ឥណ្ឌា៖ ពិតជាគួរឲ្យអាណិតចំពោះទារិកាតូចម្នាក់ កើតមកទទួលរងនូវលក្ខខណ្ឌជំងឺដ៏កម្រម្យ៉ាង ធ្វើឲ្យក្បាលរបស់នាង មានទំហំពីរដងធំជាងក្បាលមនុស្សធម្មតា ខណៈបច្ចុប្បន្នឪពុកម្តាយ នឹកអាណិតសឹងខ្លោចចិត្ត ព្រោះគ្មានលទ្ធភាពជួយព្យាបាល។

ទារិកា Jaya Dalvi មានអាយុ៤ខែ កើតមកមានជំងឺកម្រម្យ៉ាងហៅថា «Hydrocephalus» ដែលជាប្រភេទជំងឺម្យ៉ាង មានជាតិទឹកជាច្រើនផ្ទុកក្នុងលលាដ៏ក្បាល ដែលងាយនឹងអាចសម្លាប់កុមាររងគ្រោះជាទីបំផុត។ វាមានន័យថា ចាប់តាំងពី Jaya កើតមក ជំងឺមួយនេះបានធ្វើឲ្យក្បាល របស់នាងមានទំហំធំជាងធម្មតាពីរដង ខណៈបច្ចុប្បន្នក្បាលរបស់ទារករងគ្រោះ បានវិវឌ្ឍន៍ជាមួយនឹងទំហំធំខ្លាំង រហូតដល់ទៅ៧១សង់ទីម៉ែត្រ។ ស្របពេលដែលខាងគ្រូពេទ្យ បានលើកឡើងថា ក្បាលរបស់ទារកជាមធ្យមគឺមានទំហំ ត្រឹមតែ៣៨សង់ទីម៉ែត្រតែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ទារិកាខាងលើ ត្រូវបានខាងគ្រូពេទ្យស្នើសុំ ឲ្យមានវះកាត់ព្យាបាលជាបន្ទាន់ផងដែរ ដើម្បីចៀសវាងខ្លាចស្ថានភាពជំងឺមួយនេះ បង្កទៅជាពិការភាពដល់កុមាររងគ្រោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយសារតែស្ថានភាពក្រីក្រ គ្រួសាររបស់កុមាររងគ្រោះ ដែលរស់នៅជនបទស្រុកស្រែចំការ ក្នុងតំបន់ Valasad រដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា គឺពុំមានលទ្ធភាពលុយកាក់ ក្នុងចំណាយលើថ្លៃប្រតិបត្តិកាវះកាត់ នៅឯមន្ទីរពេទ្យឯកជននោះបានទេ។

ឪពុករបស់ទារករងគ្រោះ លោក Bhavesh Dalvi មានអាយុ៣០ឆ្នាំ បច្ចុប្បន្នគឺគ្រាន់តែកសិករម្នាក់ ដែលអាចមានលទ្ធភាពរកចំណូលបានត្រឹមតែ ២ផោន (ប្រហែលជា ២.៥ដុល្លារអាមេរិក) តែប៉ុណ្ណោះក្នុងមួយថ្ងៃ។ ជាហេតុធ្វើឲ្យរូបគាត់ និងប្រពន្ធ Jaywanti ត្រូវបង្ខំចិត្តយកកូនទៅមន្ទីរពេទ្យរដ្ឋ ដើម្បីឲ្យជួយព្យាបាលតែប៉ុណ្ណោះ។

បុរសជាឪពុក លោក Bhavesh Dalvi បាននិយាយថា «ពួកយើង បានព្យាយាមធ្វើអ្វីតាមតែលទ្ធភាពអាចធ្វើបាន សព្វគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះជីវិតកូនស្រីយើង។ ប៉ុន្តែជាអកុសល លុយដែលពួកយើងរកបាន គឺវាពិតជាតិចតួចស្តួចស្តើងជាទីបំផុត សម្រាប់ចំណាយលើថ្លៃព្យាបាលដល់នាង» ។ លោក បានបន្តថា «ខ្ញុំស្នើជូនដល់ប្រជាជន ទាំងអ្នកមានទឹកចិត្តសប្បុរសធម៌ទាំងអស់ មេត្តាជួយដល់កូនស្រីខ្ញុំផង។ ខ្ញុំពិតជា មិនអាចឃើញនាងស្លាប់ នៅនឹងភ្នែកខ្ញុំទាំងសភាពបែបនេះឡើយ»

ដោយឡែក វេជ្ជបណ្ឌិត Manoj Patel នៅមន្ទីរពេទ្យ Surat Hospital ជាអ្នកមើលថែទារិកា Jaya យ៉ាងយកចិត្តទុកដាក់នោះ ក៏បានមានប្រសាសន៍ដែរថា «ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលទេនោះ ជំងឺប្រភេទនេះនឹងកាន់តែ រីកដុះដាលខ្លាំងឡើងៗជាមិនខាន។ ជាធម្មតាទារកនឹងអាចស្លាប់ ដោយសារតែជាលិកាខួរក្បាលរបស់គេ គឺមិនអាចអត់ធន់ទៅនឹងសម្ភាធទឹកនោះបានឡើយ»

