ចិន៖ បុរសជនជាតិចិនម្នាក់ បានចំណាយពេលអស់រាប់សិបឆ្នាំ ដើម្បីប្រមូលទិញនូវទូរស័ព្ទដៃគ្រប់ម៉ូដែល គោលបំណងចង់ដាក់តាំងបង្ហាញ ដើម្បីឲ្យគ្រប់គ្នាបានស្គាល់។

លោក Li Qinglin មានវ័យ៥០ឆ្នាំ ជាអ្នកស្រុករស់នៅក្នុងទីក្រុង Changchun ភាគឦសានខេត្ត Jilin ប្រទេសចិន បានចំណាយពេលអស់ជាង២០ឆ្នាំ ដើរប្រមូលទិញទូរទស័ព្ទដៃបានជាង ៣ ០០០គ្រឿង ដែលមានសឹងតែគ្រប់ម៉ូដែលទាំងអស់។

នៅក្នុងកំឡុងឆ្នាំ១៩៩៨ លោក Li បានទិញនូវទូរស័ព្ទដៃម៉ាក Motorola ម៉ូដែល 8800 ជាលើកដំបូង។ ដោយសារតែចិត្តស្រលាញ់ ចង់រក្សាទុកនូវទូរស័ព្ទដៃគ្រប់ម៉ូតម៉ាក តាមតែខ្លួនអាចធ្វើទៅបាន ចាប់តាំងពីពេលនោះមក ជំរុញចិត្តឲ្យលោក Li នៅតែបន្តដើរទិញ នូវស៊េរីម៉ាកទូរស័ព្ទដៃគ្រប់ម៉ូដែល ដែលបានចេញលក់ថ្មីៗ ជាបន្តបន្ទាប់ផងដែរ។

គួរឲ្យដឹងដែរថា លោក Li គឺជាអ្នកដើរប្រមូលទិញ និងលក់ទូរស័ព្ទដៃម្នាក់ នៅក្នុងប្រទេសចិន តាំងពីក្នុងឆ្នាំ១៩៨០មកម្ល៉េះ។ ទូរស័ព្ទដៃមួយចំនួន គឺត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់ អាស្រ័យទៅតាមម៉ូដែលរបស់វា។

លោក Li បានមានប្រសាសន៍ឲ្យដឹងថា «ខ្ញុំសង្ឃឹមថា នៅថ្ងៃណាមួយខ្ញុំនិងមានសារមន្ទីរផ្ទាល់ខ្លួនមួយ ដើម្បីដាក់តាំងបង្ហាញនូវម៉ូដែលទូរស័ព្ទទាំងអស់នេះ ឲ្យមនុស្សគ្រប់បានដឹងបានស្គាល់ផងដែរ។ ម្យ៉ាងវិញទៀត ទូរស័ព្ទទាំងអស់នេះ វាក៏បានសបញ្ជាក់ឲ្យឃើញ ពីការរីកលូតលាស់នៃបណ្តាញទំនាក់ទំនងមួយ នៅក្នុងប្រទេសចិន និងបំលាស់ប្តូរដ៏ជឿលឿន នៃបច្ចេកវិទ្យាទូរស័ព្ទពីជំនាន់មុន រហូតមកដល់ជំនាន់បច្ចុប្បន្ន ដោយប្រើប្រាស់ដូចជាប្រព័ន្ធ 3G និង 4G ជាដើម»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?   

ប្រភព៖ CGTN

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ឃើញឧទ្ធម្ភាគចក្រហោះកាត់សឹងរាល់ថ្ងៃ បែកគំនិតបង្កើតឧទ្ធម្ភាគចក្រខ្លួនឯង ចេញពីដែកអេតចាយ ដើម្បីបំពេញក្តីសុបិន

កុងហ្គោ៖ អ្នកស្រុក២នាក់ រស់នៅភូមិដាច់ស្រយ៉ាលមួយ បានសហការចាប់ដៃគ្នា ចំណាយពេលអស់៣ឆ្នាំ ដើម្បីបង្កើតឧទ្ធម្ភាគចក្រដោយខ្លួនឯង ចេញពីសំណល់អេតចាយ ដើម្បីចង់សម្រេចក្តីសុបិនរបស់ពួកគេ។

