រើនលើបណ្ដាញសង្គមនានា ពីជីវិតរស់នៅប្រចាំថ្ងៃបែបស៊ីវិល័យ សំបូរទៅដោយរថយន្តទំនើប និងសម្ភារៈម៉ាកល្បីៗនានាជាច្រើនទៀត ធ្វើឲ្យអ្នកទស្សនាឃើញហើយមិនកោតសរសើរមិនបាន។

ដោយសារតែប្រទេសនេះជាឃ្លាំងប្រេងដ៏សំខាន់របស់ពិភពលោក ដូចនេះវាមិនមែនជារឿងចម្លែកនោះទេដែលប្រជាជននៅទីនោះជាអ្នកមាន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺមហាសេដ្ឋីរបស់ប្រទេសនេះគឺចូលចិត្តចំណាយលុយទៅលើសម្ភារៈប្រើប្រាស់តែម្ដង ដែលសម្ភារៈទាំងនោះ សុទ្ធតែមានតម្លៃកប់ពពក និងជួនកាលមានផលិតតែមួយៗប៉ុណ្ណោះទៀតផង។

ជាក់ស្ដែង សេ្ដចរបស់ប្រទេសមហាសេដ្ឋីនេះបានប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនមួយដែលមានតម្លៃដល់ទៅ ៥០០លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដែលយន្តហោះនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់តែទ្រង់មួយអង្គឯងប៉ុណ្ណោះ។

ផ្នែកខាងក្នុងនៃយន្តហោះនេះ ត្រូវបានខ័ណ្ឌចែកជាបន្ទប់ៗ ដែលរួមមានបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ រោងភាពយន្ត កន្លែងទទួលទានស្រា និងបន្ទប់គេងជាច្រើនទៀត ដែលបន្ទប់គេងនីមួយៗសុទ្ធតែមានបន្ទប់ទឹកនៅខាងក្នុងយ៉ាងធំទូលាយ។ បើនិយាយពីឧបករណ៍ដែលបំពាក់នៅក្នុងបន្ទប់ទាំងនោះវិញ សុទ្ធតែជាឧបករណ៍ប្រណីតៗតែម្ដង។

យ៉ាងណាមិញ យន្តហោះនេះជាប្រភេទយន្តហោះ Airbus A380 ដែលយន្តហោះប្រភេទនេះ ជាទូទៅអាចដឹកអ្នកដំណើរបានដល់ទៅ ៨០០នាក់ ប៉ុន្តែយន្តហោះនេះត្រូវបានកែសម្រួលផ្នែកខាងក្នុងឲ្យទៅជាបន្ទប់សម្រាប់សម្រាក និងលំហែកម្សាន្តសម្រាប់ខ្សែរាជវង្សរបស់ព្រះអង្គ។ យន្តហោះនេះផលិតឡើងជាពិសេសតម្រូវតែមនុស្សប្រមាណ ៥០នាក់ប៉ុណ្ណោះ។

ចង់ដឹងផ្នែកខាងក្នុងនៃយន្តហោះនេះ អស្ចារ្យប៉ុណ្ណាទស្សនារូបភាពខាងក្រោម៖ 

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ឃើញឧទ្ធម្ភាគចក្រហោះកាត់សឹងរាល់ថ្ងៃ បែកគំនិតបង្កើតឧទ្ធម្ភាគចក្រខ្លួនឯង ចេញពីដែកអេតចាយ ដើម្បីបំពេញក្តីសុបិន

កុងហ្គោ៖ អ្នកស្រុក២នាក់ រស់នៅភូមិដាច់ស្រយ៉ាលមួយ បានសហការចាប់ដៃគ្នា ចំណាយពេលអស់៣ឆ្នាំ ដើម្បីបង្កើតឧទ្ធម្ភាគចក្រដោយខ្លួនឯង ចេញពីសំណល់អេតចាយ ដើម្បីចង់សម្រេចក្តីសុបិនរបស់ពួកគេ។

