ភ្នំពេញ៖ ក្រុមហ៊ុន Bentley Motors បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន HGB Group Co.,Ltd. ដែលជាក្រុមហ៊ុនវិនិយោគទុនឯកជនក្នុងស្រុកមួយនៅកម្ពុជា និងបន្តទៅជាក្រុមហ៊ុនឯកទេសខាងរថយន្ត អាហារ និងភេសជ្ជៈ ការលក់រាយ និងទំនិញដែលមានគុណភាពជាច្រើន។

កម្មវិធីពិសេសនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ក្នុងរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ដែលចូលរួមដោយភ្ញៀវកិត្តិយសជាច្រើន និងអ្នកតំណាងសំខាន់ៗមកពីក្រុមហ៊ុន HGB Group Co.,Ltd ក្រោមការដឹកនាំដោយលោក Herfried Hasenoehrl ប្រធានក្រុមហ៊ុន HGB Group Co.,Ltd អ្នកតំណាងពីក្រុមហ៊ុន Bentley Motors លោក Adrian Wayne លោក Andy Doyle និងលោក Ian Maxwell ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តម Bill Longhurst និងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីបណ្តាអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ និងអ្នកជំនួញជាច្រើនអ្នកទៀត។

ជាមួយសេចក្តីប្រកាសនៃកិច្ចសហការជាដៃគូរបស់ក្រុមហ៊ុន HGB Group Co.,Ltd. ដែលនឹងក្លាយជាអ្នកចែកចាយផ្តាច់មុខនៃរថយន្ត Bentley នៅក្នុងប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ។ 

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញឲ្យសាធារណៈជនបានដឹងពីភាពជាដៃគូ ហើយភ្ញៀវកិត្តិយសទាំងអស់ ក៏មានឱកាសបានទស្សនានិងស្វែងយល់ពីភាពប្រណិតនៃរថយន្ត Bentley នៅក្នុងការតាំងបង្ហាញនេះផងដែរ។ ការតាំងបង្ហាញរថយន្តមានចំនួន៥គ្រឿង ដែលមានម៉ូដែលដូចជា Continental GT V8s, the Continential GT V8 s, the Flying Spur V8 និង the Bentayga W12។ ម៉ូដែលទាំងអស់នេះ ត្រូវបានធ្វើបទបង្ហាញនៅក្នុងកម្មវិធី ហើយភ្ញៀវកិត្តិយសទាំងអស់ អាចទស្សនាដោយផ្ទាល់នូវរថយន្តដ៏ទំនើបស្រស់ស្អាត ក្នុងកំឡុងពេលទទួលទានអាហារល្ងាច។

លោក David Jackson អ្នកគ្រប់គ្រងប្រចាំតំបន់នៅអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Bentley Motors បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាសប្បាយរីករាយដែលបានប្រកាសជាផ្លូវការនៃភាពជាដៃគូសហការរវាង HGB Group និង Bentley។ ជាមួយក្រុមហ៊ុនដែលមានការតាំងចិត្តខ្ពស់នៃការចែកចាយរថយន្តដូចជា HGB Group យើងខ្ញុំរង់ចាំស្វាគមន៍អតិថិជនក្នុងប្រទេសកម្ពុជាក្នុងការអញ្ជើញមកទស្សនាដោយផ្ទាល់នៅពិភពរបស់ Bently ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ ប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]