រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០២ និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ ទីបំផុត​ស្ត្រី​ជា​ម្តាយ​ដែល​បី​សាកសព​កូនស្រី​ អាយុ​៣​ខែ​មក​កាន់​វត្ត «​តាំង​កសាង​» ដើម្បី​ឱ្យ​តា​អាចារ្យ​ជួយ​បូជា ឬ​ក៏​បញ្ចុះសព​នោះ បាន​ឆ្លើយ​សារភាព​ហើយ​​ថា គឺ​ការ​ពិតខ្លួន​នាង​ជា​អ្នក​ធ្វើ​ឱ្យ​កូនស្រី​​ស្លាប់ ។

នេះ​បើ​តាម​ការ​អះអាង​របស់​ស្ត្រី​រូប​នេះ ឆ្លើយ​ប្រាប់​សមត្ថកិច្ច ក្រោយ​កម្លាំង​​បាន​​ព្យាយាម​សួរនាំ​តាម​ជំនាញ​​រួច​មក ស្ថិត​នៅ​កន្លែង​កោសល្យវិច័យ​សព​ នៅ​​​វត្ត​ «​តាំង​កសាង​» នោះ ។

ស្ត្រី​សង្ស័យ​ជា​ម្តាយ​​ខាងលើ មានឈ្មោះ​ណុ​ប ស្រី​ពៅ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ពង ឃុំ​ថ្ពង ខេត្ត​​កំពង់ធំ សព្វថ្ងៃ​ស្នាក់នៅ​​បន្ទប់​ជួល​លេខ​២ ក្នុង​ខណ្ឌ​ពោធិ៍​​សែន​​ជ័យ ។

ស្ត្រី​រូប​នេះ​និយាយទៀត​​ថា កាលពី​យប់​ថ្ង​ទី​២៣ កុម្ភៈ នោះ ខ្លួន​និង​ប្តីបាន​ឈ្លោះ​យ៉ាង​ខ្លាំង រួម​ជាមួយ​នារី​ម្នាក់​ទៀត​ ដែល​​មក​​នៅ​ក្នុង​បន្ទប់​របស់​​ខ្លួន​។ ពេល​នោះ ខ្លួន​ខឹង​ខ្លាំង​ណាស់ ក៏​ជះ​កំហឹង​ទៅ​កូន ដោយ​បាន​វាយ​ចំ​ទ្រូង​កូនស្រី​មួយ​​ដៃ ធ្វើ​ឱ្យ​កូនស្រី​ស្រែ​ក​យំ​ពេញ​បន្ទប់ ។ ក្រោយមក ខ្លួន​ក៏​បីកូន​ចូល​បន្ទប់ ស្រាប់តែ​រអិល​ជើង​ដួល​បោក​ក្បាល​ស្រី ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា៖  អ្នក​ម្តាយ​អើយ​អ្នក​ម្តាយ! បីសពកូន​ឯង​មក​​​ដុត ប្រុង​បញ្ចប់​រឿង​ត្រឹមហ្នឹង​មែន?

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​ បានឱ្យ​ដឹង​​ថា មានការ​ភ្ញាក់ផ្អើល​មួយ ដោយសារ​តែ​ស្ត្រី​ម្នាក់​ បាន​បី​សាកសព​កូនស្រី​ ទើប​អាយុ​៣​​ខែ​មក​វត្ត «​តាំង​កសាង​» ដើម្បី​ឱ្យ​តា​អាចារ្យ​ និង​តា​ភ្លុក ​ជួយ​រៀបចំ​បូជា ។

លុះ​ពេល​សួរ​រឿង​ឯកសារ​លិខិត​ស្នាម​ មូលហេតុ​ដែល​កូនស្រី​ស្លាប់ ស្រាប់តែ​ម្តាយ​នោះ​ឆ្លើយ​ថា «អត់​មាន​ទេ» បង្ក​ឱ្យ​មានការ​ងឿងឆ្ងល់​គ្រប់​គ្នា ពេល​នោះ​តា​អាចារ្យ​បាន​ជជីក​សួរ​នាំ​​ចុះឡើង​ៗ​បន្ត ស្រាប់តែ​បែកធ្លាយ​ចេញ​​​រឿងផ្សេង​តែ​​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភ នេះ ស្ថិត​នៅ​​​វត្ត «​តាំង​កសាង​ខាងត្បូង​» ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​​ខាងលើ ​មានឈ្មោះ​ណុ​ប ស្រី​ពៅ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ពង ឃុំ​ថ្ពង ខេត្តកំពង់ធំ សព្វថ្ងៃ​ស្នាក់​បន្ទប់​ជួល​លេខ​២ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​គួរហួសចិត្តទៀតនោះ គឺស្ត្រីរូបនេះមិនស្គាល់​ឈ្មោះ​​ប្តីខ្លួន​ពេញលេញផង ដឹងត្រឹមឈ្មោះយ៉ា រស់នៅស្រុកកៀនស្វាយ ។

