ម៉ាឡេស៊ី៖ សារព័ត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា ស្ត្រីសង្ស័យជាជនជាតិវៀតណាម ពាក់ព័ន្ធករណីធ្វើឃាតបងប្រុសម្តាយផ្សេងគ្នា មេដឹកនាំកូរ៉េខាងជើង គឺធ្លាប់ជាអ្នកចម្រៀងដ៏ប៉ិនប្រសប់មួយរូប និងមានផេក Facebook សុទ្ធតែរូបភាពសិចស៊ី និងរូបថតនៃពិធីជប់លៀង។

ប្រភពព័ត៌មានបានឲ្យដឹងថា បួនថ្ងៃមុនពេលដែលលោក គីម ជុងណាំ ត្រូវបានគេសម្លាប់ នៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី នាងបានបង្ហោះរូបថតរបស់នាងពាក់អាវមានអក្សរកាត់ "LOL" ដែលស្រដៀងគ្នានឹងអាវជនសង្ស័យរត់គេចខ្លួន ដែលថតជាប់លើកាមេរ៉ាសុវត្ថិភាព។

គួរឲ្យដឹងថា ជនសង្ស័យ មានពាក់អាវអក្សរ "LOL" ដូចអាវក្នុងរូបថតជាច្រើននៅលើផេក Facebook របស់នាងផងដែរ។ 

ប្រភពព័ត៌មានបានបន្តថា តារាចម្រៀងរូបនេះមានឈ្មោះ Doan Thi Huong អាយុ ២៨ឆ្នាំ នាងបានបង្ហោះរូបថតចូលក្នុង បណ្តាញសង្គម Facebook ដែលមានឈ្មោះថា Ruby Ruby។ នេះបើតាមសម្តីក្មួយស្រីរបស់នាង គឺនាង Dinh Thi Quyen អាយុ ១៨ឆ្នាំ។

រូបថត Profile Facebook របស់នាង បានបង្ហាញ នាង Doan Thi Huong ស្លៀកពាក់ឈុតហែលទឹកសិចស៊ី ពណ៌ក្រហម នៅអាងហែលទឹកមួយ។ ហើយរូបថតជាច្រើនទៀតគឺជារូបបែប Selfies ថតនៅទីក្រុងភ្នំពេញ និងទីក្រុងគូឡាឡាំពួ គឺរយៈពេល២-៣ថ្ងៃ មុនពេលស្ត្រីពីរនាក់បានវាយប្រហារ លោកគីម ជុងណាំ នៅព្រលានយន្តហោះទីក្រុងគូឡាឡាំពួ ដោយប្រើថ្នាំពុលជូតលើមុខ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា គណនី Facebook របស់នាង ធ្វើការបង្ហោះ (Post) លើកដំបូង គឺនៅថ្ងៃទី ១៤ ខែធ្នូ ហើយ Post ចុងក្រោយបង្អស់គឺនៅថ្ងៃទី១១ ខែកុម្ភៈ ក្នុងតំបន់មួយដែលនៅក្បែរព្រលានយន្តហោះនោះ។ ការបង្ហោះមួយ ដែលមានអក្សរមួយឃ្លា ភ្ជាប់នឹងរូបថតរបស់នាងកំពុងដេកបិទភ្នែក និងសក់ពណ៌ទង់ដែកខ្លីប្រះស្មា បានសរសេរថា "ខ្ញុំចង់គេងឱ្យបានច្រើន តែគេងក្បែរអ្នក"។ ភាគច្រើននៃមិត្តភក្តិចំនួន ៦៥ នាក់លើគណនី Facebook របស់នាងគឺជាបុរស ហើយក៏មានជនជាតិកូរ៉េជាច្រើននាក់ផងដែរ។