បើយោងតាមប្រភពដកស្រង់ចេញពីទីភ្នាក់សារព័ត៌មានមីរ័រ បានឲ្យដឹងថា ស្ទើរតែរាល់ថ្ងៃទៅហើយ ដែលឧទ្ធម្ភាចក្រយោធារបស់អង្គការសហប្រជាជាតិ បានបើកហោះឆ្លងកាត់ភូមិដាច់ស្រយ៉ាលមួយនេះក្នុងប្រទេសកុងហ្គោ ជាហេតុបណ្តាលឲ្យបុរស២នាក់រស់នៅក្នុងភូមិ គឺលោក Audace Habamungu មានវ័យ៣៥ឆ្នាំ និងលោក Louis Kakulete វ័យ៥០ឆ្នាំ មានចិត្តនឹកស្រមៃចង់ហោះហើរ និងជឿជាក់ថា នៅថ្ងៃណាមួយពួកគេទាំងពីរ នឹងអាចសហការគ្នា ច្នៃបង្កើតឧទ្ធម្ភាគចក្រ ដែលធ្វើឡើងពីសំណល់អេតចាយ ហោះកាត់ស្រុកភូមិរបស់ពួកគេដោយផ្ទាល់ដៃ។

អស់រយៈពេល៣ឆ្នាំចុងក្រោយមកនេះ ដែលលោក Audace និងលោក Louis បានធ្វើការបង្កើតឧទ្ធម្ភាគចក្រនេះឡើង ស្ទើរតែសម្រចបានរូបរាងទាំងស្រុង ដោយតួជញ្ចាំងរបស់ឧទ្ធម្ភាគចក្រ ត្រូវបានផ្សារភ្ជាប់ឡើង ពីសំណល់សន្លឹកអាលុយមីញ៉ូម និងប្រើប្រាស់ដែកសំណល់ចាស់ៗ ផ្គុំគ្នាឡើងធ្វើជាគ្រោងឆ្អឹង។ ចំណែកឯជើងរបស់វាវិញ ត្រូវបានធ្វើឡើងពីដែកបំពង់ទីប ខណៈឯកន្ទុយរបស់វា ធ្វើឡើងពីដែកសរសៃ រកបាននៅក្នុងរោងចក្រ ដែលគេបោះបង់ចោល។ រីឯម៉ាស៊ីនរថយន្ត និងគ្រឿងបន្លាស់ចាស់ៗ ក៏ត្រូវបានយកមកប្រើ ដើម្បីត្រៀមទុកផ្តុំចេញជា ម៉ាស៊ីនរបស់ឧទ្ធម្ភាគចក្រផងដែរ។

លោក Louis បានឲ្យដឹងថា រូបគាត់ព្រមជាមួយនឹងមិត្តភក្តិ បានបង្កើតឧទ្ធម្ភាគចក្រនោះឡើង ដោយមើលតាមគំរូដើមរបស់គេ (ឧទ្ធម្ភាគចក្រយោធារបស់អង្គការសហប្រជាជាតិ) ហើយក៏បានសម្រេចចិត្ត ច្នៃធ្វើវាឡើងដោយទំហំពេញលេញមួយ ដោយខ្លួនរបស់ពួកគេតែម្តង។

លោកបន្តថា «ពួកយើងធ្វើវាឡើង ដោយចង់បង្ហាញឲ្យប្រជាជន ដែលរស់នៅក្នុងប្រទេសផ្សេង បានដឹងបានឃើញពីសមត្ថភាពរបស់ពួកយើង ដែលអាចបង្កើតឧទ្ធម្ភាគចក្រហោះហើរលើអាកាសបាន។ នោះក៏ដោយសារតែ មនុស្សជាច្រើនបានមើលងាយមកលើពួកយើង ដែលរស់នៅក្នុងភូមិដាច់ស្រយ៉ាល ក្នុងប្រទេសកុងហ្គោនេះ» ។

លោក Louis បានបន្ថែមចុងក្រោយថា «មានពេលខ្លះនៅពេលដែលពួកយើង បានឃើញនូវឧទ្ធម្ភាគចក្រយោធា បើកហោះកាត់ស្រុកភូមិរបស់យើង ជាហេតុធ្វើឲ្យពួកយើងបានក្តីសុបិនថា ចង់ធ្វើដូចជាពួកគេផងដែរ។ ពួកយើងធ្វើឧទ្ធម្ភាគចក្រនេះ គឺមិនមែនហោះហើរ ចេញពីប្រទេសកុងហ្គោឡើយ។ ពោល ពួកយើងធ្វើវាឡើង ដោយគ្រាន់តែចង់ហោះហើរ ឡើងភ្នំតែប៉ុណ្ណោះ» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]