បើយោងតាមប្រភពដកស្រង់ចេញពីទីភ្នាក់សារព័ត៌មានមីរ័រ បានឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃទៅហើយ ដែលឧទ្ធម្ភាចក្រយោធារបស់អង្គការសហប្រជាជាតិ បានបើកហោះឆ្លងកាត់ភូមិដាច់ស្រយ៉ាលមួយនេះក្នុងប្រទេសកុងហ្គោ ជាហេតុបណ្តាលឲ្យបុរស២នាក់រស់នៅក្នុងភូមិ គឺលោក Audace Habamungu មានវ័យ៣៥ឆ្នាំ និងលោក Louis Kakulete វ័យ៥០ឆ្នាំ មានចិត្តនឹកស្រមៃចង់ហោះហើរ និងជឿជាក់ថា នៅថ្ងៃណាមួយពួកគេទាំងពីរ នឹងអាចសហការគ្នា ច្នៃបង្កើតឧទ្ធម្ភាគចក្រ ដែលធ្វើឡើងពីសំណល់អេតចាយ ហោះកាត់ស្រុកភូមិរបស់ពួកគេដោយផ្ទាល់ដៃ។

អស់រយៈពេល៣ឆ្នាំចុងក្រោយមកនេះ ដែលលោក Audace និងលោក Louis បានធ្វើការបង្កើតឧទ្ធម្ភាគចក្រនេះឡើង ស្ទើរតែសម្រចបានរូបរាងទាំងស្រុង ដោយតួជញ្ចាំងរបស់ឧទ្ធម្ភាគចក្រ ត្រូវបានផ្សារភ្ជាប់ឡើង ពីសំណល់សន្លឹកអាលុយមីញ៉ូម និងប្រើប្រាស់ដែកសំណល់ចាស់ៗ ផ្គុំគ្នាឡើងធ្វើជាគ្រោងឆ្អឹង។ ចំណែកឯជើងរបស់វាវិញ ត្រូវបានធ្វើឡើងពីដែកបំពង់ទីប ខណៈឯកន្ទុយរបស់វា ធ្វើឡើងពីដែកសរសៃ រកបាននៅក្នុងរោងចក្រ ដែលគេបោះបង់ចោល។ រីឯម៉ាស៊ីនរថយន្ត និងគ្រឿងបន្លាស់ចាស់ៗ ក៏ត្រូវបានយកមកប្រើ ដើម្បីត្រៀមទុកផ្តុំចេញជា ម៉ាស៊ីនរបស់ឧទ្ធម្ភាគចក្រផងដែរ។

លោក Louis បានឲ្យដឹងថា រូបគាត់ព្រមជាមួយនឹងមិត្តភក្តិ បានបង្កើតឧទ្ធម្ភាគចក្រនោះឡើង ដោយមើលតាមគំរូដើមរបស់គេ (ឧទ្ធម្ភាគចក្រយោធារបស់អង្គការសហប្រជាជាតិ) ហើយក៏បានសម្រេចចិត្ត ច្នៃធ្វើវាឡើងដោយទំហំពេញលេញមួយ ដោយខ្លួនរបស់ពួកគេតែម្តង។

លោកបន្តថា «ពួកយើងធ្វើវាឡើង ដោយចង់បង្ហាញឲ្យប្រជាជន ដែលរស់នៅក្នុងប្រទេសផ្សេង បានដឹងបានឃើញពីសមត្ថភាពរបស់ពួកយើង ដែលអាចបង្កើតឧទ្ធម្ភាគចក្រហោះហើរលើអាកាសបាន។ នោះក៏ដោយសារតែ មនុស្សជាច្រើនបានមើលងាយមកលើពួកយើង ដែលរស់នៅក្នុងភូមិដាច់ស្រយ៉ាល ក្នុងប្រទេសកុងហ្គោនេះ» ។

លោក Louis បានបន្ថែមចុងក្រោយថា «មានពេលខ្លះនៅពេលដែលពួកយើង បានឃើញនូវឧទ្ធម្ភាគចក្រយោធា បើកហោះកាត់ស្រុកភូមិរបស់យើង ជាហេតុធ្វើឲ្យពួកយើងបានក្តីសុបិនថា ចង់ធ្វើដូចជាពួកគេផងដែរ។ ពួកយើងធ្វើឧទ្ធម្ភាគចក្រនេះ គឺមិនមែនហោះហើរ ចេញពីប្រទេសកុងហ្គោឡើយ។ ពោល ពួកយើងធ្វើវាឡើង ដោយគ្រាន់តែចង់ហោះហើរ ឡើងភ្នំតែប៉ុណ្ណោះ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?     

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]