នាង Doan Thi Huong ធ្លាប់ធ្វើការជាអ្នកចម្រៀងម្នាក់ នៅហាងកម្សាន្តមួយ។ នេះបើយោងតាមការឲ្យដឹងរបស់ប៉ូលិសម៉ាឡេស៊ី ដែលចាប់ខ្លួននាងជុំវិញករណីឃាតកម្មគីម ជុងណាំ។

បន្ថែមពីនេះទៀត នៅវាលស្រែមួយភាគខាងជើងប្រទេសវៀតណាម គ្រួសាររបស់នាង Doan Thi Huong ដែលព័ត៌មានលម្អិតទាក់ទងនឹងកូនស្រីនោះ គឺត្រូវគ្នានឹងព័ត៌មានពីប៉ូលិសម៉ាឡេស៊ី បាននិយាយថា ពួកគេកម្រដឹងថានាងទៅទីណាខ្លាំងណាស់ គឺចាប់តាំងពីនាងបានដើរចេញពីគ្រួសារកាលពីជាង១០ឆ្នាំមុន ក្នុងវ័យ ១៨ឆ្នាំ។

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងទៀតថា Post ចុងក្រោយនៅលើបណ្តាញសង្គម Facebook របស់គណនីឈ្មោះ "Ruby Ruby" ដែលសមាជិកគ្រួសារបញ្ជាក់ថា ពិតជាគណនីរបស់នាង Huong មែននោះ គឺចុះកាលបរិច្ឆេទថ្ងៃទី ១១ ខែកុម្ភៈ ពីតំបន់ Kampong Besut ប្រទេសម៉ាឡេស៊ី។

ប៉ូលិសម៉ាឡេស៊ីនិយាយថា នាង Huong និងស្ត្រីឥណ្ឌូនេស៊ីម្នាក់ទៀត បានយកសារធាតុរាវ ដែលផ្ទុកជាតិពុលមិនទាន់ស្គាល់ប្រភេទនៅឡើយ ទៅជូតលើមុខ លោក គីម ជុងណាំ ក្នុងអាកាសយានដ្ឋានក្រុងគូឡាឡាំពួ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ៕ 

ប្រភព៖ Bangkokpost

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ស្នេហ៍ស្មោះមិនប្រកាន់វ័យ! លង់ស្នេហ៍តាមទូរស័ព្ទ ពេលជួបផ្ទាល់ទើបដឹងថា ជាស្រ្តីចំណាស់អាយុ៨២ឆ្នាំ តែចុងក្រោយនៅតែរៀបការជាមួយគ្នា

នេះបានហៅថាស្នេហ៍ស្មោះ មិនប្រកាន់អាយុមែន! បុរសម្នាក់លង់ស្នេហ៍ តាមសម្លេងពេលនិយាយគ្នាតាមទូរស័ព្ទ ដោយមិនដឹងថាជានារីវ័យចំណាស់ តែនៅពេលទៅជួបផ្ទាល់ អារម្មណ៍មិនប្រែប្រួលផ្លាស់ប្តូរ ចុងក្រោយក៏សម្រេចចិត្តរៀបការជាមួយគ្នារស់នៅយ៉ាងមានសុភមង្គល។

ហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយខាងប្រុសឈ្មោះ Sofian Loho Dandel អាយុ២៨ឆ្នាំ រីឯខាងស្រីជាស្រ្តីចំណាស់អាយុ៨២ឆ្នាំ ឈ្មោះ Martha Potu បានសម្រេចចិត្តរៀបការជាមួយគ្នា បើទោះជាអាយុខុសគ្នា៥៤ឆ្នាំក្តី។

យោងតាមប្រភពបានបញ្ជាក់ថា មូលហេតុដែលអ្នកទាំង២ស្មោះស្ម័គ្ររៀបការបែបនេះ ដោយសារតែដំបូងឡើយខាងប្រុស បានទទួលទូរស័ព្ទហៅចូលច្រឡំលេខពីខាងស្រី ធ្វើឲ្យការសន្ទនាតាមទូរស័ព្ទក៏កើតមានឡើងជាប្រចាំ ចុងក្រោយ Dandel បុរសវ័យ២៨ឆ្នាំ ក៏បានលង់ស្នេហ៍នឹងសម្លេងតាមទូរស័ព្ទតែម្តង។

