(តាកែវ)៖ កម្មករ-កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «SolaModa» ស្ថិតនៅជិតទន្លេបាទី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ជាង២០​នាក់ បានទន់ដៃទន់ជើង និងខ្លះទៀតដួលសន្លប់ ដោយសារតែពួកគេភ័យនឹងហេតុការណ៍ ឆ្លងចរន្តអគ្គិសនី រហូតឆេះកម្ទេចកម្ទីនៅក្នុងរោងចក្រ បណ្តាលឲ្យមានការភ្ញាក់ផ្អើល ហើយនាំគ្នារត់ចេញមកក្រៅ ឡើងប្រសេចប្រសាច នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានប្រាប់ Fresh News ថា ដំបូងឡើយមានករណីឆ្លងចរន្តអគ្គិសនីបានកើតឡើង រហូតក្លាយជា អគ្គិភ័យឆេះកម្ទេចក្រណាត់ នៅក្បែរអគារកាត់ដេរ បណ្តាលឲ្យក្រុមកម្មករទាំងអស់មានការភ័យខ្លាច នាំគ្នារត់ចេញមកក្រៅ រហូតមានអ្នកសន្លប់តែម្តង ជាង២០នាក់។

បើតាមលោកអធិការ ជនរងគ្រោះជាង២០នាក់នេះ ត្រូវបានសមត្ថកិច្ចរបស់លោក ហៅឡានពេទ្យជួយដឹកយកទៅសង្គ្រោះអស់ហើយ ដោយឡែកករណីអគ្គិភ័យនោះ ក៏ត្រូវខាងរោងចក្រនាំគ្នាបាញ់ពន្លត់រួចហើយដែរ។

លោក ង៉ាន់ សារី បានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់មួយនេះមានកម្មករ-កម្មការិនីជាង៦០០នាក់៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ បុរសជនជាតិចិន បើករថយន្ត Mecerdes ស៊េរីទំនើប ដឹកនារីជនជាតិខ្មែរ បោះពួយបុករថយន្ត Ford Ranger ត្រង់ផ្លូវបែកជា៤ រថយន្តខូចខាតស្ទើរទាំងស្រុង 

(ភ្នំពេញ)៖ រថយន្ត Mecerdes ស៊េរទំនើប១គ្រឿង បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនារីខ្មែរម្នាក់ផងដែរ បានបើកទៅបុកជាមួយរថយន្ត Ford Ranger ១គ្រឿងទៀត ដែលបើកបរដោយបុរសម្នាក់ នៅត្រង់ផ្លូវបំបែកជាបួន បណ្តាលឲ្យរថយទាំង២គ្រឿង រងនូវការខូចខាតធ្ងន់ តែមិនបណ្តាលឲ្យអ្នកជិះ នៅក្នុងរថយន្តរងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង១២៖២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវ លេខ៣១៥ កែងនឹងផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

សាក្សីដែលបានឃើញហេតុការណ៍គ្រោះថ្នាក់នេះ បានឲ្យដឹងថា នៅមុនដំបូងគេឃើញរថយន្តម៉ាក Mecerdes ពណ៌ស ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2AQ-7572 បើកបរតាមបណ្តោយផ្លូវ៣១៥ ក្នុងល្បឿនលឿនទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ជាផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាក Ford Ranger មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AN-2852 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៥៦៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកឆ្លងផ្លូវតែឆ្លងបានតែពាក់កណ្តាលប៉ុណ្ណោះ ក៏ត្រូវរថយន្ត Mecerdes ដែលបើកយ៉ាងលឿននោះជ្រុល ទៅបុកចំហៀងខាងស្តាំពេញទំហឹង ហើយបណ្តាលឲ្យរថយន្ត Ford ជ្រុលក្បាលទៅបុកនឹងដើមម៉ៃសាក់១ដើម ដែលដុះនៅមុខភោជនីយដ្ឋាន សួគា៍ ទៅមុខលែងរួច។ ចំណែករថយន្ត Mecerdes វិញបានវិលមួយជុំដែរ តែមិនមានមនុស្សរងរបួសទេ គឺគ្រាន់តែខូចខាតរថយន្តទាំង២តែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុហើយ ម្ចាស់រថយន្តទាំងសងខាង បានទុករថយន្តចោល រួចចាក់ចេញពីកន្លែងកើតហេតុបាត់។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ ចុះមកវាស់វែង និងស្ទួចយកទៅទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនទៅដោះស្រាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]