គួរបញ្ជាក់ដែរថា បច្ចុប្បន្នគ្រួសាររបស់ទារិការងគ្រោះ នៅតែបន្តដង្ហោយហៅសុំជំនួយ ពីសប្បុរសជនគ្រប់មជ្ឍដ្ឋាន ដើម្បីបានថវិកា ជួយវះកាត់ជំងឺប្រភេទ «Hydrocephalus» នេះ ជួយដល់កូនស្រីរបស់ពួកគេផងដែរ ៕  

ប្រភព៖ បរទេស

ដោយឡែក​ ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ទីបំផុត លោកយាយវ័យ៨៩ឆ្នាំ ដាច់ចិត្តរៀបការជាមួយនឹង លោកតាអនាថាម្នាក់ ក្រោយពីជួបស្គាល់គ្នាអស់ជាង ៤០ឆ្នាំ

អង់គ្លេស៖ វាជារឿងដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើលមួយ ចំពោះគូស្នេហ៍វ័យចំណាស់មួយគូ ដែលទីបំផុតកូនក្រុមុំវ័យ៨០ផ្លាយ ដាច់ចិត្តរៀបការជាមួយគ្នានឹង លោកតាអនាថាគ្មានផ្ទះសំបែងម្នាក់ ក្រោយពីការស្គាល់គ្នាអស់រយៈពេល រាប់សិបឆ្នាំរួចមក។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោកយាយ Joan Neininger និងលោកតា Ken Selway ពួកគេទាំងពីរមានអាយុ៨៩ឆ្នាំដូចគ្នា ទីបំផុតបានសម្រេចចិត្តរៀបការជាមួយគ្នា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅចំពោះមុខគ្រួសារ និងមិត្តភក្តិជាច្រើន។

បើក្រឡេកទៅមើលពីអតីតកាលវិញ គូស្នេហ៍វ័យចំណាស់មួយគូខាងលើនេះ បានជួបគ្នាជាលើកដំបូង តាំងពីអំឡុងឆ្នាំ១៩៧៥មកម្ល៉េះ។ ខណៈនៅពេលដែលលោកយាយ Neininger បានប្រទះឃើញលោកតា Selway តាមមាត់បង្អួចហាងលក់សៀវភៅរបស់គាត់ ដោយគ្រានោះ លោកតា Selway គឺជាជនអនាថាម្នាក់ ដែលកំពុងតែដើររើសអេតចាយ នៅក្នុងធុងសម្រាមក្បែរហាងរបស់លោកយាយ Neininger ។

ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលមិននឹកស្មានដល់នោះ លោកយាយ Neininger ជាមនុស្សម្នាក់ដែលមិនចេះប្រកាន់ និងឲ្យតម្លៃដល់មនុស្សគ្រប់គ្នា ហើយថែមទាំងចេញមកខាងក្រៅ ជួបជាមួយនឹងលោកតា Selway ដើម្បីបង្កើតចំណងមិត្តភាពដ៏អស្ចារ្យ និងយូរអង្វែងមួយ ជាមួយគ្នាថែមទៀតផង។

រហូតមកដល់ត្រឹមឆ្នាំ២០១៦ ពួកគេទាំងពីរនាក់ ក៏បានផ្លាស់ទៅរស់នៅក្នុង មណ្ឌលថែទាំចាស់ជរាដូចគ្នា ដែលគ្រានោះហើយ លោកយាយ Neininger និងលោកតា Selway បានសម្រេចចិត្តរៀបការជាមួយគ្នាតែម្តង។

លោកយាយ Neininger បាននិយាយថា «វាគឺជាក្តីស្រលាញ់មួយសម្រាប់អ្នករាល់គ្នា ដែលបានអញ្ជើញមកចូលរួមថ្ងៃពិសេសរបស់ខ្ញុំ។ បើនិយាយទៅកាលនោះ នៅពេលដែលខ្ញុំបានឃើញគាត់ (លោកតា Selway) កំពុងតែកកាយសម្រាមក្នុងធុង នៅបរិវេនខាងក្រៅហាងលក់ត្រីនិងដំឡូងបំពង ក្បែរហាងលក់សៀវភៅរបស់ខ្ញុំ ក្នុងទីក្រុង Gloucester ធ្វើឲ្យខ្ញុំមានអារម្មណ៍មួយ ដែលមិនធ្លាប់នឹកគិតសោះថា ជីវិតវាទៅជាបែបនោះឡើយ» ។

លោកយាយ Neininger បន្តថា «...ទោះបីជាខ្ញុំដឹងថា គាត់រស់នៅតាមចិញ្ចើមផ្លូវក្តី ប៉ុន្តែខ្ញុំសម្លឹងឃើញថា Ken Selway គឺជាបុរសដែលមានទឹកចិត្តស្មោះត្រង់ និងថែមទាំងមានបេះដូងដ៏ស្រស់ស្អាតម្នាក់ផងដែរ» ។

គួរឲ្យដឹងដែរថា អាពាហ៍ពិពាហ៍គូស្នេហ៍ វ័យចំណាស់ខាងលើនេះ បានរៀបចំធ្វើឡើង នៅក្នុងបន្ទប់ការិយាល័យមួយ ក្នុងទីក្រុង Cinderford ។ តាមរយៈរូបភាពជាច្រើនសន្លឹក គេឃើញថា លោកយាយ Neininger និងស្វាមីរបស់គាត់ Ken Selway គឺពិតជាមានក្តីរីករាយជាខ្លាំង ក្នុងថ្ងៃពិសេសរបស់ពួកគេ ដោយមានការចូលរួមជាច្រើន ពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសារពួកគេផងដែរ ៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]