អាហ្រ្វិកខាងត្បូង៖ តោឈ្មោលធំមួយក្បាល នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វ ក្នុងទីក្រុង Harrismith ប្រទេសអាហ្រ្វិកខាងត្បូង ត្រូវគេថតបាន មិនព្រមដើរចូលក្នុងជំរុំ សុខចិត្តឈរពាំងផ្លូវមិនឲ្យគេធ្វើដំណើរឆ្លងកាត់ ប៉ុន្តែទាល់តែទៅថ្នាក់ថ្នម បំបោសអង្អែលទើបវាព្រមចូលជំរុំវិញ។

ទិដ្ឋភាពនេះមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលអភិរក្សសត្វ Glen Garriff។ អ្នកធ្វើការនៅទីនោះបានបញ្ជាក់ឲ្យដឹងថា សត្វតោឈ្មោលដ៏ធំមួយក្បាលនោះឈ្មោះ Smokey វាតែងតែស្តាប់បង្គាប់នៅរាល់ពេលដែលអនុរក្សដែលវាចូលចិត្ត មកស្ទាបអង្អែល ថ្នាក់ថ្នម ហើយបើពុំដូច្នោះទេ វាមិនព្រមទៅណាឡើយ។

បុគ្គលិកនៅមជ្ឈមណ្ឌលអភិរក្សសត្វម្នាក់ឈ្មោះ Suzanne Scott បាននិយាយថា «ពួកយើងមិនអាចដឹងថាសត្វតោ វាកំពុងគិតអ្វីនោះទេ។ នៅពេលល្ងាច ពួកយើងតែងតែបើកទ្វាជំរុំ ដើម្បីឲ្យ Smokey អាចដើរតាមផ្លូវបានដោយសេរី ប៉ុន្តែពួកយើងក៏បានគិតពីសុវត្ថិភាពដែរ»

នាងបានបន្តទៀតថា «ចំពោះពេលព្រឹកវិញ អនុរក្សដែលមើលថែសត្វម្នាក់ឈ្មោះ Mike តែងតែបណ្តើរ Smokey ចូលទៅក្នុងជំរុំវិញ ដើម្បីទុកផ្លូវឲ្យមានអ្នកដំណើរ និងយានយន្តឆ្លងកាត់»

ក្នុងនោះដែរមានតែលោក Mike ទេ ដែលវាចូលចិត្ត។  នាងបានបន្ថែមឲ្យដឹងថា «Smokey មិនដែលស្តាប់បង្គាប់នរណាទេ ហើយតែងតែឈរបង្អាក់ផ្លូវធ្វើដំណើរ ប៉ុន្តែនៅពេលដែល Mike បានមកឱបក្រសោប ថ្នាក់ថ្នមវិញនោះ វាក៏ស្តាប់ភ្លាម»

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអភិរក្សសត្វ Glen Garriff គឺប្រៀបបានដូចជាផ្ទះមួយ ដែលមានសត្វតោ សរុបចំនួន៨០ក្បាល និងសត្វផ្សេងៗទៀត ហើយទីកន្លែងនេះផងដែរ ក៏ជាកន្លែងពិសោធន៍ស្រាវជ្រាវអំពីពូជ និងពួកប្រភេទសត្វគ្រប់ប្រភេទផងដែរ៕  

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Dailymail

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖នារីរត់តុក្លាហាន! ហ៊ានចាប់ទាញកន្ទុយសត្វត្រកួតយក្ស ចេញពីក្នុងហាង ព្រោះស្មានថាជាកន្ទុយសត្វឆ្កែ

អូស្ត្រាលី៖ តៀមស្រាត្រូវបានក្លាយជាកន្លែងពេញនិយមសម្រាប់អ្នកដែលចូលចិត្តស្វែងរកនូវបរិយាកាសរីករាយ ដើម្បីជួបជុំជាមួយមិត្តភក្តិ និងគ្រួសារនាពេលទំនេរ។

