(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរប្លន់២នាក់ ទៅតុលាការ បន្ទាប់ពីស្រាវជ្រាវ ហើយចាប់ខ្លួនបាន។ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេទាំង២នាក់ ជិះម៉ូតូ១គ្រឿង អាវុធខ្លី១ដើម បានបាញ់ប្លន់ និងឆក់យកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ និងខណ្ឌ៧មករា ចំនួន៤លើកមកហើយ។

មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅម្តុំសាលា​អាលីយ៉ង់ ស្ថិតក្នុងខណ្ឌដូនពេញ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ បានដកកាំភ្លើងបាញ់​ចំនួន២គ្រាប់ ទៅលើជនរងគ្រោះចំនួន៥នាក់ បណ្តាលឲ្យរបួសម្នាក់ ចំគូថចំហៀងខាងស្តាំបៀមគ្រាប់។ បន្ទាប់មក ជនសង្ស័យបានគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះជាពីរបួស ទើបមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចកងរាជអាវុធហត្ថ។

លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ នៅម្តុំសួនច្បារវិមានឯករាជមុខវត្តលង្កា។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជា ចម្លើយសារភាពរបស់ជនល្មើសបានឲ្យដឹងថា ពួកគេទាំងពីរនាក់មានឈ្មោះ នូ ឧត្តម ហៅចូក អាយុ១៧ឆ្នាំ និងឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ អាយុ២៤ឆ្នាំ គឺជាបក្ខពួកនឹងគ្នា ហើយរយៈកាលកន្លងមក ពួកគេទាំងពីរនាក់ធ្លាប់ធ្វើសកម្មភាព បាញ់ប្លន់យកម៉ូតូ និងឆក់សម្ភារតាមដងផ្លូវចំនួន០៤លើក រួចមកហើយ ដោយប្រើប្រាស់មធ្យាបាយម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌មាស ស្លាកលេខ ភ្នំពេញ 1GI-1470 និងអាវុធខ្លី០១ដើម ម៉ាកកា៥៤។ ពេលធ្វើកម្មភាពម្តងៗ ឈ្មោះ ម៉ែន វីរៈ ហៅ ពេជ្រ ជាអ្នកឌុប ហើយឈ្មោះ នូ ឧត្តម ហៅ ចូក ជាអ្នកកាន់អាវុធ អង្គុយពីក្រោយចាំបាញ់ប្លន់ យកម៉ូតូពីជនរងគ្រោះ។

សកម្មភាពលើកទី១ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្លន់នៅម្តុំសាលាអាលីយ៉ង់ ដោយបាញ់ចំនួន០២គ្រាប់ ត្រូវគូទជនរងគ្រោះ០១គ្រាប់ និង០១គ្រាប់ទៀត មិនផ្ទុះយកបានម៉ូតូ០១គ្រឿង ម៉ាកសង់ប៊ិច។ សកម្មភាពលើកទី២ (មិនចាំថ្ងៃខែ) ប្លន់នៅចំណុចម្តុំផ្លូវភ្លោះរអូរឫស្សី ដោយបាញ់គម្រាមភ្ចុចដី០១គ្រាប់ យកបានម៉ូតូ០១គ្រឿង ម៉ាកឃ្លីកពណ៌ស ពីជនរងគ្រោះម្នាក់ជាស្រ្តី។ សកម្មភាពលើកទី៣ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្លន់យកម៉ូតូ០១គ្រឿងពីស្ត្រីម្នាក់ នៅចំណុចម្ដុំក្ដាន់២ (តែមិនបានសម្រេច) ដោយសារមានប្រជាពលរដ្ឋច្រើន និងសកម្មភាពលើកទី៤ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧នេះដែរ ឆក់ទូរស័ព្ទបាន០១គ្រឿងពីជនរងគ្រោះម្នាក់ជាស្ត្រី នៅម្តុំផ្សារអូរឬស្សី៕

ប្រភព៖ fresh news

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ដេញ​កាប់​-​ចាក់​គ្នា​ផ្អើល​សួន​ច្បារ​មុខ​ណា​ហ្គា​វើ​ល ចាប់ខ្លួន​បាន​២​នាក់

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​២​នាក់​ក្នុង​ចំណោម​ក្មេង​ស្ទាវ​២​ក្រុម​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ធ្វើការ​ឃាត់ខ្លួន ខណៈ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​កាប់​ចាក់​គ្នា​នៅ​ចំណុច​លើ​សួនច្បារ​មុខ ណា​ហ្គា វើ​ល ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ស្ទាវ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន ១-​ឈ្មោះ ហូរ សី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក និង ២-​ឈ្មោះ ប៊ី សុ​វ​ណ្ណា​រាជ អាយុ ១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា​(​ជា​ក្រុម​តែ​មួយ​) ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ក្រុម​ក្មេង​ស្ទាវ​២​ក្រុម ដោយ​១​ក្រុម​មាន​គ្នា​មិន​តិច​ជាង​១០​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ប្រដាប់​ដោយ​ដាវ​សា​មូ​រ៉ៃ និង​កាំបិត​គ្រប់​ៗ​ដៃ មិនដឹង​ជា​មក​ពី​ទីណា​ឡើយ បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ចាក់​គ្នា​នៅ​តាម​ដងផ្លូវ​សាធារណៈ​ដូច​ហ្វូងគោ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​សួនច្បារ​មុខ ណា​ហ្គា​វើ​ល ពួក​គេ​ក៏​បាន​ឈប់​ម៉ូតូ​ចុះ​ដេញ​កាប់​-​ចាក់​គ្នា​រត់​ប្រសេចប្រសាច​ពេញ​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​បង្ក្រាប ដោយ​ឃាត់ខ្លួន​បាន​២​នាក់ ដកហូត​ដាវ​សា​មូ​រ៉ៃ​១​ដើម និង​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BK-៨១២១ មួយ​គ្រឿង​ផង​ដែរ ។

ឆាកប្រយុទ្ធ​គ្នា​របស់​ក្រុម​ក្មេង​ស្ទាវ​ទាំង​ពីរ​ក្រុម​ខាងលើ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​មានការ​ខូចខាត​ម៉ូតូ​៣​គ្រឿង ហើយ​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​អស់ និង​មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ទាំង​២​នាក់ និង​ដកហូត​បាន​ដាវ​សា​ម៉ៃ​១​ដើម និង​ម៉ូតូ​១​គ្រឿង ដែល​ជា​វត្ថុ​តាង​រួច​ហើយ ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]