ចិន៖ សារព័ត៌មានចិន CGTN បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ថា យុវជន Mei Xiao គឺជាមនុស្សម្នាក់ដែលអាចរស់នៅបានដោយអព្ភូតហេតុ នៅក្នុងក្រសែភ្នែកមនុស្សជាច្រើនដែលបានស្គាល់គាត់ ហើយត្រូវបានគេដាក់ងារឲ្យគាត់ថា “បុរសមេអំបៅ”។

យុវជនវ័យ ១៩ឆ្នាំរូបនេះ មានជំងឺរបកស្បែកដ៏កាចសាហាវមួយប្រភេទ ឈ្មោះ Epidermolysis Bullosa តាំងពីកំណើត ដែលធ្វើឲ្យរាងកាយរបស់គេ គ្មានស្បែក សល់តែសាច់សឹងពាក់កណ្តាលរាងកាយទាំងមូល។

ប្រភពព័ត៌មានបានឲ្យដឹងថា Mei Xiao មកពីទីក្រុង Chizhou ខេត្ត Anhui ភាគខាងកើតប្រទេសចិន។ រូបគេបានឆ្លងកាត់ទុក្ខលំបាកយ៉ាងខ្លាំង ដោយសារស្ថានភាពជំងឺដ៏កម្ររបស់គេ បានធ្វើឲ្យស្បែកបន្តរបកមិនឈប់ និងមានឈាមហូរចេញជាញឹកញាប់។ 

ប្រភពបន្តថា ម្រាមដៃទាំងអស់របស់គាត់ ព្រមទាំងម្រាមជើង និងសាច់ដុំមុខផងដែរនោះ បានបញ្ឈប់ការលូតលាស់ទាំងអស់ ដែលធ្វើឲ្យគាត់មិនអាចចាប់កាន់អ្វីបាន ឬក៏ទៅណាមកណា ដោយគ្មានជំនួយពីអ្នកដទៃ។ ហើយរឿងដែលគួរឲ្យអាណិតថែមទៀតនោះ គឺរូបគេក៏បាត់បង់ភ្នែកមួយចំហៀងផងដែរ។

រាងកាយរបស់គាត់ ស្ទើរទាំងអស់ត្រូវបានហ៊ុមព័ទ្ធដោយបង់រុំ ដើម្បីការពារគាត់ពីការឆ្លងមេរោគ ហើយជីវិតរបស់គាត់ត្រូវពឹងផ្អែកលើថ្នាំពេទ្យទាំងស្រុង ដូចជាថ្នាំ អង់ទីបាយអូទិច (Antibiotics) និងប្រេងក្រអូប ដើម្បីជួយសម្រួលការឈឺចាប់ និងជួយឲ្យគាត់អាចរស់បាន។

បើទោះជាមានជំងឺដ៏កាចសាហាវបែបនេះក៏ដោយ ក៏ Xiao មិនចុះចាញ់នឹងជីវិតឡើយ ហើយថែមទាំងព្យាយាមទៅសាលារៀនថែមទៀតផង ។ រូបគេពិតជាខំរៀនខ្លាំងណាស់ មិនតែប៉ុណ្ណោះកាលពីឆ្នាំមុន លោកត្រូវបានគេបញ្ជូនទៅវិទ្យាស្ថានជំនាញវិជ្ជាជីវៈក្នុងទីក្រុង Chizhou ថែមទៀត។

លើសពីនេះទៀត យុវជន Mei Xiao ក៏មានគម្រោងបញ្ចាប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅថ្ងៃអនាគត ដូច្នេះរូបគេអាចស្វែងរកការងារធ្វើដើម្បីផ្គត់ផ្គង់ខ្លួនឯង ក៏ដូចជាតបស្នងទៅកាន់ឪពុកម្តាយ និងមនុស្សគ្រប់គ្នាដែលបានជួយរូបគេផងដែរ៕ 

ប្រភព៖ CGTV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]