ចិន៖ កុមារីអាយុ៨ឆ្នាំមួយរូបព្យាយាមញ៉ាំអាហារជាច្រើន ដើម្បីឲ្យខ្លួនឡើងទម្ងន់ និងដើម្បីបំពេញតាមលក្ខខណ្ឌរបស់គ្រូពេទ្យ សម្រាប់ការបរិច្ចាគខួរឆ្អឹងទៅម្តាយរបស់នាងដែលកំពុងតែឈឺ។

កុមារី Xiao Huixuan ជនជាតិចិន ឡើងបាន៥គីឡូរួចមកហើយ ក្នុងរយៈពេលមិនដល់២ខែផង បន្ទាប់ពីនាងបានរកឃើញថា នាងអាចបរិច្ចាគខួរឆ្អឹងរបស់នាងទៅម្តាយរបស់នាងបាន។ ម្តាយរបស់កុមារីរូបនេះ ឈ្មោះ Ba Lili កើតជំងឺំមហារីកឈាម (ឈាមស ស៊ីឈាមក្រហម) តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។

បើយោងទៅតាមសារព័ត៌មាន China daily បានឲ្យដឹងថា នៅក្នុងចំណោមសាច់ញាតិរបស់អ្នកស្រី Ba ទាំងអស់ មានតែកូនស្រីរបស់អ្នកស្រីម្នាក់ប៉ុណ្ណោះ ដែលមានលទ្ធភាពអាចបរិច្ចាគខួរឆ្អឹងឲ្យអ្នកស្រីបាន។

ប៉ុន្តែក្មេងស្រីម្នាក់នេះ អាចបរិច្ចាគខួរឆ្អឹងទៅម្តាយបាន លុះត្រាតែនាងមានទម្ងន់ចាប់ពី ៣០គីឡួក្រាមឡើងទៅ។ រហូតមកដល់ពេលនេះ នាងព្យាយាមញ៉ាំរហូតឡើងដល់ ២៩គីឡួក្រាមហើយ។

រយៈពេល២ខែបន្ទាប់ពីការឡើងគីឡូ កុមារី Xiao ត្រូវបានគ្រូពេទ្យយកខួរឆ្អឹងទៅពិនិត្យមើល នៅឯមន្ទីរពេទ្យ Peking University People's Hospital នាទីក្រុងប៉េកាំង។

ដោយសារតែនាងមានអាយុតិចពេក ដូច្នេះនាងមិនអាចទទួលយកការចាក់បញ្ជូលថ្នាំស្ពឹកបានឡើយ។

គ្រូពេទ្យបាននិយាយថា លទ្ធផលនៃការពិនិត្យនឹងបានដឹងច្បាស់ក្នុងរយៈពេល១ ឬ២ សប្តាហ៍។ គ្រូពេទ្យបានបន្ថែមថា វាអាចទៅរួច ដែលកុមារីម្នាក់នេះនឹងមិនអាចបរិច្ចាគខួរឆ្អឹងទៅម្តាយរបស់នាងបាន បើសិនជាលទ្ធផលនៃការពិនិត្យនោះ បង្ហាញថា នាងមិនអាចបំពេញតាមអ្វីដែលយើងត្រួវការ។

គ្រូពេទ្យបានបន្ថែមទៀតថា “មិនខ្វល់ថា លទ្ធផលទៅជាយ៉ាងណានោះទេ ក្មេងស្រីម្នាក់នេះ ពិតជាក្លាហានក្នុងការជួយម្តាយរបស់នាងណាស់”

ក្មេងស្រី Xiao បាននិយាយថា ការយកខួរឆ្អឹងនោះពិតជាឈឺខ្លាំងណាស់ ប៉ុន្តែ “ខ្ញុំមិនយំទេ ព្រោះ ម៉ាក់របស់ខ្ញុំនឹងពិបាកចិត្ត បើសិនជាគាត់បានលឺខ្ញុំយំ”

ចំនែកឯអ្នកស្រី Ba វិញបាននិយាយថា “នៅពេលដែល Xiao ចេញពីបន្ទប់នោះ គេបែកញើសជោគខ្លួន ព្រោះតែគេទ្រាំនូវភាពឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយ នាងបានប្រាប់ខ្ញុំថា វាមិនឈឺទេ”

អ្នកស្រីបានបន្ថែមទៀតថា “ខ្ញុំបានប្រាប់នាង ឲ្យព្យាយាមគិតពីអ្វីដែលល្អៗនៅក្នុងជីវិត បើទោះបីជាមានអ្វីកើតឡើងមិនល្អចំពោះការវះកាត់របស់ខ្ញុំក៏ដោយ។ នាងបានអោបខ្ញុំ ហើយលើកទឹកចិត្តខ្ញុំឲ្យក្លាហានឡើង”

“នាងតែងតែនិយាយពាក្យមួយចំនូនមកកាន់ខ្ញុំ ដើម្បីកាត់បន្ថយភាពឈឺរបស់ខ្ញុំ។ នាងតែងតែនិយាយថា «ខ្ញុំស្រឡាញ់ម៉ាក់» ដើម្បីឲ្យខ្ញុំកាន់តែរឹងមាំ”

អ្នកស្រី Ba ក៏បាននិយាយទៀតដែរថា អ្នកស្រីត្រូវបានយកចិត្តទុកដាក់ និងមើលថែរក្សាមនុស្សល្អៗជាច្រើនដូចជា គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកក្រៅមួយចំនួនទៀតដែលបានជួយតាមរយៈការបរិច្ចាគលុយ។

