(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពូជា បានបញ្ជាក់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោយពីមានការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យផ្លាស់ប្ដូរនិមិត្ត​សញ្ញា (Logo) របស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឯកជន ណាដែលមើលទៅភ័ន្ដច្រឡំ នឹងស្ថាប័នរដ្ឋចេញនោះ ឃើញមាន មានធនាគារមួយចំនួន ដែល​មាន Logo ស្រដៀង នឹងស្ថាប័នរដ្ឋ បានកំពុងតែផ្លាស់ប្ដូរនិមិត្តសញ្ញារបស់ខ្លួនជាបណ្ដើរៗហើយ។

មន្ដ្រីធនាគារជាតិបានឲ្យដឹងថា មកទល់ពេលនេះមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមាន Logo មើលទៅភ័ន្ដ​ច្រឡំនឹងរបស់រដ្ឋ បានចូលរួមស្ម័គ្រចិត្តផ្លាស់ប្ដូរ និមិត្តសញ្ញារបស់ខ្លួន។ ជាក់ស្ដែងរួមមានធនាគារ អេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា ហើយមានគ្រឹះស្ថានមួយចំនួនទៀត បានកំពុងទម្លាក់ស្លាកសញ្ញា​ដែលពាក់ព័ន្ធ និងត្រៀមប្ដូរស្លាកសញ្ញាថ្មីតាមនិតិវិធី។

សូមជម្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឯកជនទាំងអស់ ដែល Logo ស្រដៀងគ្នានឹងស្ថាប័នរដ្ឋ ត្រូវប្តូរចេញជាបន្ទាន់ ដើម្បីកុំមានការភ័ន្តច្រឡំ ថាជារបស់រដ្ឋ។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងនោះប្តូរឲ្យបានមុខថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ផ្សារធំថ្មី! បើនៅតែយកភាស៊ីលើសនិងសម្តីឈ្លើយ លុប​ចោល​ភ្លាម

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ធ្វើការ​ព្រមាន​លុប​ចោល​កិច្ចសន្យា​ ឬ​ក៏​បញ្ឈប់​អាជ្ញាប័ណ្ណ​តែ​ម្តង ចំពោះ​អ្នក​ទទួល​បន្ទុក​​ ម៉ៅ​ការ​ភាស៊ី​រថយន្ត និង​ម៉ូតូនៅ​ផ្សារ​ធំ​ថ្មី ប្រសិនបើ​ពួក​គេ​នៅ​តែ​ យក​ភាស៊ី​លើស​តម្លៃ​កំណត់ ​ក្នុង​កិច្ចសន្យា​(​សៀវភៅ​បន្ទុក​) និង​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​​ ទៅ​លើ​អតិថិជន​​បន្ត​ទៀត​នោះ ។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹកថ្ងៃ​ទី​២១ ​កុម្ភៈ លោក​បាន​កោះហៅ លោក ស្រី ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី និង​អ្នក​ទទួល​បន្ទុក​ម៉ៅ​ការ​ភាស៊ី​រថយន្ត​-​ម៉ូតូ ដើម្បី​សាកសួរ​ព័ត៌មាន បន្ទាប់​ពី​មាន​ពាក្យបណ្តឹង ពី​អតិថិជន​ថា មានការ​យក​ភាស៊ី​លើស​តម្លៃ​កំណត់​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​បាន​ប្រើស​ម្តី​មិន​សមរម្យ​ទៅ​លើ​អតិថិជន​ដែល​បាន​ទៅ​ផ្ញើ​រថយន្ត​-​ម៉ូតូ​នៅ​ផ្សារ​ធំ​ថ្មី​នោះ ។

លោក​បន្ត​ថា ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែកុម្ភៈ គឺ​មាន​អតិថិជន​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ផ្សារ​ធំ​ថ្មី​ជ្រុង​ខាងកើត លុះ​ពេល​យក​ម៉ូតូ​វិញ ម្ចាស់​អាជីវកម្ម​ទារ​លុយ​៥០០​រៀល ខៈណៈ​ដែល​មានការ​បិទ​ស្លាក​តម្រូវ​ឱ្យ​យក​តែ​៣០០​រៀល​ប៉ុណ្ណោះ គឺ​លើស​សៀវភៅ​បន្ទុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក សុខ ពេញ​វុ​ធ បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​នោះ​អតិថិជន​បាន​ទារ​លុយ​អាប់ ព្រមទាំង​ប្រាប់​ថា ស្លាក​សរសេរ​បិទ​តម្រូវ​ឱ្យ​យក​តែ​៣០០​រៀល​ប៉ុណ្ណោះ តេ​ម្ចាស់​អាជីវកម្ម​ផ្ញើ​ម៉ូតូ​បាន​ឆ្លើយ​តប​វិញ​ថា អា​អ្នក​សរសេរ​នោះ វាងាប់​បាត់​ហើយ ។ លោក​បន្ត​ថា ម្ចាស់​អាជីវកម្ម​ផ្ញើ​ម៉ូតូ​ដែល​មាន​វ័យក្មេង​នោះ ពិតជា​ឈ្លើយ​ណាស់​ដែល​ប្រើស​ម្តី​បែប​នេះ ហើយ​ចំពោះ​ការ​បិទ​នោះ​មាន​តែ​អភិបាល​រាជធានី និង​អភិបាល​ខណ្ឌ ជា​អ្នកបញ្ជា​ឱ្យ​បិទ ព្រមទាំង​ហ៊ាន​យក​លើស​ការ​កំណត់​សៀវភៅ​បន្ទុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៀត​នោះ ដូចនេះ​អាជ្ញាធរ​ខណ្ឌ ត្រូវ​តែ​ហៅ​គាត់​មក​ព្រមាន​ក្នុង​ពេល​នេះ​តែ​ម្តង ។

ក្នុង​ពេល​នោះ លោក​អភិបាល​ខណ្ឌដូនពេញ បាន​តម្រូវ​ឲ្យ​គណៈកម្មការ​ផ្សារ​ធំ​ថ្មី បើក​ការ​ប្រជុំ និង​ធ្វើ​កំណត់ហេតុ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​ម្ចាស់​អាជីវកម្ម​ផ្ញើ​ម៉ូតូ​នោះ បើ​មាន​ករណី​កើតឡើង​លើក​ក្រោយ​ទៀត អាជ្ញាធរ​ខណ្ឌដូនពេញ នឹង​ស្នើ​ឲ្យ​ដក​អាជីវកម្ម​នោះ​តែ​ម្តង ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]