ជាទូទៅតាមហាងស្រានីមួយៗ តែងតែហាមឃាត់ដាច់ខាតចំពោះ ភ្ញៀវដែលចង់យកសត្វចិញ្ចឹមចូលទៅក្នុងបរិវេណហាង ព្រោះសត្វចិញ្ចឹមជួនកាលអាចបំផ្លាញបរិយាកាសរីករាយនៅក្នុងហាងបាន ខណៈដែលភ្ញៀវកំពុងតែជជែកកម្សាន្តសប្បាយ ហើយមិនចង់លឺសម្លេងរំខានពីសត្វទាំងនោះ។

ជាក់ស្តែងហាងស្រាមួយឈ្មោះ Mimosa ដែលមានទីតាំងនៅក្នុងតំបន់ New South Wales ប្រទេសអូស្រា្តលី ក៏បានហាមឃាត់ភ្ញៀវលើការយកសត្វចិញ្ចឹមមកក្នុងបរិវេណហាងដូចគ្នា។ ស្របពេលដែលភ្ញៀវកំពុងជជែកកម្សាន្ត និងក្រេបរសជាតិស្រាយ៉ាងសប្បាយរីករាយ ស្រាប់តែនារីរត់តុម្នាក់ បានធ្វើឲ្យភ្ញៀវក្នុងហាងស្រែកឆោរឡោ រត់ឆ្លេរឆ្លា ខណៈដែលនារីរត់តុក្លាហានរូបនោះ បានចាប់ទាញកន្ទុយសត្វត្រកួតយក្សមួយចេញពីខាងក្នុងហាង និងអូសកាត់តុភ្ញៀវដែលកំពុងអង្គុយតែម្ដងដែលបណ្ដាលឲ្យភ្ញៀវខ្លះហក់ឡើងលើកៅអីថែមទៀតផង។

នារីក្លាហានរូបនោះ ឈ្មោះ Samia Lily អាយុ២៥ឆ្នាំ បានបម្រើការក្នុងហាងស្រាដូចសព្វមួយដង។ តែចៃដន្យក្នុងថ្វៃកើតហេតុ នាងបានប្រទះឃើញកន្ទុយសត្វម្យ៉ាងនៅក្រោមតុ។ ដោយស្មានថាជាកន្ទុយឆ្កែ នាងក៏ចាប់ទាញកន្ទុយសត្វនោះ អូសចេញមកក្រៅ ស្រាប់តែនាងបានលឺសម្លេងភ្ញៀវស្រែកទ្រហឹងពេញហាង ទើបនាងក្រលេកមើលទៅឃើញថានាងកំពុងអូសកន្ទុយត្រកួតយក្សមួយក្បាល។

ជាមួយនឹងអារម្មណ៍ភ្ញាក់ផ្អើលលាយតក់ស្លុត ចង់ស្រែកក៏ស្រែកមិនចេញ រូបនាងក៏មិនដឹងថាសម្រេចចិត្តយ៉ាងណាត្រូវនោះដែរ តែដោយសារតែតួនាទីនាងជាអ្នករត់តុ នាងក៏បន្តអូសសត្វនោះចេញពីហាងដើម្បីសុវត្ថិភាពភ្ញៀវ។

ក្រោយពេលនាងចាប់សត្វនោះចេញ ម្ចាស់ហាងក៏បានបង្ហោះឃ្លីបសកម្មភាពរបស់នាងនៅលើហ្វេសប៊ុក ដែលម្នាក់ៗបានសរសើរពីភាពក្លាហានរបស់នាង ខណៈដែលវីដេអូនេះមានអ្នកទស្សនាជាង ៤០០ ០០០ដង។

គួរបញ្ជាក់ផងដែរថា នារីរត់តុរូបនេះមានសញ្ជាតិដើមបារាំង ហើយបានផ្លាស់មកធ្វើការនៅប្រទេសអូស្ត្រាលី។ បន្ទាប់ពីឆ្លងកាត់រឿងនេះ ម្នាក់ៗបានកោតសរសើរពីភាពក្លាហានរបស់នាង រហូតមានអ្នកខ្លះបានបញ្ចេញយោបល់ថា ប្រទេសអូស្រ្តាលីគួរតែផ្ដល់សញ្ជាតិដល់នារីក្លាហាននេះជាការលើកទឹកចិត្តថែមទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]