ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មន្ត្រី​បរិស្ថាន​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ឃើញ ប្រជាពលរដ្ឋ និង​មន្ត្រី​នគរបាល​ការពារ​ ព្រំដែន​មួយ​ចំនួន បាន​ឃុប​ឃិត​គ្នា​​លួច​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​​អភិរក្ស ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​កំពុង​តែ​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​អស់​ជាច្រើន​ហិ​កតា ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​​ រីឯជនសង្ស័យដែល​ជាប់​ពាក់ព័ន្ធ បាន​នាំ​គ្នា​ដាក់​មេ​ប្រូច រត់គេច​ខ្លួន​ចូល​​ព្រៃ​​​អស់​។

ហេតុការណ៍​ចុះ​បង្ក្រាប​​ជនសង្ស័យ ដែល​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស​នេះ ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ​កុម្ភៈ ស្ថិត​នៅ​​ក្បែរ​​បន្ទាយ​ការពារវរៈ​ព្រំដែន​​លេខ​៨២១ ​ក្នុងភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ហើយ​បាន​រៀប​ចំ​កសាង​សំណុំរឿងបញ្ជូន​ទៅ​តុលា​ការ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​កុម្ភៈ​ ។

ប្រភព​​ពី​​លោកគឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិនបានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់​​ខ្លួន​ឈ្មោះវ៉ៅ លឿន ភេទ​ប្រុស អាយុ​​៤៩​ឆ្នាំ ជា​កិ​សករ មាន​ប្រពន្ធឈ្មោះឆាន់ ថុ​ល អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

លោក​​​បន្ត​ទៀត​ថា មុន​នឹង​ធ្វើការ​ចាប់​ឃាត់ខ្លួនជនសង្ស័យ​ខាងលើ មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើនបាន​រាយការណ៍​ប្រាប់​យ៉ាង​ច្បាស់​​ថា រូបគេ​ធ្លាប់​លួច​កាប់​ព្រៃ​តំបន់​ការពារ​បាន​ចំនួន​ជាង​២​ហិ​កតា ។

ក្រោយមក ​ខាង​បរិស្ថាន​បាន​ចុះ​ធ្វើការ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​បន្ត​កាប់​បន្ត​ម្តង​រួច​ទៅ​ហើយ​ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ ជនសង្ស័យ​ខាងលើ​បាន​ធ្វើការ​កាប់​ព្រៃ​តំបន់​អភិរក្ស​នោះ​​ថែម​ទៀត​ សរុប​ទៅ​បាន​ជាង​៣​ហិ​កតាដោយ​អះអាង​ថា មាន​នគរបាល​ម្នាក់ឈ្មោះរ៉ា និង​នគរបាល​វរ​ព្រំដែន​លេខ​៨២១​មួយ​ចំនួន​ទៀត បាន​នាំ​គ្នា​កាប់​នៅ​ក្បែរ​ៗនោះ​ដែរ ទើប​ជនសង្ស័យ​ហ៊ាន​កាប់​បន្ត​ទៀត ក៏​ត្រូវ​ខាង​លោក​ចុះ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ លោក​នឹង​បញ្ជូន​ជន​សង្ស័យ​ជា​ប្តី​ទៅ​តុលាការ ចំណែក​ប្រពន្ធ​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បន្ត​តាម​ជនសង្ស័យ​ដទៃ​ទៀត យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ។

ចំណែកជនសង្ស័យឈ្មោះវ៉ៅ លឿន អាយុ​៤៩​ឆ្នាំ បាន​សារភាព​ថា ខ្លួន​ពិតជា​បាននាំ​ប្រពន្ធ​ទៅ​កាប់​ព្រៃឈើ​តំបន់​អភិរក្ស​ក្នុងភូមិ​ខាងលើ​មែន តែ​បាន​សុំ​អនុញ្ញាត​ពី​មេ​បញ្ជា ការ​នគរបាល​វរៈ​ព្រំដែន​រួចរាល់​អស់ហើយ ។ ម្យ៉ាងវិញទៀត ខាង​នគរបាល​ក៏​បាន​នាំ​គ្នា​កា ប់​ព្រៃឈើ​តំបន់​ការពារ​នោះ​អស់​ជា​ច្រើន​ហិ​កតា​ផង​ដែរ តែ​អត់​មាន​ខាង​ណា​ចុះ​ទៅ​ធ្វើការ ហាមឃាត់​នោះ​ឡើយ ។

