(ភ្នំពេញ)៖ មុនបញ្ចប់គម្រោងសាងសង់ដំណាក់កាលទី១ និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវទីលានមួយចំនួន នៃពហុកីឡដ្ឋានមរតកតេជោ នាដើមខែមេសាខាងមុខ ថ្ងៃនេះគេហទំព័រ KhmerTalking សូមបង្ហាញនូវរូបភាព ៥សន្លឹក ដែលបង្ហាញពីភាពស្រស់ស្អាតនៃពហុកីឡដ្ឋាន ត្រៀមទទួលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ដំណាក់កាលទី១ នៃពហុកីឡដ្ឋានដ៏ធំលើផ្ទៃដីប្រមាណ ៨៣ហិចតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវនេះ នឹងបញ្ចប់ការសាងសង់នាចុងខែមិនាខាងមុខ ហើយពិធីសម្ពោធគ្រោងធ្វើនៅថ្ងៃទី៤ ខែមេសានេះ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង។

សមិទ្ធផលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់មុនគេ រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក។ ហើយជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏មានកម្មវិធីសំខាន់ចំនួន ២ចំណុចផ្សេងទៀតដែរ ពោលគឺការរៀបចំពិធីបុកគ្រឹះសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដំណាក់កាលទី២ ផ្ដោតលើកីឡដ្ឋានបាល់ទាត់ និងមួយទៀត គឺការទទួលទានអាហារជួបជុំជាមួយមហាគ្រួសារកីឡាកម្ពុជា លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

សូមទស្សនារូបភាព ៥សន្លឹក ដែលទទួលបានពីភ្នាក់ងារគេហទំព័រ KhmerTalking តែគ្រាន់ជារូបភាពមួយផ្នែកនៃពហុកីឡដ្ឋានមរតកតេជោតែប៉ុណ្ណោះ៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានកីឡាមួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា ថា​នៅតែនឹកស្រលាញ់ក្លិបបឹងកេតអង្គរ ទោះបីនៅឆ្ងាយ

ជប៉ុន៖ កន្លងផុតទៅជាង ២សប្តាហ៍ហើយដែល ចាន់ វឌ្ឍនាកា បានទៅលេងឲ្យក្លិប Fujieda MYFC លីកលំដាប់ទី៣ ក្នុងប្រទេសជប៉ុន។ យ៉ាងណាក៏ដោយ ទោះបីជាផ្លាស់ទៅលេងក្លិបថ្មីក៏ពិតមែន ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ នៅតែមានចិត្តស្រលាញ់ នឹករលឹកដល់អ្នកគាំទ្រនៅកម្ពុជា ជាពិសេសក្លិបចាស់របស់ខ្លួនបឹងកេតអង្គរផងដែរ។

ខ្សែប្រយុទ្ធចំនូលថ្មីរបស់ក្លិប Fujieda MYFC រូបនេះផ្ទាល់បាននិយាយថា «ពិតជាចាកឆ្ងាយមែន ប៉ុន្តែបេះដូងមួយនេះនៅតែនឹក នៅតែស្រលាញ់ក្លឹបបាល់ទាត់មួយនេះ ជួបគ្នាពេលក្រោយ» ។ នេះបើយោងតាមគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ វឌ្ឍនាកា។

គួរឲ្យដឹងថា ចាន់ វឌ្ឍនាកា បានកំពុងធ្វើការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំដើម្បីស៊ាំការលេងជាមួយមិត្តរួមក្រុមថ្មី ជាពិសេសដើម្បីអាកាសធាតុនៅទីនោះ ដែលមានសីតុណ្ហភាពត្រជាក់ជាងនៅកម្ពុជា ធ្វើឲ្យវឌ្ឍនាកា ពិបាកសម្របខ្លួននៅទីនោះ ក្នុងរយៈពេលមួយសប្តាហ៍ដំបូង។

បើតាមការឲ្យដឹងពីគ្រូបង្វឹករបស់ក្លិប Fujieda MYFC អះអាងថា ថ្មីៗនេះ ចាន់ វឌ្ឍនាកា សម្របបាន និងស៊ាំនឹងអាកាសធាតុនៅទីនោះហើយ បន្ទាប់ពីទទួលបានការហ្វឹកហាត់ និងធ្វើការប្រកួតមិត្តភាពដើម្បីដកស្រង់បច្ចេកទេសអស់ជាច្រើន។

មួយវិញទៀត ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ថែមទាំងទទួលបានការកោតសរសើរពីមិត្តរួមក្រុម និងគ្រូបង្វឹកទៀតផង អំពីទេពកោសល្យ និងសមត្ថភាពរបស់គេក្នុងការដណ្តើមបាល់ ហើយស៊ុតបាល់ Free Kick បញ្ចូលទីបានយ៉ាងល្អទៀតផង កាលពីការប្រកួតមិត្តភាពកន្លងទៅ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]