ចំពោះ​រឿង​ដែល​បែកធ្លាយ​នោះ គឺ​ត្រូវ​បាន​ស្ត្រី​រូប​នេះ​រៀបរាប់​ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្តី​អត់​ខាន់ស្លា​ម្នាក់ ដោយ​រស់​នៅ​ជាមួយ​ រហូត​មាន​ផ្ទៃពោះ​កូនស្រី​នេះ តែ​ត្រូវ​ប្តីដឹង​ថា​មានកូន ក៏​រត់​ចោល​ខ្លួន​បាត់​​ទៅ ។ ទើបតែ​២​ថ្ងៃមុន​នេះ ប្តី​ខ្លួន​មក​សុំ​ត្រូវរ៉ូវ​គ្នា​វិញខ្លួន​ក៏​យល់ព្រម​ដែរ ។

ស្ត្រី​រូប​នេះ​បន្ត​ថា កាល​វេលា​ម៉ោង​ប្រហែល​ ៨​យប់​ថ្ងៃ​ទី​២៣ កុម្ភៈ ខ្លួន​និង​ប្តី​បាន​អង្គុយ​ផឹកស្រា​ជាមួយ​គ្នា​ ក្នុង​បន្ទប់​អស់​​ម្តង ក៏​ត្រូវ​ប្តី​ប្រើ​ឱ្យទៅ​ទិញ​ស្រា​ម្តងទៀត ដោយ​នាង​បាន​​ទុក​កូនស្រី​ឱ្យ​នៅ​ជាមួយ​ប្តីនោះ ។ ពេល​ត្រឡប់​មក​ពី​ទិញ​ស្រា​វិញ ក៏​ឃើញ​នារី​ម្នាក់​ដែល​ជា​គូស្នេហ៍​ប្តី​នោះ​ ក៏នៅ​ក្នុង​បន្ទប់​នោះដែរ ហើយ​ពួក​ខ្លួន​ក៏​ផ្ទុះ​ជម្លោះ​គ្នា​ខ្លាំង​តែ​ម្តង ដោយ​មិនដឹង​ថា កូនស្រី​តូចរបស់​​ខ្លួន​បាន​ស្លាប់ ​តាំងពី​ពេល​ណា​នោះ​ទេ ។

​លុះ​វេលា​ម៉ោង​ ០២​ចូល​ថ្ងៃ​ទី​២៤ កុម្ភៈ ​នេះ ​ភ្ញាក់ផ្អើលកូនស្រី​​ស្លាប់ ព្រោះកូនអត់ដឹងខ្លួននោះឡើយ ​តែក៏មិនថា ស្លាប់ដោយ​សារ​​មូល​ហេតុ​អ្វី​ដែរ​ ។ ហើយ​បុរស​ជា​ប្តី​នោះ ក៏​បាន​គេចខ្លួន​បាត់​ទៀត ទើបព្រឹកឡើង​​ខ្លួន​​ បី​​សព​កូនស្រី​​នេះមក​បូជា​តែ​ម្តង​​។

យោងប្រភព ពីអ្នកជិតខាងឱ្យដឹងថា ស្ត្រីជាម្តាយខាងលើនេះ ត្រូវសង្ស័យ​ជាប្រពន្ធចុងនោះទេ ហើយ​​នារី​ម្នាក់​ ដែល​តែង​តែមករក​រឿង​​​នាង ​គឺជា​ប្រពន្ធដើម ខណៈ​ពួកគេទាំង២នាក់ (ប្តី​និងនារីម្នាក់ទៀត)​ គេចខ្លួនអស់ហើយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]