កុមារី Xiao បាននិយាយជាចុងក្រោយថា  “ខ្ញុំនឹងស៊ូទ្រាំនូវភាពឈឺចាប់គ្រប់យ៉ាង ដើម្បីជួយសង្គ្រោះជីវិតម៉ាក់របស់ខ្ញុំ។ ខ្ញុំស្រឡាញ់ម៉ាក់ ហើយខ្ញុំត្រូវតែជួយគាត់”៕ 

ប្រភព៖ បរទេស

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ទីបំផុត លោកយាយវ័យ៨៩ឆ្នាំ ដាច់ចិត្តរៀបការជាមួយនឹង លោកតាអនាថាម្នាក់ ក្រោយពីជួបស្គាល់គ្នាអស់ជាង ៤០ឆ្នាំ

អង់គ្លេស៖ វាជារឿងដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើលមួយ ចំពោះគូស្នេហ៍វ័យចំណាស់មួយគូ ដែលទីបំផុតកូនក្រុមុំវ័យ៨០ផ្លាយ ដាច់ចិត្តរៀបការជាមួយគ្នានឹង លោកតាអនាថាគ្មានផ្ទះសំបែងម្នាក់ ក្រោយពីការស្គាល់គ្នាអស់រយៈពេល រាប់សិបឆ្នាំរួចមក។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោកយាយ Joan Neininger និងលោកតា Ken Selway ពួកគេទាំងពីរមានអាយុ៨៩ឆ្នាំដូចគ្នា ទីបំផុតបានសម្រេចចិត្តរៀបការជាមួយគ្នា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅចំពោះមុខគ្រួសារ និងមិត្តភក្តិជាច្រើន។

បើក្រឡេកទៅមើលពីអតីតកាលវិញ គូស្នេហ៍វ័យចំណាស់មួយគូខាងលើនេះ បានជួបគ្នាជាលើកដំបូង តាំងពីអំឡុងឆ្នាំ១៩៧៥មកម្ល៉េះ។ ខណៈនៅពេលដែលលោកយាយ Neininger បានប្រទះឃើញលោកតា Selway តាមមាត់បង្អួចហាងលក់សៀវភៅរបស់គាត់ ដោយគ្រានោះ លោកតា Selway គឺជាជនអនាថាម្នាក់ ដែលកំពុងតែដើររើសអេតចាយ នៅក្នុងធុងសម្រាមក្បែរហាងរបស់លោកយាយ Neininger

ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលមិននឹកស្មានដល់នោះ លោកយាយ Neininger ជាមនុស្សម្នាក់ដែលមិនចេះប្រកាន់ និងឲ្យតម្លៃដល់មនុស្សគ្រប់គ្នា ហើយថែមទាំងចេញមកខាងក្រៅ ជួបជាមួយនឹងលោកតា Selway ដើម្បីបង្កើតចំណងមិត្តភាពដ៏អស្ចារ្យ និងយូរអង្វែងមួយ ជាមួយគ្នាថែមទៀតផង។

រហូតមកដល់ត្រឹមឆ្នាំ២០១៦ ពួកគេទាំងពីរនាក់ ក៏បានផ្លាស់ទៅរស់នៅក្នុង មណ្ឌលថែទាំចាស់ជរាដូចគ្នា ដែលគ្រានោះហើយ លោកយាយ Neininger និងលោកតា Selway បានសម្រេចចិត្តរៀបការជាមួយគ្នាតែម្តង។

លោកយាយ Neininger បាននិយាយថា «វាគឺជាក្តីស្រលាញ់មួយសម្រាប់អ្នករាល់គ្នា ដែលបានអញ្ជើញមកចូលរួមថ្ងៃពិសេសរបស់ខ្ញុំ។ បើនិយាយទៅកាលនោះ នៅពេលដែលខ្ញុំបានឃើញគាត់ (លោកតា Selway) កំពុងតែកកាយសម្រាមក្នុងធុង នៅបរិវេនខាងក្រៅហាងលក់ត្រីនិងដំឡូងបំពង ក្បែរហាងលក់សៀវភៅរបស់ខ្ញុំ ក្នុងទីក្រុង Gloucester ធ្វើឲ្យខ្ញុំមានអារម្មណ៍មួយ ដែលមិនធ្លាប់នឹកគិតសោះថា ជីវិតវាទៅជាបែបនោះឡើយ»

លោកយាយ Neininger បន្តថា «...ទោះបីជាខ្ញុំដឹងថា គាត់រស់នៅតាមចិញ្ចើមផ្លូវក្តី ប៉ុន្តែខ្ញុំសម្លឹងឃើញថា Ken Selway គឺជាបុរសដែលមានទឹកចិត្តស្មោះត្រង់ និងថែមទាំងមានបេះដូងដ៏ស្រស់ស្អាតម្នាក់ផងដែរ»

គួរឲ្យដឹងដែរថា អាពាហ៍ពិពាហ៍គូស្នេហ៍ វ័យចំណាស់ខាងលើនេះ បានរៀបចំធ្វើឡើង នៅក្នុងបន្ទប់ការិយាល័យមួយ ក្នុងទីក្រុង Cinderford ។ តាមរយៈរូបភាពជាច្រើនសន្លឹក គេឃើញថា លោកយាយ Neininger និងស្វាមីរបស់គាត់ Ken Selway គឺពិតជាមានក្តីរីករាយជាខ្លាំង ក្នុងថ្ងៃពិសេសរបស់ពួកគេ ដោយមានការចូលរួមជាច្រើន ពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសារពួកគេផងដែរ ៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]