បរទេស៖ សត្វសេកមួយក្បាលអាចនឹងត្រៀមជំនួសដំណែងរបស់ តារាចម្រៀង Rihanna បានព្រោះតែវីដេអូចម្រៀង The Monster របស់សត្វសេកមួយក្បាលនេះកំពុងតែល្បីល្បាញពេញក្នុងអ៉ីនធឺណែត។

និយាយលេងទេ គឺសត្វសេកដែលមិនស្គាល់អត្តសញ្ញាណមួយក្បាលត្រូវបានថត ពេលដែលវាកំពុងតែទំនៅលើមែកឈើក្នុងទ្រុងរបស់វា និងស្រែកច្រៀងបទ The Monster ត្រង់ប៉ារូលរបស់ Rihanna ច្រៀង។

វីដេអូមួយនេះដែរ ទទួលបានការទស្សនារហូតដល់ទៅ ៧៣០ ០០០ ដងឯណោះ ដែលគេឮវាស្រែកច្រៀងថា៖ 'I'm friends with the monster that's under my bed.

'Get along with the voices inside of my head.

'You're trying to save me, stop holding your breath - and you think I'm crazy, yeah, you think I'm crazy.'

សេកមួយក្បាលនេះបានស្រែកច្រៀង និងចូលតួដូចមែនទែនអ៉ីចឹង។ លើសពីនេះ នៅក្នុងវីដេអូ គេឃើញវាច្រៀងផង ដើរទៅដើរមកផង ហាក់បីដូចជាកំពុងតែធ្វើកាយវិការដើម្បីទាក់ទាញទស្សនិកជនថែមទៀត។

គួរបញ្ជាក់ដែរថា តារាចម្រៀង Rihanna វ័យ២៩ឆ្នាំ និង Eminem វ័យ ៤៤ឆ្នាំ បានសហការគ្នាជាលើកដំបូងនៅក្នុងឆ្នាំ ២០១០ ដើម្បីច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា Love The Way You Lie។ បន្ទាប់មកទៀត ពួកគេក៏បានចេញចម្រៀងរួមគ្នាមូយបទទៀតដែលមានចំណងជើងថា The Monster នេះតែម្តង។ បន្ថែមពីនេះ បទ The monster គឺជាអាល់ប៊ុមទោលទី៤ របស់តារាចម្រៀង Eminem ដែលបានចេញលក់កាលពីខែតុលា ២០១៣ មកម្ល៉េះ៕

ចង់ដឹងថា សេកមួយក្បាលនេះច្រៀងបានពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគូរឲ្យចាប់អារម្មណ៍មួយទៀត៖

កុងហ្គោ៖ អ្នកស្រុក២នាក់ រស់នៅភូមិដាច់ស្រយ៉ាលមួយ បានសហការចាប់ដៃគ្នា ចំណាយពេលអស់៣ឆ្នាំ ដើម្បីបង្កើតឧទ្ធម្ភាគចក្រដោយខ្លួនឯង ចេញពីសំណល់អេតចាយ ដើម្បីចង់សម្រេចក្តីសុបិនរបស់ពួកគេ។

បើយោងតាមប្រភពដកស្រង់ចេញពីទីភ្នាក់សារព័ត៌មានមីរ័រ បានឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃទៅហើយ ដែលឧទ្ធម្ភាចក្រយោធារបស់អង្គការសហប្រជាជាតិ បានបើកហោះឆ្លងកាត់ភូមិដាច់ស្រយ៉ាលមួយនេះក្នុងប្រទេសកុងហ្គោ ជាហេតុបណ្តាលឲ្យបុរស២នាក់រស់នៅក្នុងភូមិ គឺលោក Audace Habamungu មានវ័យ៣៥ឆ្នាំ និងលោក Louis Kakulete វ័យ៥០ឆ្នាំ មានចិត្តនឹកស្រមៃចង់ហោះហើរ និងជឿជាក់ថា នៅថ្ងៃណាមួយពួកគេទាំងពីរ នឹងអាចសហការគ្នា ច្នៃបង្កើតឧទ្ធម្ភាគចក្រ ដែលធ្វើឡើងពីសំណល់អេតចាយ ហោះកាត់ស្រុកភូមិរបស់ពួកគេដោយផ្ទាល់ដៃ។