ក្រោយមក Dandel ដែលមានមុខរបរជាជាងជួសជុលឡាន ក៏សម្រេចចិត្តទៅជួបខាងស្រីផ្ទាល់ជាលើកដំបូង ប៉ុន្តែនៅពេលទៅដល់គេហដ្ឋានបានជួបខាងស្រីនោះ Dandel មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនារីដែលគាត់លង់ស្នេហ៍តាមទូរស័ព្ទនោះ ជាស្ត្រីមេម៉ាយចំណាស់មានអាយុ៨២ឆ្នាំ។

ខណៈនោះដែរ ក្រោយពីមានការភ្ញាក់ផ្អើលហើយនោះ Dandel ដែលមានអាយុក្មេងជាងខាងស្រី៥៤ឆ្នាំនេះ មិនបាននឹកស្មានថាអាយុរបស់នាង និងសម្លេងតាមទូរស័ព្ទខុសគ្នាឆ្ងាយដល់ម្លឹងនោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ Dandel ក៏មិនមានការផ្លាស់ប្តូរចិត្តអ្វីដែរ មិនតែប៉ុណ្ណោះថែមទាំងបានបង្ហាញអារម្មណ៍ស្រលាញ់ទៅកាន់នាងទៀតផង។

Dandel ផ្ទាល់បានអះអាងយ៉ាងដូច្នេះដែរថា «វាបានចាប់ផ្តើមឡើងនៅពេលនាងហៅចូលទូរស័ព្ទច្រឡំលេខមកកាន់ខ្ញុំ។ ខ្ញុំបានលង់ស្រលាញ់នាង ពីព្រោះតែពាក្យសម្តីស្វាគមន៍ និងការនិយាយស្តីសមរម្យ មួយវិញទៀតនាងចេះសួរនាំខ្វល់ខ្វាយ បើទោះជាយើងមិនដែលជួបមុខគ្នាក្តី» ។

លោកបានបន្តទៀតថា «ខ្ញុំមិនអាចរង់ចាំបាន ដោយសារតែពួកយើងយល់ព្រមមានទំនាក់ទំនងជាមួយគ្នា ដូច្នេះខ្ញុំក៏សម្រេចចិត្តទៅជួបនាងផ្ទាល់ ក្រោយមកក៏សម្រេចរៀបការតែម្តង» ។

គួរបញ្ជាក់ថា ដំបូងឡើយ ការសម្រេចចិត្តមួយនេះបានជួបប្រទះបញ្ហាជាច្រើន ដោយសារ Dandel ទទួលបានការបដិសេធពីឪពុកម្តាយរបស់ខ្លួន ហើយថែមទាំងមានអ្នកជិតខាងនិយាយពីនេះពីនោះទៀតផង។ ប៉ុន្តែយ៉ាងណាមិញ ដោយសារតែឥទ្ធិពលស្នេហ៍ និងការស្មោះស្ម័គ្រមានទំហំធំជាង ក៏បានធ្វើឲ្យពូកគេជំនះរាល់ឧបសគ្គដែលកើតមានឡើងទាំងអស់នេះ។

គួរំលឹកថា អ្នកទាំង២ បានរៀបការជាមួយគ្នា កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ ដោយបានរៀបចំកម្មវិធីមង្គលការទៅតាមប្រពៃណីត្រឹមត្រូវ។ មួយវិញទៀត គូស្នេហ៍មួយគូនេះ ក៏ទទួលបានការចាប់អារម្មណ៍ច្រើននៅក្នុងបណ្តាញសង្គមផងដែរ ដោយសារតែមានភ្ញៀវបានបង្ហោះរូបភាពមង្គលការរបស់ពួកគេចូលទៅក្នុងអិុនធើណេត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]