លោក​បន្ត​ទៀត​ថា កាលពីមុនខាង​លោក​បាន​ឈប់​ផ្អាក​ម្តង​ហើ យ​ដែរ ប៉ុន្តែ​ពេល​ឃើញ​គេ​កាប់​ក្បែរ​ៗ​ដី​របស់​ខ្លួន ដែល​បាន​កាប់​ពី​មុន ទើប​​នាំ​ប្តី​ប្រពន្ធ​កាប់​បន្ត ហើយ​ក៏​ត្រូវ​ខាង​មន្ត្រី​បរិស្ថាន​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ លោក​ក៏​សុំ​ឱ្យ​ខាង​មន្ទីរ​បរិស្ថាន​ខេ ត្ត​ធ្វើការ​ចាប់​ឃាត់​ខ្លួន​ក្រុម​នគរបាល​វរ​ព្រំដែន ដែល​ល្មើស​នឹង​ច្បាប់​ផង​ដែរ កុំឱ្យ​ចាប់​តែ​រូប គាត់​ម្នាក់​នោះ​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អ៊ុំ ណូ​ន មេបញ្ជាការ​វរៈ​ព្រំដែន​លេខ​៨២១ បានឱ្យ​ដឹង តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ​ នេះ ថា ខាង​លោក​​អត់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់​បំផ្លាញ​ព្រៃឈើ​តំបន់​អភិរក្ស ដូច​ការ​អះអាង​របស់​ជនសង្ស័យ​ខាងលើ​នោះ​ឡើយ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ញាក់សាច់! ឡិចស៊ីស​ហោះផ្លោះ​ប្រឡាយ ព្រោះតែ​ម៉ូតូ១​គ្រឿង

ខេត្តកំពង់ធំ ៖ ឧបទ្ទវហេតុមួយ​កើតឡើង កាលពី​វេលា​ម៉ោង​០៧​​​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​កុម្ភៈ នេះ ស្ថិតតាម​​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​​ភូមិ​ប្រដិត ឃុំ​សំព្រោ​ច ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ​ដោយរថយន្តឡិច​ស៊ី​ស មួយគ្រឿងបានគេចម៉ូតូជិះឆ្លងថ្នល់ ធ្វើឱ្យរេចង្កូតហោះ​កាត់ប្រឡាយទឹក​ ទៅ​ធ្លាក់​​ប្រឡាយ​ម្ខាង​ ទៀតយ៉ាងរន្ធត់ ​បណ្តាលមនុស្ស​ដែលជិះក្នុងរថយន្ត​ ៤នាក់​បាន​រងរបួសធ្ងន់ទាំងអស់​ ។

ប្រភពឱ្យដឹងថា រថយន្តឡិចស៊ីសខាងលើ ពណ៌.​ស ​ពាក់ស្លាក​​លេខ​ភ្នំពេញ​2AM-9608 ​បើ​កបរ​​ក្នុង​ល្បឿន​​យ៉ាង​​លឿន ដោយ​មាន​​​ដឹក​ភ្ញៀវ​ជនជាតិ​ចិន ​មក​ពី​​ភ្នំពេញ​ ក្នុង​ទៅ​ទិស​ដៅ​ខាង​​ខេត្តសៀមរាប ។

លុះ​មក​ដល់​ចំណុច​ កើតហេតុ​ខាងលើ​ ស្រាប់តែ​លេច​​​​ម៉ូតូ​មួយ​​គ្រឿង​​ជិះ​ឆ្លងថ្នល់ ដែល​​ជា​ហេតុ​នាំ​ឱ្យ​អ្នកបើក​រថយន្ត​ គេច​ធ្លាក់​​ថ្នល់​ ទៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន ​ហើយ​រថយន្ត​មាន​ល្បឿន​​លឿន​ផង ​​បាន​ហោះ​ឆ្លងកាត់​ប្រឡាយ​ទឹក​ ដែ​ល​មាន​ទឹក​ជម្រៅ​ប្រហែល​៥ម៉ែត្រ ​ទៅ​ធ្លាក់​នៅ​ម្ខាង​ប្រឡាយ​ទៀត ។

​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ រង​របួសធ្ងន់​ទាំង​៤​នាក់ ​ក្នុង​នោះ​ខ្មែរ​ម្នាក់​​ជា​អ្នកបើក​​ឈ្មោះម៉ុ​ក អង្គា​រស្មី ​អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ (បាក់ជើង) និង​ជនជាតិ​ចិន​៣​នាក់​ទៀត ​រង​របួសធ្ងន់​ដូន​គ្នា​ និង​មាន​ម្នាក់​បាក់ជើង ​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]