ចិន៖ ក្មេងស្រីកំព្រា អាយុ៨ឆ្នាំម្នាក់ បានចំណាយពេលអង្គុយលក់បន្លែតត្រុកៗនៅចិញ្ចើមផ្លូវអស់រយៈពេលជាង៥ឆ្នាំ ដោយសង្ឃឹមថា ថ្ងៃណាមួយនាងនឹងបានជួបឪពុកម្តាយ ដែលបានបោះបង់នាងចោលកាលពីនាងនៅជាទារិកា អាយុត្រឹម១ខែ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្មេងស្រី Yang Xiuxia មានក្តីសុបិន្តដ៏ធំ គឺស្វែងរកឪពុកម្តាយដែលនាងមិនធ្លាប់បានជួបមុខ ដោយនាងបាននិយាយថា នាងនឹកឪពុកម្តាយរបស់នាងខ្លាំងណាស់ ហើយនាងបន់ស្រន់សូមឲ្យថ្ងៃណាមួយ ឪពុកម្តាយរបស់នាងអាចមកទទួលនាងចេញពីសាលារៀន ដូចគេឯង។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីអភ័ព្វ Yang Xiuxia រស់នៅក្នុងភូមិមួយឈ្មោះ Lianhu ដែលជាផ្នែកមួយរបស់ទីក្រុង Tangxia ភាគខាងត្បូងទីក្រុងតុងកួន (Dongguan) ប្រទេសចិន ហើយគ្រប់គ្នានៅក្នុងភូមិ ហៅនាងថា ម៉ៅ ម៉ៅ (Mao Mao)។  

ម៉ៅ ម៉ៅ ជាកូនរបស់ប្តីប្រពន្ធពលករចំណាកស្រុកមួយគូ ដែលមកពីទីក្រុង Wenchuan ខេត្តស៊ីឈួន (Sichuan)។ ហើយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០៨ ប្តីប្រពន្ធរូបនេះ បានចាកចេញពីភូមិទៅស្ងាត់ៗ ដោយទុកកូនស្រីចោល នៅនឹងមាត់ទ្វារផ្ទះរបស់អ្នកជិតខាង។

លោកយាយ Huang Mengyi វ័យ៧០ឆ្នាំ ដែលជាអ្នកយកក្មេងស្រីនោះមកចិញ្ចឹមបាននិយាយថា “ខ្ញុំបានបើកទ្វារផ្ទះ ហើយក៏បានឃើញទារិការម្នាក់ ដែលជាកូនរបស់បុរសវ័យក្មេងមកពីខេត្តស៊ីឈួន ។ ហើយភ្លាមៗខ្ញុំក៏ប្រញាប់រត់សំដៅទៅផ្ទះរបស់គេ តែគ្មានឃើញនរណាម្នាក់ឡើយ”។

គ្រប់គ្នាបានគិតថា ប្តីប្រពន្ធមួយគូនោះ បោះបង់កូនស្រីចោល ដោយសារតែជំងឺរបស់នាង។ ក្មេងស្រី ម៉ៅ ម៉ៅ បានកើតមកមិនគ្រប់ខែ និងមានជំងឺរលាកសួតមកជាមួយផង។ ចាប់តាំងពីពេលនោះមក លោកយាយ Huang ដែលជាគ្រូពេទ្យយោធា ចូលនិវត្តន៍ម្នាក់ ក៏បានយក ម៉ៅ ម៉ៅ មកចិញ្ចឹមទុកដូចជាចៅស្រីបង្កើតតែម្តងទៅ។ 

ប្រភពបន្តថា បើទោះជា ម៉ៅ ម៉ៅ មិនដែលបានជួបមុខឪពុកម្តាយបង្កើតរបស់នាងក៏ដោយ ប៉ុន្តែរូបនាងនឹករលឹក និងគិតទៅដល់ពួកគេគ្រប់ពេលវេលា។ នៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់នាង ក្មេងស្រីរៀនថ្នាក់ទី៤រូបនេះ បានសរសេរថា “តើឪពុកខ្ញុំនៅឯណា? តើម្តាយខ្ញុំនៅឯណា? អ្នកទាំង២ នៅក្នុងសុបិន្តរបស់ខ្ញុំជានិច្ច ប៉ុន្តែនៅពេលដែលខ្ញុំក្រោកឡើង ខ្ញុំមិនឃើញអ្នកទាំង២ឡើយ ”។

នៅពេលមានអាយុ៣ឆ្នាំ ម៉ៅ ម៉ៅ ក៏បានចាប់ផ្តើមជួយលក់បន្លែលោកយាយរបស់នាងនាងតាមចិញ្ចើមផ្លូវ ហើយតាមរយៈការធ្វើបែបនេះ នាងចង់ឲ្យឪពុកម្តាយរបស់នាងអាចមើលឃើញនាង ប្រសិនបើពួកគេត្រឡប់មកទីក្រុងតុងកួន (Dongguan) វិញនៅថ្ងៃណាមួយ។

ម៉ៅ ម៉ៅ អង្គុយលក់បន្លែនៅតាមចិញ្ចើមផ្លូវ ដោយមានដាក់ស្លាកមួយផ្ទាំងនៅពីក្រោយខ្នងផងដែរ។ ស្លាកនោះសរសេរថា “ជូនចំពោះលោកពុកអ្នកម៉ែ! តើអ្នកទាំងពីរសុខសប្បាយដែលឬទេ? កាលពីឆ្នាំ២០០៨ ពេលដែលខ្ញុំមានជំងឺជាទម្ងន់ អ្នកទាំងពីរ បានទុកខ្ញុំចោលនៅមាត់ទ្វារផ្ទះស្រ្តីចំណាស់ម្នាក់ ហើយចាកចេញទៅដោយស្ងាត់ៗ ទាំងកណ្តាលយប់”។

“ពេលនេះខ្ញុំជាហើយ ហើយខ្ញុំកំពុងទន្ទឹងរងចាំមើលអ្នកទាំង២ មកទទួលយកខ្ញុំទៅវិញ បើមិនដូច្នោះទេ លោកយាយរបស់ខ្ញុំ នឹងត្រូវប្រគល់ខ្ញុំទៅឲ្យរដ្ឋាភិបាលជាអ្នកមើលខុសត្រូវហើយ។ គ្មានកន្លែងណាមួយគឺជាផ្ទះរបស់ខ្ញុំនោះទេ ប៉ុន្តែស្របពេលជាមួយគ្នានេះគ្រប់កន្លែងគឺជាផ្ទះ។ ទោះជាយ៉ាងណាខ្ញុំចង់មានផ្ទះដែលជាខ្លួនឯង ហើយខ្ញុំនឹកពុក និងម៉ែ”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]