អស់រយៈពេល៣ឆ្នាំចុងក្រោយមកនេះ ដែលលោក Audace និងលោក Louis បានធ្វើការបង្កើតឧទ្ធម្ភាគចក្រនេះឡើង ស្ទើរតែសម្រចបានរូបរាងទាំងស្រុង ដោយតួជញ្ចាំងរបស់ឧទ្ធម្ភាគចក្រ ត្រូវបានផ្សារភ្ជាប់ឡើង ពីសំណល់សន្លឹកអាលុយមីញ៉ូម និងប្រើប្រាស់ដែកសំណល់ចាស់ៗ ផ្គុំគ្នាឡើងធ្វើជាគ្រោងឆ្អឹង។ ចំណែកឯជើងរបស់វាវិញ ត្រូវបានធ្វើឡើងពីដែកបំពង់ទីប ខណៈឯកន្ទុយរបស់វា ធ្វើឡើងពីដែកសរសៃ រកបាននៅក្នុងរោងចក្រ ដែលគេបោះបង់ចោល។ រីឯម៉ាស៊ីនរថយន្ត និងគ្រឿងបន្លាស់ចាស់ៗ ក៏ត្រូវបានយកមកប្រើ ដើម្បីត្រៀមទុកផ្តុំចេញជា ម៉ាស៊ីនរបស់ឧទ្ធម្ភាគចក្រផងដែរ។

លោក Louis បានឲ្យដឹងថា រូបគាត់ព្រមជាមួយនឹងមិត្តភក្តិ បានបង្កើតឧទ្ធម្ភាគចក្រនោះឡើង ដោយមើលតាមគំរូដើមរបស់គេ (ឧទ្ធម្ភាគចក្រយោធារបស់អង្គការសហប្រជាជាតិ) ហើយក៏បានសម្រេចចិត្ត ច្នៃធ្វើវាឡើងដោយទំហំពេញលេញមួយ ដោយខ្លួនរបស់ពួកគេតែម្តង។

លោកបន្តថា «ពួកយើងធ្វើវាឡើង ដោយចង់បង្ហាញឲ្យប្រជាជន ដែលរស់នៅក្នុងប្រទេសផ្សេង បានដឹងបានឃើញពីសមត្ថភាពរបស់ពួកយើង ដែលអាចបង្កើតឧទ្ធម្ភាគចក្រហោះហើរលើអាកាសបាន។ នោះក៏ដោយសារតែ មនុស្សជាច្រើនបានមើលងាយមកលើពួកយើង ដែលរស់នៅក្នុងភូមិដាច់ស្រយ៉ាល ក្នុងប្រទេសកុងហ្គោនេះ»

លោក Louis បានបន្ថែមចុងក្រោយថា «មានពេលខ្លះនៅពេលដែលពួកយើង បានឃើញនូវឧទ្ធម្ភាគចក្រយោធា បើកហោះកាត់ស្រុកភូមិរបស់យើង ជាហេតុធ្វើឲ្យពួកយើងបានក្តីសុបិនថា ចង់ធ្វើដូចជាពួកគេផងដែរ។ ពួកយើងធ្វើឧទ្ធម្ភាគចក្រនេះ គឺមិនមែនហោះហើរ ចេញពីប្រទេសកុងហ្គោឡើយ។ ពោល ពួកយើងធ្វើវាឡើង ដោយគ្រាន់តែចង់ហោះហើរ ឡើងភ្នំតែប៉ុណ្ណោះ»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?     

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]